ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឃី សុភ័ណ ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​បែរ​ពី​«​កាហ្វេ​»​មក​ចាប់អារម្មណ៍​«​តែ​»
22, Sep 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដោយ​មើលឃើញ​ពី​ឱកាស ដែល​មិនសូវមាន​អ្នកធ្វើអាជីវកម្ម​ទៅលើ «​តែ​» ច្រើន​នៅឡើយ លោក ឃី សុភ័ណ បានសម្រេច​បង្កើត​ហាង​តែមួយ ដែល​អាច​ឲ្យ​ភ្ញៀវ​មក​ពិសា​តែ ជាមួយនឹង​វិធីសាស្ត្រ​ឆុងតែ ទៅតាម​របៀប​ត្រឹមត្រូវ​។ ទោះ​ទើប​ចាប់ផ្ដើម​រយៈពេល​ខ្លី​ក៏ពិតមែន តែ​បុរស​វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ រំពឹងថា រយៈពេល​២​ឆ្នាំក្រោយ​ការបើក​ហាង​តែ​របស់លោក ពលរដ្ឋ​ខ្មែរ នឹង​បែរ​ពី​ការនិយម​កាហ្វេ​ច្រើន មក​ចាប់អារម្មណ៍​តែ​វិញ​។ លោក​ជឿជាក់​បែបនេះ ព្រោះថា​តែ មានគុណ​ប្រយោជន៍​ច្រើនជាង​កាហ្វេ និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ដូច​កាហ្វេ​ឡើយ​។

 
 
​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ កញ្ញា ថា​ន រស្មី ដូចតទៅ​៖ 



 
​បើ​និយាយ​ពី​«​តែ​»​នៅពេល​បច្ចុប្បន្ន ប្រហែល​មិនសូវមាន​អ្នក​ចាប់អារម្មណ៍ ឬ​ដឹងថា​មាន​ហាង​តែ ដែល​អាច​ជួបជុំ​ពិភាក្សា ឬ​សម្រាក និង​ភ្លក់​រសជាតិ​«​តែ​»​ដូច​កាហ្វេ​ប្រ៊េ​នៗ​នៅពេល​បច្ចុប្បន្ន​ឡើយ​។ ពិតណាស់ ទោះ​មិនសូវ​ឃើញ​មានការ​ចាប់អារម្មណ៍​លើ​«​តែ​» ច្រើន ក៏​លោក ឃី សុភ័ណ សុខចិត្ត​បោះបង់​មុខតំណែង​ជានា​យក​ផ្នែក​ភាសា​ថៃ នៃ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ មក​បើកហាង​«​តែ​» ដែល​កម្រ​បានឃើញ​ក្នុងប្រទេស​កម្ពុជា​។​


 
​ដោយ​ក្ដី​ស្រលាញ់ និង​បាន​រៀន​យល់ដឹង​អំពី​គុណប្រយោជន៍​«​តែ​» ទើប​បុរស​វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ សម្រេច​បើកហាង​តែ​ដែលមាន​ឈ្មោះថា «​ជំរំ​តែ​» នៅក្នុង​ផ្ទះល្វែង​មួយ​ល្វែង​មួយ​។ ហាង​តែ​នេះ មាន​ភាពស្ងប់ស្ងាត់ ខុសពី​ហាង​កាហ្វេ ដែលមាន​សភាព​អ៊ូអរ​ច្រើន​។ 
 
