ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ World Bank៖ ការសន្សំរបស់ប្រជាជនខ្មែរ នៅចាញ់គេ លោក លី សូដេត សេដ្ឋវិទូនៃធនាគារពិភពលោក
× ភ្នំពេញ៖ ការសន្សំរបស់ពលរដ្ឋខ្មែរ ឬហៅថាការសន្សំក្នុងស្រុក បានកើនឡើង ប៉ុន្តែស្ថិតក្នុងអត្រាទាបនៅឡើយ និងចាញ់ប្រទេសមួយចំនួននៅតំបន់អាស៊ាន។ ឆ្នាំ១៩៩៣ ការសន្សំក្នុងស្រុក ស្ថិតនៅអត្រាក្រោមសូន្យទៅទៀត តែគិតមកដល់ឆ្នាំ២០១៧ ការសន្សំនេះមានអត្រាប្រមាណ ២០ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផសស/GDP) ។ នេះបើតាមការលើកឡើងរបស់លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោក (World Bank)។
ប្រសាសន៍លោក លី សូដេត ៖
ការដែលសន្សំក្នុងស្រុកកើនឡើងនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរូបនេះអះអាងថាព្រោះប្រាក់ចំណូលពលរដ្ឋមានការកើនឡើង។ GDP របស់កម្ពុជាមានទំហំប្រមាណ ២៤ពាន់លានដុលា្លរអាមេរិក។
នេះជាការសន្សំប្រាក់របស់ពលរដ្ឋ ដែលនៅសល់ពីការចំណាយរបស់ពួកគាត់។ យោងតាមក្រាប ដែលបង្ហាញដោយលោក លី សូដេត ការសន្សំក្នុងស្រុករបស់កម្ពុជា មានអត្រាខ្ពស់ជាងប្រទេសភីលីពីន តែទាបជាងថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម។ ប្រទេសទាំងនោះមានអត្រាសន្សំក្នុងស្រុកប្រមាណជា ៣០ភាគរយនៃ GDP របស់គេ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះឲ្យដឹងថា ការសន្សំក្នុងស្រុកមានទំហំប្រមាណ ពាក់កណ្ដាលនៃបរិមាណទឹកប្រាក់វិនិយោគសរុបនៅកម្ពុជា។ ការវិនិយោគសរុបមាន ២០ភាគរយនៃ GDP ។ ក្នុងនោះ ១០ភាគរយពីការសន្សំក្នុងស្រុក និង១០ភាគរយទៀតពីការវិនិយោគបរទេស។
លោក លី សូដេត បានជំរុញឲ្យមានការសន្សំច្រើនជាងនេះទៀត ឬឡើងទៅដល់អត្រា ៣០ភាគរយនៃ GDP ដែលជាអត្រាប្រហាក់ប្រហែលនឹងប្រទេសសមាជិកអាស៊ានមួយចំនួនផ្សេងទៀត ដើម្បីឲ្យមានការវិនិយោគក្នុងស្រុកធំជាងនេះ។
អ្នកជំនាញរបស់ World Bank រូបនេះ លើកឡើងថា ប្រទេសផ្សេងៗនៅលើសកលលោក និយមប្រើប្រាស់ប្រាក់សន្សំក្នុងស្រុក បម្រើឲ្យការវិនិយោគក្នុងប្រទេសរបស់គេ ជាជាងពឹងផ្អែកទឹកប្រាក់វិនិយោគពីក្រៅ ដើម្បីភាពជាម្ចាស់នៃការវិនិយោគ។
លោក លី សូដេត បានបកស្រាយបែបនេះនៅក្នុងសន្និសីទស្ដីពីត្រីវ័យពិពិធកម្ម និងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា នៅថ្ងៃទី២០ខែកញ្ញា៕
© រក្សាសិទ្ធិដោយ thmeythmey.com