កីឡាជាតិ
ជាតិ
រយៈពេល១៨ឆ្នាំ អត្តពលិកជនពិការដណ្តើមបានមេដាយចំនួន១៥៩ពីកម្រិតអន្តរជាតិ
× បើតាមរបាយការណ៍ ដែលផ្តល់ដោយលោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា អត្តពលិកពិការកម្ពុជាដណ្តើមបានមេដាយសរុបចំនួន១៥៩គ្រឿង បើគិតពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០១៧។ មេដាយទាំងនេះ ដណ្តើមបានពីការប្រកួតកម្រិតអាស៊ាន អាស៊ី និងពិភពលោក។
មេដាយទាំង១៥៩គ្រឿងខាងលើមានមេដាយមាស២២ ប្រាក់៧៨ និងសំរឹទ្ធ៥៩ ដោយមេដាយទាំងនេះទទួលបានពីការចូលរួមប្រកួតចំនួន១៥លើករបស់អត្តពលិក។ នាការប្រកួត FESPIC Games នៅប្រទេសថៃ ឆ្នាំ១៩៩៩ ដែលជាការចូលរួមលើកដំបូងក្រោយរបបប្រល័យពូជសាសន៍ អត្តពលិកកម្ពុជាដណ្តើមមេដាយប្រាក់៣ និងសំរឹទ្ធ២។ នៅឆ្នាំ១៩៩៩នោះដែរ កម្ពុជាទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ១បន្ថែម ពីការប្រកួតជើងឯកម៉ារ៉ាតុនរទេះនៅប្រទេសអូស្ត្រាលី។
លោក យី វាសនា (អាវក្រហម)ទទួលថវិកាពីសម្តេច ហ៊ុន សែន មុនចេញទៅចូលរួម ASEAN Para Games កាលពីពេលកន្លងទៅ
បន្ទាប់មកនៅឆ្នាំ២០០១ ក្នុងព្រឹត្តិការណ៍កីឡាជនពិការជាតិម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ២។ ឆ្នាំ២០០២ក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ានលើកទី១(AEAN Para Games) នៅម៉ាឡេស៊ី កម្ពុជាឈ្នះមេដាយមាស៦ ប្រាក់៥ និងសំរឹទ្ធ២ មុនឈ្នះមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ១ពី FESPIC Games នៅប្រទេសកូរ៉េខាងត្បូងឆ្នាំ២០០២។
នាការប្រកួតកីឡាជនពិការអាស៊ានលើកទី២នៅប្រទេសវៀតណាមឆ្នាំ២០០៣ កម្ពុជាដណ្តើមបានមេដាយមាស២ ប្រាក់៥ និងសំរឹទ្ធ៣។ ក្នុងព្រឹត្តិការណ៍ដដែលនៅប្រទេសហ្វីលីពីនឆ្នាំ២០០៥ កម្ពុជាហាក់មានការធ្លាក់ចុះ ដោយបានមេដាយប្រាក់៥ និងសំរឹទ្ធ១។ ព្រឹត្តិការណ៍កីឡាជនពិការអាស៊ានឆ្នាំ២០០៨នៅថៃ កម្ពុជាដណ្តើមបានមេដាយប្រាក់តែ៤ប៉ុណ្ណោះ មុនឈ្នះមេដាយមាស១ ប្រាក់៩ និងសំរឹទ្ធ៥ ពីព្រឹត្តិការណ៍ដដែលឆ្នាំ២០០៩ នៅម៉ាឡេស៊ី។
នៅឆ្នាំ២០១១ កម្ពុជាដណ្តើមបានមេដាយមាស២ ប្រាក់៧ និងសំរឹទ្ធ១២ ពីការប្រកួតកីឡាជនពិកាអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី មុនឈ្នះមេដាយមាស៤ ប្រាក់១១ និងសំរឹទ្ធ១៧ ក្នុងព្រឹត្តិការណ៍ដដែលឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងព្រឹត្តិការណ៍ដូចគ្នានេះនៅប្រទេសសិង្ហបុរីឆ្នាំ២០១៥ កម្ពុជាដណ្តើមបានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ៧។
ការប្រកួតកីឡាអូឡាំពិករដូវរងារនៅប្រទេសកូរ៉េខាងត្បូងឆ្នាំ២០១៧ កម្ពុជាដណ្តើមបានមេដាយប្រាក់១។ នៅឆ្នាំ២០១៧នេះដែរកម្ពុជាឈ្នះមេដាយមាស១ និងសំរឹទ្ធ១ ពីការប្រកួតកីឡាយុវជនជនពិការរដូវក្តៅនៅប្រទេសកូរ៉េខាងត្បូង។ នាការប្រកួតកីឡាជនពិការអាស៊ានលើកទី៩នៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ កន្លងទៅ កម្ពុជាដណ្តើមបានមេដាយប្រាក់២១ និងសំរឹទ្ធ៥៕
Tag:
យី វាសនា
អត្តពលិកពិការ
© រក្សាសិទ្ធិដោយ thmeythmey.com