​បើតាម​លោក លោក ឃី សុភ័ណ តែមាន​គុណប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព ដោយ​កាត់បន្ថយ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ធាត់ កាត់បន្ថយ​ស្ត្រេ​ស មាត់​ធ្មេញ និង​ជាពិសេស​ល្អ​សម្រាប់​ស្ត្រី​។ លោក ឃី សុភ័ណ​បញ្ជាក់​៖ «​តែ​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ល្អ​ជាង​កាហ្វេ និង​ធ្វើ​ឲ្យ​ខួរក្បាល​យើង​ស្រឡះ​។ សម្រាប់​កាហ្វេ​វិញ​មួយថ្ងៃ​មិន​ឲ្យ​ញ៉ាំ​លើសពី​១០០​មី​លី​លីត្រ​ទេ មានន័យថា មិន​ឲ្យ​លើសពី​២​ពែង ព្រោះ​ជាតិ​កាហ្វេ​អ៊ិន​របស់​កាហ្វេ​មាន​ច្រើន​។ ចំណែកឯ តែ​មិនសូវមាន​ជាតិ​កាហ្វេ​អ៊ិន​ទេ ហើយ​តែ​ខ្លះ​ក៏​មិនមាន​ជាតិ​កាហ្វេ​អ៊ី​ន​តែម្ដង​»​។​
 
​ក្រោយពី​បាន​ប្រាប់​ខ្លះៗ​ពី​គុណប្រយោជន៍​របស់​តែ ម្ចាស់​ហាង​តែ​រូបនេះ ក៏បាន​ណែនាំ​ពី​ដំណើរ​ការប្រមូល​ផល​តែ​ផងដែរ​។ តែ​ត្រូវបាន​ប្រមូល​ផល​យ៉ាង​យកចិត្តទុកដាក់​បំផុត ហើយ​តែ​ដែលមាន​គុណ      ភាពល្អ ជា​តែ​ដែល​បេះ​ចេញពី​បណ្ដូល និង​សន្លឹក​ទី​២ ទី​៣ ទី​៤ ស្ថិត​នៅជាប់​បណ្ដូល​តែ តែប៉ុណ្ណោះ​។ យ៉ាងណាមិញ ការប្រមូល​ផល​តែ​ដោយ​ដៃ​ផ្ទាល់ មានតម្លៃ និង​មាន​គុណភាព ជាង​ការយក​សម្ភារ​មក​កាត់ ហើយ​តម្លៃ​ក៏​ខុសគ្នា​ខ្លាំង​ផងដែរ​។ លោក ឃី សុភ័ណ​បញ្ជាក់​៖«​តែ​បៃតង​គេ​យក​ត្រួយ​សុទ្ធ ចឹ​ង​កាលណា​យើង​កាត់​វា​មិនល្អ​ពេល​ផលិត​ជា​តែ​ទៅ​វា​មិន​ស្អាត ព្រោះតែ​បៃតង​គេ​ចង់ទុក​វា​ឲ្យ​នៅ​ស្អាត​ពេលដែល​ឆុង​ទៅ​ដូច​បេះ​ពី​ដើម​ស្រស់​។ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុ​ភាព​រស់ជាតិ​ផងដែរ​។ នៅ​ប្រទេស​ជប៉ុន​តែ​ដែល​កាត់​ដោយ​ម៉ាស៊ីន​មួយកញ្ចប់​តម្លៃ​ត្រឹមតែ​៣​ដុល្លារ​អី​តែប៉ុណ្ណោះ តែបើ​តែ​ដែល​បេះ​ដោយ​ដៃ​ផ្ចិតផ្ចង់​មួយកញ្ចប់​តែ​ដូចគ្នា​តម្លៃ​អាច​ពី​១០០​ដុល្លារ ទៅ​៣០០​ដុល្លារ​ឯណោះ​។​
 
