ជាតិ
ឃ្លាំង​ទុក​វត្ថុ​បុរាណ​ដ៏​ធំ​នៅ​សៀមរាប បើក​ឱ្យ​សាធារណជន​ចូល​ទស្សនា​មួយថ្ងៃ នៅ​ចុងខែ​កញ្ញា​
24, Sep 2018 , 8:59 am        
រូបភាព
សៀមរាប​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តាមរយៈ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ ហៅ​កាត់​ថា អភិរក្ស​ដ្ឋា​ន​អង្គរ ដែលមាន​ទីតាំង​ស្ថិតនៅ​ខេត្តសៀមរាប បាន​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ អំពី​ការបើក​ឱ្យមាន​ការចូល​ទស្សនា​ឃ្លាំង​ស្ដុក​វត្ថុ​បុរាណ​ដ៏​ធំ​មួយ​នេះ​។ អភិរក្ស​ដ្ឋា​ន​អង្គរ ត្រូវគេ​ស្គាល់​ថា ជា​កន្លែង​ទុក​វត្ថុ​បុរាណ​ដ៏​ធំ​មួយកន្លែង ដែល​ត្រូវបាន​ប្រមូល​រក្សាទុក​នៅពេល​ប្រទេស​មាន​សង្គ្រាម​។​

 
​អ្នក​ខេត្តសៀមរាប​មួយចំនួន​ច្បាស់​ជា​ស្គាល់​អភិរក្ស​ដ្ឋា​ន​អង្គរ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​មាត់​ស្ទឹង​សៀមរាប ឬ​នៅមុខ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ (​វត្ត​លើ​)​។ ទីតាំង​នេះ ចាត់ទុកជា​កន្លែង​ដ៏​ស្ងប់ស្ងាត់​មួយកន្លែង​នាពេល​កន្លងមក ព្រោះ​មិនសូវមាន​អ្នកណា​ចូលទៅក្នុង​នោះឡើយ លើកលែងតែ​បុគ្គលិក ឬ​គណៈប្រតិភូ​តែប៉ុណ្ណោះ​។ ដោយសារ​ជា​កន្លែង​ទុក​វត្ថុ​បុរាណ និង​បារម្ភ​ពី​សុវត្ថិភាព​ផង​នោះ ទីតាំង​នេះ​ត្រូវបាន​គេ​យាមកាម​ដ៏​តឹងរឹង​បំផុត​។​
 
​ដើម្បី​អបអរ​ថ្ងៃ​ប្រារព្ធ​ខួប​បេតិកភណ្ឌ​អឺរ៉ុប ថ្ងៃទី​២៩ ខែកញ្ញា អ​ភ​រិ​ក្ស​ដ្ឋា​ន​អង្គរ នឹង​អនុញ្ញាតឱ្យ​សាធារណជន​ទាំងអស់ ចូល​ទស្សនា​ឃ្លាំង​រក្សាទុក​វត្ថុ​សិល្បៈ​នេះ​ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៤​រសៀល​។ តាមរយៈ​សេចក្តីជូនដំណឹង​របស់​អភិរក្ស​ដ្ឋា​ន​អង្គរ ពិធី​នេះ​ធ្វើឡើង​ដើម្បី​ជាការ​យល់ដឹង ក៏ដូចជា​ស្វែងយល់​អំពី​បេតិកភណ្ឌ​ជាតិ និង​ការងារ​របស់​រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត​គ្រប់លំដាប់​ថ្នាក់ និង​សមត្ថកិច្ច ដែល​បាន​ខំ​ប្រមូល ការពារ និង​ថែរក្សា​សុវត្ថិភាព​វត្ថុ​សិល្បៈ​ក្នុង​ឃ្លាំង​អភិរក្ស​ដ្ឋា​ន​អង្គរ រហូតមកដល់​សព្វថ្ងៃ​នេះ​៕
 

Tag:
 ​អភិរក្ស​ដ្ឋា​ន​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com