ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
សុខភាព
អ្នកជំនាញ​វិកល​វិទ្យា​៖​យុវវ័យ មាន​បញ្ហា​ផ្លូវចិត្ត​ច្រើនជាង​វ័យ​ផ្សេងៗ តែ​មិនសូវ​ចាប់អារម្មណ៍​មក​ព្យាបាល​
23, Sep 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កត្តា​សង្គម បានធ្វើ​ឲ្យ​យុវវ័យ​ជាច្រើន មាន​ជំងឺផ្លូវចិត្ត​ច្រើនជាង​បណ្ដា​វ័យ​ដទៃទៀត ហើយ​ក្នុងចំណោម​យុវវ័យ​ទាំងនោះ គឺ​ស្ត្រី​កើតមាន​បញ្ហា​ផ្លូវចិត្ត​លឿន​ជាង​បុរស​។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា នាយក​ផ្នែក​ជំងឺផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។ លោក វេជ្ជបណ្ឌិត ក៏​ឲ្យ​ដឹង​ដែរ​ថា ក្រុម​យុវវ័យ​ដែលមាន​ជំងឺផ្លូវចិត្ត មិនសូវ​មក​ទទួល​ការព្យាបាល​ផ្លូវចិត្ត ដូច​វ័យ​ដទៃ​ឡើយ​។


 
​នៅពេល​ឈានដល់​យុវភាព គឺ​ចាប់ពី​អាយុ​១៥​ឆ្នាំ ទៅ​២៥​ឆ្នាំ​សម្រាប់​ស្ត្រី និង​ពី​អាយុ​២០ ទៅ​៣៥​ឆ្នាំ​សម្រាប់​បុរស គឺជា​វ័យ​មួយ​ដែលមាន​បញ្ហា​ផ្លូវចិត្ត​ច្រើនជាងគេ​។ លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា នាយក​ផ្នែក​ជំងឺផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​។ 
 
​បញ្ហា​ផ្លូវចិត្ត អាចធ្វើ​ឲ្យ​យុវវ័យ​មាន​ជំងឺស្ត្រេស ហើយ​ក្លាយទៅជា​ថប់​បារម្ភ និង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​បាក់​ទឹកចិត្ត​។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា រួម​បន្ត​បញ្ជាក់ថា បញ្ហា​ទាំងនេះ​ទុក​កាន់តែ​យូរ អាច​នាំ​ឲ្យ​យុវជន​ធ្លាក់​ដល់​សភាព​វិកលចរិត និង​អាច​សម្រេចចិត្ត​សម្លាប់ខ្លួន​ផងដែរ​។​

​ខាងក្រោម​នេះ ជា​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា នាយក​ផ្នែក​ជំងឺផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។ សូម​អញ្ជើញ​ស្តាប់​ដូចតទៅ​៖



 
​ជំងឺផ្លូវចិត្ត កើតឡើង​ដោយ​កត្តា​សំខាន់ៗ​ចំនួន​៣ គឺ​កត្តា​សង្គម​,​កត្តា​ជីវសាស្ត្រ និង​កត្តា​ចិត្តសាស្ត្រ​។   ដោយសារតែ​វា​កើតឡើង​ដោយ​មូលហេតុ​ទាំង​៣​នេះហើយ ទើប​ការព្យាបាល​ក៏ត្រូវ​ធ្វើឡើង ទៅតាម​វិធីសាស្ត្រ​ចំនួន​៣​ព្រម​គ្នា​ដែរ ដូចជា​លើកទឹកចិត្ត​ផ្ដល់​ប្រឹក្សា​(​ចិត្តសាស្ត្រ​),​ការលើកទឹកចិត្ត​ពី​មនុស្ស​នៅ​ជុំវិញខ្លួន​(​កត្តា​សង្គម​),​បញ្ឈប់​ការ​ពិសា​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន និង​ប្រើប្រាស់​ថ្នាំ​(​ជីវសាស្ត្រ​)​។  លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា នាយក​ផ្នែក​ជំងឺផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បញ្ជាក់​ដូច្នេះ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ វេជ្ជបណ្ឌិត យឹម សុ​បុត្រា បាន​ណែនាំ​ឲ្យ​យុវវ័យ ដែល​បានដឹងថា​ខ្លួន​មាន​ជំងឺផ្លូវចិត្ត មក​ទទួល​ការព្យាបាល​ផ្លូវចិត្ត ជាមួយ​អ្នកជំនាញ ព្រោះ​បើ​មិន​ដូច្នេះ ជំងឺ​នេះ នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន ហើយ​ជះឥទ្ធិពល​អាក្រក់​ដល់​ជីវិត​ពួកគេ និង​សង្គម​ផងដែរ​៕
 

Tag:
 យឹម សុ​បុត្រា​
 ​ជំងឺផ្លូវចិត្ត​
 ​យុវវ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com