​ដោយ​មើលឃើញ​ពី​គុណប្រយោជន៍ និង​មានបទពិសោធន៍​ច្រើន​ពី​«​តែ​»​ដូច្នេះហើយ ទើប លោក ឃី សុភ័ណ សម្រេចចិត្ត​បើកហាង​តែ​នេះ​ឡើង​។ នៅក្នុង​ហាង​តែ​ដែលមាន​សភាព​ស្ងប់ស្ងាត់ និយាយ​បណ្ដើរ​ចាក់​ទឹកតែ​ចូល​កូន​ពែង​តូចៗ ដើម្បី​ទទួលភ្ញៀវ​បណ្ដើរ បុរស​សម្បុរ​ស្រអែម​រូបនេះ ជឿជាក់ថា យ៉ាងយូរ​ត្រឹម​រយៈពេល​១​ឆ្នាំកន្លះ លោក​នឹងធ្វើ​ឲ្យ​ហាង​តែ​របស់ខ្លួន ត្រូវបាន​ទទួលស្គាល់​ពី​សំណាក់​អ្នក​និយម​ពិសា​តែ​។ លោក ឃី សុភ័ណ​បញ្ជាក់​៖«​តែ​ជា​ចំណូលចិត្ត​របស់ខ្ញុំ ទើប​ខ្ញុំ​ចង់​ធ្វើ​អាជីវកម្ម​លើ​តែ​នេះ​ម្ដង​ទៅ​។ ខ្ញុំ​គិតថា​អាចទៅរួច ព្រោះ​ការនិយម គឺ​អាស្រ័យ​លើ​ការពន្យល់​អំពី​គុណភាព​របស់​វា​។ យ៉ាងយូរ​ខ្ញុំ​ប្រើ​រយៈពេល​១​ឆ្នាំកន្លះ ខ្ញុំ​នឹង​អាចធ្វើ​ឲ្យ​តែ មានការ​ចាប់អារម្មណ៍​បាន​ច្រើន​។ ដូច្នេះ​ខ្ញុំ​ប្រើ​វិធីសាស្ត្រ​ព្រៃ​ព័ន្ធ​ក្រុង ដោយ​ប្រើ​បណ្ដាញ​សង្គម និង​ការផ្សព្វផ្សាយ​បន្ត​ពី​អតិថិជន​»​។​


 
​ដោយ​ចាប់ផ្ដើម​បន្តិច​ម្ដងៗ បច្ចុប្បន្ន​ហាង​តែ​របស់លោក ឃី សុភ័ណ បាន​មាន​ទាំង​សេវា​ឆុងតែ​នៅ​កន្លែង​សម្រាប់​អតិថិជន និង​មាន​លក់​តែ​ជាច្រើន​ប្រភេទ ដូចជា​តែ​អ៊ូ​ឡុង​៤​រដូវ តែ​ភូ​អ៊ និង​តែ​បៃតង​ជាដើម​។ ទោះ​ទើប​ចាប់ផ្ដើម​អាជីវកម្ម​ក្ដី តែ​លោក​នៅតែ​បន្ត​ជឿជាក់ថា​គុណប្រយោជន៍​របស់​តែ នឹង​អាច​នាំ​ឲ្យ​អាជីវកម្ម​តែ​នេះ ទទួលបាន​ជោគជ័យ​។ ហើយ​លោក ឃី សុភ័ណ​ជឿជាក់ថា នៅ​រយៈពេល​១​ឆ្នាំ​ខាងមុខ ហាង​ជំរំ​តែ នឹង​អាច​ពង្រីក​សាខា​ថ្មី​មួយទៀត​បាន​។​
 
​ជាការ​ពិតណាស់ តែ​ក្រៅពី​មានគុណ​ប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព  កាក​តែ​ក៏មាន​ផលប្រយោជន៍​សម្រាប់​សម្រស់​ដែរ​។ ដោយ​គេ​អាច​ច្នៃ​តែ​ធ្វើជា​ម៉ាស​បិទមុខ ដើម្បី​កាត់បន្ថយ​ភាព​ជ្រីវជ្រួញ និង​ស្នាម​អុជ​ខ្មៅ​។ ជាពិសេស​សម្រាប់​អ្នកមាន​បញ្ហា​ស្លក់​ក្រោម​ភ្នែក ដោយ​ការយក​កាក​តែ មក​បិទ​ថ្នមៗ​ពិតជា​អាចជួយ​កាត់បន្ថយ​អាការ​នេះ​បាន​៕ 
 

Tag:
 អាជីវកម្ម​ថ្មី​
 ​តែ​
 ​កាហ្វេ​
© រក្សាសិទ្ធិដោយ thmeythmey.com