ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តន្ត្រីបុរាណ​២​ក្រុម​បង្កើត​ស្នាដៃ​ទំនុកភ្លេង​ថ្មី បង្ហាញ​ពី​ឧត្ដមភាព​របស់ខ្លួន​
23, Sep 2018 , 7:19 pm        
រូបភាព
​សៀមរាប​៖ “​មេធា​” គឺជា​ក្រុម​ស្គរ​នារី​ដំបូង​គេ​នៅ​កម្ពុជា ដែលមាន​សមាជិក​សុទ្ធតែជា​នារី​។  ចំណែក​ក្រុម “​យ​សោ​” គឺជា​ក្រុម​មួយ​ប្រមូលផ្ដុំ​ឧបករណ៍​បុរាណ​ខ្មែរ​ប្រមាណ​ជិត​២០​ប្រភេទ​ដើម្បី​បង្កើត​ទំនុកភ្លេង​ថ្មី​។ ក្រុម​ទាំង​ពីនេះ បង្កើតឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ឧត្តមភាព​របស់ខ្លួន សាធារណជន​។​


 
​ដើម្បី​បាន​ជ្រាប​ច្បាស់ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖

**audio2**


 
​វា​ហាក់ដូចជា​ប្លែក​ជាង​សព្វដង ដែល​ក្នុង​កម្មវិធី​តន្ត្រី ឬ​សិល្បៈ​បុរាណ មិនសូវមាន​អ្នកចូលរួម  តែ​ការសម្ដែង​តន្ត្រី​ស្នាដៃ​បង្កើត​ថ្មី​នេះ បែរជា​មាន​អ្នក​ចូល​ទស្សនា​ច្រើន រហូត​ស្ទើរ​រក​កន្លែង​អង្គុយ​គ្មាន​។ ការសម្ដែង​នេះ ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ នា​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៦​ខែកញ្ញា ២០១៨​កន្លងទៅ​។​
 
​អាច​និយាយបានថា ជា​ក្រុម​ស្គរ​នារី​ដំបូង​គេ​នៅ​កម្ពុជា​។ រហូតមកដល់​បច្ចុប្បន្ន​នេះ ក៏​គេ​នៅ​មិនទាន់​រកឃើញ​ឯកសារ​ស្រាវជ្រាវ​ណាមួយ ដែល​បញ្ជាក់ថា កម្ពុជា​ធ្លាប់មាន​ក្រុម​ស្គរ​នារី ឬ នារី​លេង​ស្គរ​ដែរ​។ ក្រុម​នេះ​បង្កើតឡើង​ដើម្បី​ជា​ចំណែក​មួយ ជំរុញ​ទឹកចិត្ត​ស្ត្រី​គ្រប់រូប ឱ្យមាន​ទំនុកចិត្ត​លើ​ខ្លួនឯង ហ៊ាន​ធ្វើ​អ្វីដែល​ខ្លួន​ប៉ង​។ 

​ក្រោយពី​បញ្ចប់​ការសម្ដែង សមាជិក​ក្រុម​"​មេធា​" បាន​ជជែក​គ្នា​ពី​បញ្ហា​របស់ខ្លួន​ក្នុងពេល​សម្ដែង​និង​ហាត់​សម​។ គ្រប់គ្នា​សុទ្ធតែ​ជួប​បញ្ហា អ្នកខ្លះ​ត្រូវ​ហើម​ដៃ ខ្លះ​ក្រិន​ដៃ ហើយ​ខ្លះទៀត​ឈានដល់​ការ​សន្លប់​ផង ក្នុងពេល​ហ្វឹកហាត់​វាយ​ស្គរ​។ ប្រធាន​ក្រុម​ស្គរ​នារី អ្នកនាង ម៉ែន ម៉ៅ ដែល​ដៃ​មាន​សភាព​ក្រហម និង​ក្រិន​ដោយ​អន្លើ​ផង​នោះ បញ្ជាក់ថា ទោះជា​មានការ​លំបាក​យ៉ាងណា ក៏​នាង​ព្រមទាំង​ក្រុម​ទាំងមូល នៅតែ​តស៊ូ លេង​ស្គរ​បន្តទៀត​។​

  
 
