ជាតិ
សេដ្ឋកិច្ច
ឥណ្ឌូណេស៊ី នឹង​រៀបចំ​តាំងពិព័រណ៍​៣​ថ្ងៃ នៅ​កម្ពុជា​
23, Sep 2018 , 9:59 am        
រូបភាព
​ភ្នំពេញ​៖​ឥណ្ឌូណេស៊ី នឹង​រៀបចំ​តាំងពិព័រណ៍​៣​ថ្ងៃ នៅ​កម្ពុជា ក្រោម​ប្រធានបទ «​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ធុរកិច្ច​»​។​ក្រុមហ៊ុន​ចំនួន ៤៥ និង​សាកលវិទ្យាល័យ​ល្បីៗ​១៤ មកពី​ប្រទេស​ឥណ្ឌូណេស៊ី នឹងចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ទេសចរណ៍​ឥណ្ឌូណេស៊ី ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ចាប់ពី​ថ្ងៃទី​២៨ ដល់​៣០ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ​។​


 
​នៅក្នុង​ពិព័រណ៍​ដែលមាន​រយៈពេល​៣​ថ្ងៃនេះ  ក្រុមហ៊ុន​ទាំង​៤៥ នឹងដាក់​តាំង​បង្ហាញ​ផលិតផល រួមជាមួយ​សេវាកម្ម​ផ្សេងៗ​មានដូចជា សិប្បកម្ម សម្លៀកបំពាក់​បា​ទិ​ក ម្ហូបអាហារ ភេសជ្ជៈ ការអប់រំ ទេសចរណ៍ និង​ទំនិញ​ផ្សេងៗ​។ ការតាំងពិព័រណ៍​នេះ​ក៏មាន​ការប្រគំ​តន្ត្រី ដល់​ប្រជាជន​កម្ពុជា​ទស្សនា​ផងដែរ​។ ក្រៅពីនេះ​ក៏មាន​តំណាង​មកពី​សាកលវិទ្យាល័យ​ចំនួន​១៤ ធ្វើ​បទ​បង្ហាញ​ពី​កម្មវិធីសិក្សា ព័ត៌មាន​អាហារូបករណ៍ និង​ពិគ្រោះ​យោបល់​ដល់​សិស្ស​-​និស្សិត ដែលមាន​បំណង​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ផងដែរ​។​
 
​អ្នកស្រី Avi Dewani Sari Harahap លេខា​ទី​១​នៃ​ការិយាល័យ​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា​បានលើកឡើង​ថា ពិព័រណ៍​ពាណិជ្ជ​កម្មនេះ មិន​ត្រឹមតែ​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ល្អប្រសើរ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ឱកាស​ជំនួប​រវាង​សហគ្រិន​កម្ពុជា និង​ឥណ្ឌូណេស៊ី ក្នុង​ការធ្វើ​កិច្ច​សហប្រតិបត្តិការ​ទៀតផង​។ អ្នកស្រី​ថ្លែង​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៩ ខែកញ្ញា នៅ​ស្ថានទូត​ឥណ្ឌូណេស៊ី​។​
 
​បើតាម​លោកស្រី Avi Dewani Sari Harahap ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ចំនួន​៥០០​លាន​ដុល្លារ ខណៈ​កម្ពុជា​វិនិយោគ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ទំហំ​ទឹកប្រាក់​ចំនួន​២៨​លាន​ដុល្លារ​។ ភាពខុសគ្នា​នេះ ត្រូវបាន​លេខា​ទី​១ ខាងលើ​បញ្ជាក់ថា រដ្ឋាភិបាល​ទាំង​២​កំពុង​ខិតខំ​ជំរុញ​ឲ្យ​មានការ​កើនឡើង​។​
 
​លេខា​ទី​១​នៃ​ការិយាល័យ​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​ដូច្នេះ​ថា​៖« ភាពខុសគ្នា​ឆ្ងាយ ដូច្នេះ​បានជា​រាជរដ្ឋាភិបាល​ទាំងពីរ​កំពុង​ជួយ​ជំរុញ​ឲ្យ​មាន​ភាពស្មើគ្នា ឬ​ខុសគ្នា​បន្តិច​ប​ន្ទួ​ច នេះ​វា​នៅ​ឆ្ងាយ​ពេក អ៊ីចឹង​នៅក្នុង​ការតាំងពិព័រណ៍​នឹង​ជំរុញ​ឲ្យ​មាន​កំណើន​ទំនាក់ទំនង​ល្អ ជាពិសេស​បង្ហាញ​ពាណិជ្ជករ​កម្ពុជា​អាច​បង្ហាញ ឬ​ណែនាំ​ដល់​ពាណិជ្ជករ​ឥណ្ឌូណេស៊ី​ពី​ផលិតផល​កម្ពុជា យើង​មាន​ផលិតផល​អ្វី ដែល​អាច​នាំ​ចូលទៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​។ 
 
​ប្រទេស​ឥណ្ឌូណេស៊ី​បានរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍​ចំនួន​១២​លើក​ហើយ នៅក្នុង​ប្រទេស​កម្ពុជា ពោលគឺ​ការតាំងពិព័រណ៍​នេះ បាន​ធ្វើឡើង​ចាប់ពី​តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ​៕
 

Tag:
 កម្ពុជា​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com