កីឡាជាតិ
ជាតិ
លីគ៖ ណាហ្គាវើលប៉ះវិសាខា បឹងកេតជួបអង្គរថាយហ្គឺរ ភ្នំពេញក្រោនស្វាគមន៍វេស្ទើន ជំនួបរវាងក្រុមសូលទីឡូអង្គរជាមួយអគ្គិសនីកម្ពុជាកាលពីថ្ងៃសៅរ៍
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌខេមបូឌានលីគឆ្នាំ២០១៨ បានឈានដល់សប្តាហ៍ទី២១ ដោយនៅថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមណាហ្គាវើលត្រូវប្រជែងជាមួយវិសាខា រីឯបឹងកេតប៉ះអង្គរថាយហ្គឺរ និងភ្នំពេញក្រោនស្វាគមន៍វេស្ទើនភ្នំពេញ។
កីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) នឹងក្លាយជាទីលានកាត់សេចក្តីជំនួបរវាងណាហ្គាវើលជាមួយវិសាខានៅម៉ោង៦ល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ នេះជាជំនួបដ៏សំខាន់មួយ ព្រោះក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះ ដើម្បីបង្កើនឱកាសប្រជែងដណ្តើមជើងឯកនៅឆ្នាំនេះ។ ណាហ្គាវើលកំពុងស្ថិតនៅកំពូលតារាងមាន៥០ពិន្ទុ និងវិសាខាស្ថិតនៅលេខ៣មាន៤៥ពិន្ទុ។
ក្នុងករណីណាហ្គាវើលឈ្នះ នោះវិសាខានឹងអស់ឱកាសក្នុងការប្រជែងដណ្តើមជើងឯក ហើយណាហ្គាវើលជាក្រុមមានភាគរយខ្ពស់ក្នុងការគ្រងជើងឯកនៅឆ្នាំនេះ។ ប៉ុន្តែបើវិសាខាឈ្នះ ក្រុមនេះនៅតែមានឱកាសប្រជែងដណ្តើមជើងឯក និងធ្វើឲ្យតំណែងនេះមានការប្រកួតប្រជែងកាន់តែខ្លាំងថែមទៀត។ តែយ៉ាងណា វាមិនងាយស្រួលយកឈ្នះសម្រាប់ណាហ្គាវើលឡើយ ព្រោះវិសាខាជាក្រុមចំណូលថ្មី ដែលកំពុងឡើងជើង ខណៈកាលជើងទី១ក្រុមនេះបានយកឈ្នះណាហ្គាវើលក្នុងលទ្ធផល ៣-០។
យ៉ាងណាមិញ ក្រុមទាំងពីរខាងលើ ត្រូវរង់ចាំអ៊ុតលទ្ធផលរវាងក្រុមបឹងកេតជាមួយអង្គរថាយហ្គឺរ ដែលធ្វើឡើងនៅកីឡដ្ឋានខេត្តសៀមរាបម៉ោង៣:៣០នាទីរសៀល។ បើបឹងកេតឈ្នះអង្គរថាយហ្គឺរ នឹងជួយឲ្យក្រុមឈរលេខ២មាន៤៨ពិន្ទុក្នុងដៃមួយនេះឡើងឈរកំពូលតារាងបណ្តោះអាសន្ន ហើយវានឹងធ្វើឲ្យជំនួបរវាងណាហ្គាវើលជាមួយវិសាខាកាន់តែស្វិតស្វាញខ្លាំងផងដែរ។
ប៉ុន្តែបើបឹងកេតចាញ់ ឬស្មើនៅថ្ងៃនេះ ហើយណាហ្គាវើលឈ្នះវិសាខាវិញនោះ ទាំងបឹងកេតនិងវិសាខាត្រូវអស់ឱកាសប្រជែងដណ្តើមជើងឯក។ ចំណែកណាហ្គាវើល នឹងក្លាយជាម្ចាស់ជើងឯក ទោះបីក្រុមទាំងនេះនៅសល់ម្នាក់មួយប្រកួតទៀតក៏ដោយ។ តែយ៉ាងណា បឹងកេតទំនងជាមិនធ្វេសប្រហែសឲ្យចាញ់ក្រុមស្ថិតនៅលេខ៧អង្គរថាយហ្គឺរនោះឡើយ ខណៈជើងទី១ក្រុមនេះបានយកឈ្នះអង្គរថាយហ្គឺរក្នុងលទ្ធផល ៤-០។
ក្រៅពីជំនួបដ៏ជក់ចិត្តទាំងពីរខាងលើ នៅម៉ោង៦ល្ងាចថ្ងៃអាទិត្យនេះដែរ ក្រុមភ្នំពេញក្រោនត្រូវបើកទ្វារកីឡដ្ឋាន RSN ស្វាគមន៍ភ្ញៀវវេស្ទើនភ្នំពេញ ដែលជាក្រុមត្រូវកាត់ចេញពីក្របខណ្ឌនៅឆ្នាំនេះ។ កាលជួបគ្នាជើងទី១ ក្រុមស្ថិតនៅលេខ៦មាន៣០ពិន្ទុភ្នំពេញក្រោនយកឈ្នះក្រុមបាតតារាងមាន១ពិន្ទុវេស្ទើនភ្នំពេញក្នុងលទ្ធផល ១-០។
សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ក្រុមព្រះខ័នរាជស្វាយរៀងសងសឹកក្រសួងការពារជាតិ ដែលបានយកឈ្នះខ្លួន ២-១ ក្នុងជើងទី១បានសម្រេចជាមួយជ័យជម្នះយ៉ាងប្រផិតប្រផើយ ១-០ នាការប្រកួតនៅកីឡដ្ឋានស្តាតចាស់។ ជ័យជម្នះនេះជ័យស្វាយរៀងឡើងទៅឈរលេខ៥បណ្តោះអាសន្ន។ នៅពហុកីឡដ្ឋានជាតិអាស៊ីអឺរ៉ុបបានវាយបកតាមស្មើ ២-២ ជាមួយអគ្គស្នងការនគរបាលជាតិ។ ចំណែកសូលទីឡូអង្គរបានយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៤-០៕
Tag:
Cambodian League 2018
ណាហ្គាវើល
វិសាខា
បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com