​តស៊ូ​មិន​ព្រម​បោះបង់ ព្រោះនេះ​ជា​ចំណែក​មួយ ជំរុញ​ទឹកចិត្ត​ស្ត្រី​គ្រប់រូប​ឱ្យ​ហ៊ាន​ជម្នះ​ភាពលំបាក ដើម្បី​សម្រេច​បំណងប្រាថ្នា​។ ក្នុងពេល​សម្ដែង​ត្រូវ​ជ្រុះ​អន្លូង​ដល់​ទៅ​ពីរដង ដោយសារតែ​ការឈឺ​ដៃ​ខ្លាំងពេក នារី​មេក្រុម​រូបនេះ​ថា ស្នាដៃ​ដែលមាន​ឈ្មោះថា “​ខ្ញុំ​អាច​” នេះ ជា​សារ​ដល់​ស្ត្រី​គ្រប់រូប ត្រូវតែ​ក្រោកឈរឡើង ហ៊ាន​ប្រឈមមុខ​នឹង​ការពិត និង​បង្កើន​សមត្ថភាព​ខ្លួន​ឱ្យ​ខ្លាំង​។ «​កាន់​អន្លូង​ក៏​ឈឺដៃ​ដែរ អ្នកខ្លះ​ហើម​ដៃ​ខ្លាំង​។ ស្ត្រី​ដែលមាន​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ ពេល​គាត់​បានមក​មើល​យើង គាត់​ថា​ហេតុ​អីយើ​ង​ខ្លាំង​ម្ល៉េះ​។ យើង​លើកទឹកចិត្ត​ពួកគាត់​ថា​ពួកយើង​ត្រូវតែ​ខ្លាំង ត្រូវតែ​ប្រឹង​ខ្លួនឯង ត្រូវតែ​តស៊ូ គ្មាន​អ្នកណា​ស៊ូ​ជំនួស​យើង​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាង ម៉ែន ម៉ៅ​។​


 
​ជា​អ្នកគាំទ្រ​ក្រុម​ស្គរ​នារី លោក ជា វិបុល វ័យ​៣០​ឆ្នាំ ជា​បុគ្គលិក​បំរើការ​ក្នុង​បណ្ណាល័យ​អាមេរិក​។ ទើបតែ​បានមក​មើល​កម្មវិធី​សិល្បៈ​បែបនេះ​បាន​ម្ដង វិបុល ពិតជា​គាំទ្រ​ឱ្យ​នារី វាយ​ស្គរ ព្រោះ​វា​បង្ហាញថា ស្ត្រី​មាន​ភាពក្លាហាន និង​មិនមែនជា​ភេទ​ទុនខ្សោយ​។ និយាយ​ដោយ​អារម្មណ៍​រំភើប​ក្នុង​ចិត្ត​ផង​នោះ វិបុល សប្បាយចិត្ត ព្រោះ​បានមក​មើល​ការសម្ដែង ដែល​គេ​ថា​ជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍន៍​និង​អភិរក្ស​តន្ត្រីបុរាណ​ខ្មែរ​។ លោក ជា វិបុល បញ្ជាក់​៖«​ពីមុន​ស្ត្រី​យើង​គិតថា​គាត់​ធ្វើការ​អ្វី​មិនកើត​ទេ ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​ទេ ស្ត្រី​ធ្វើការ​ធ្ងន់​មិនបាន ធ្វើការ​ធំ​មិនបាន​។ ការសម្ដែង​នេះ​បង្ហាញថា​ស្ត្រី​គាត់​ក្លាហាន គាត់​មិនមែន​ភេទ​ទន់ខ្សោយ​ទេ​។ ខ្ញុំ​សប្បាយចិត្ត​ពេល​បានមក​មើល ព្រោះនេះ​ក៏​ជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍន៍ និង​អភិរក្ស​តន្ត្រី​ខ្មែរ​ដែរ​»​។   
 
​ងាក​មក​ក្រុម “​យ​សោ​” វិញ​ម្ដង​។ ក្រុម​នេះ​សម្ដែង​ដោយមាន​ឧបករណ៍​ភ្លេង​រហូតដល់​ទៅ ជិត​២០​ប្រភេទ​ឯណោះ មាន​រនាត ចាប៉ី ខ្លុយ ស្គរ ឃឹម ស្រឡៃ ជាដើម ដែល​ប្រគុំ​ក្នុង​ទំនុកភ្លេង​ថ្មី​របស់ខ្លួន​។ “​រស​សំឡេង​” ជា​ចំណងជើង​ស្នាដៃ​ទំនុកភ្លេង​ថ្មី ដែលមាន​ទាំង​ចង្វាក់​បែប​សប្បាយ កម្សត់ លន្លង់លន្លោច ជាដើម​នោះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកទស្សនា​ជាច្រើន ឱ្យ​ទះដៃ​បន្ទរ​តាម​ចង្វាក់ភ្លេង​។ 
 
​លោក ផល កន អាយុ​៣២​ឆ្នាំ ជា​ប្រធាន​ក្រុម “​យ​សោ​”  លើកឡើងថា បទ​ភ្លេង​ដែល​លោក​បង្កើត​ថ្មី​នេះ ក្នុង​គោលបំណង ឱ្យ​អ្នក​ស្ដាប់​ស្វែងយល់​ពី​អត្ថន័យ​របស់​បទ​ភ្លេង និង​រសជាតិ​នៃ​តន្ត្រី​។ ការណ៍​នេះ​ប្រហែលជា​ពិបាក​ឱ្យ​អ្នក​មិនសូវ​ចេះ​ស្ដាប់​តន្ត្រី យល់បាន​ណាស់ តែ​លោក កន នៅតែមាន​ក្ដី​សង្ឃឹមថា នេះ​ជា​ផ្នែក​មួយ​បណ្ដុះ​អ្នក​ស្ដាប់​ជា​បណ្ដើរៗ​។ «​ទម្រង់​ភ្លេង​ទាំង​១០​បទ​នេះ ខ្ញុំ​ដាក់ឈ្មោះ រស​សំឡេង មាន​សប្បាយ កម្សត់ ក​ន្ទ្រឹ​ម រាំវង់ ញាក់ មានទឹក​ហូរ ឆ្កែ​ព្រុស សំឡេង​ស្លឹកឈើ មាន​ច្រើន​។ ខ្ញុំ​ចង់ឱ្យ​អ្នក​ស្ដាប់ គាត់​គិតថា​បទ​នេះ​គេច​ង់​និយាយ​ពីអ្វី​»​។ នេះ​ជាការ​បន្ថែម​របស់លោក ផល កន​។​


 
​ទោះជា​ស្នាដៃ​ថ្មី​នេះ ពិបាក​រក​អ្នកចេះ​ស្វែងយល់​ពី​អត្ថន័យ​របស់​វា តែ​យុវជន ឆន ចាន់ណា អាយុ​១៦​ឆ្នាំ បាន​ឆ្លៀត​បង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន ពេល​បាន​ស្ដាប់ភ្លេង​នេះ​។ ចាន់ណា មាន​អារម្មណ៍​ថា​ខ្លួន ដូចជា​កំពុងស្ថិត​ក្នុងព្រៃ​ដ៏​ជ្រៅ​និង​ស្ងាត់​មួយកន្លែង ដែលមាន​ដើមឈើ និង​សំឡេង​ឆ្កែ​ព្រុស ខណៈ​គេ​សញ្ជឹង​ស្ដាប់ភ្លេង​។ ចាន់ណា បញ្ជាក់​៖ «​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុង​នៅក្នុង​ព្រៃ​ម្នាក់ឯង​។ ខ្ញុំ​មក​មើល​បាន​ពីរដង​ហើយ មានឱកាស​លើក​ក្រោយ ខ្ញុំ​មក​មើល​ទៀត​»​។​

 
 
​ចំណែក​អ្នកទស្សនា​ម្នាក់ទៀត គឺ​កញ្ញា ជិត គឹម​ឡេង វ័យ​១៩​ឆ្នាំ ជា​និស្សិត​រៀន​នៅ​ខេត្តសៀមរាប ដែល​មកពី​ខេត្តបន្ទាយមានជ័យ​។ គឹម​ឡេង យល់ថា​ការសម្ដែង​នេះ​បាន​ជួយ​លើកតម្កើង​វប្បធម៌​ជាតិ និង​ជា​ផ្នែក​មួយ​ចូលរួម​ផ្សព្វផ្សាយ​តន្ត្រីបុរាណ ដល់​ប្រជាជន​ខ្មែរ​ផងដែរ​។ និស្សិត​រូបនេះ ចង់ឱ្យមាន​កម្មវិធី​បែបនេះ ឱ្យ​កាន់តែច្រើន​ថែមទៀត​។ គឹម​ឡេង បញ្ជាក់​យ៉ាង​ដូច្នេះ​៖
 
 «​ចាប់អារម្មណ៍​ទាំងអស់ ខ្ញុំ​ចូលចិត្ត​រនាត និង​ចាប៉ី​ខ្លាំង​។ កម្មវិធី​នេះ​ល្អ ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ទៅដល់​ក្មេងៗ​ជំនាន់​ក្រោយ​។ ខ្ញុំ​ចង់ឱ្យ​កម្មវិធី​បែបនេះ​មាន​ច្រើន​ទៀត ដើម្បី​អាច​ផ្សព្វផ្សាយ​ទៅ​ក្រៅប្រទេស​»​។ 


 
​ជា​ជនបរទេស​ដែល ស្រឡាញ់​វប្បធម៌ និង​តន្ត្រី​ខ្មែរ​មួយរូប​អ្នកនាង អេ​មី​លី ហាវ ដែល​មក​កម្ពុជា​ដើម្បី​ស្រាវជ្រាវ​ពី​សិល្បៈ វប្បធម៌ និង​តន្ត្រី​ខ្មែរ បាន​និយាយថា នាង​សប្បាយ​ចិត្តខ្លាំង​នៅពេល​បាន​ស្ដាប់​តន្ត្រី​ថ្មី​នេះ​។ នារី​ដែល​មកពី​ទីក្រុង​Boston សហរដ្ឋអាមេរិក រូបនេះ និយាយថា ខ្លួន​ចាប់អារម្មណ៍​ប្រពៃណី​និង​តន្ត្រី​ខ្មែរ​។ អេ​មី​លី បញ្ជាក់​៖ «​ខ្ញុំ​មកពី​ទីក្រុង Boston សហរដ្ឋអាមេរិក​។ ខ្ញុំ​មក​ដើម្បី​ស្រាវជ្រាវ​ពី​សិល្បៈ​វប្បធម៌ និង​តន្ត្រី​ខ្មែរ​។ ការសម្ដែង​នេះ​ខ្ញុំ​ចូលចិត្ត​ណាស់ ព្រោះ​ជាត​ន្ត្រី​ថ្មី ភ្ជាប់​ជាមួយ​ប្រពៃណី​»៕
 
 

Tag:
 សៀមរាប​
  ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​
 ​តន្ត្រី​
 ​សិល្បៈ​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com