ភ្នំពេញ៖ ក្រោយពេលដែលលោកសាស្ត្រាចារ្យអក្សសាស្ត្រខ្មែរ និងជាកវីកំណាព្យជើងចាស់ ជ័យ ចាប ជូនពរលោកបណ្ឌិតអក្សរសាស្ត្រខ្មែរ ច័ន្ទ សំណព្វ ជាកំណាព្យ ហើយលោក ច័ន្ទ សំណព្វ តបវិញភ្លាមៗជាកំណាព្យរួចមក, លោក សំ នឿន កវីកំណាព្យជំនាន់ថ្មី ឬកវីបន្តវេនផ្នែកកំណាព្យបានតាក់តែងកំណាព្យលើកសរសើរថ្វីដៃលោក ជ័យ ចាប (ចាប ពូកឈ្មោះនិពន្ធកំណាព្យ) និងលោក ច័ន្ទ សំណព្វ ជាមួយនឹងខ្លឹមសារស៊ីជម្រៅ។ ខាងក្រោមនេះ គឺជាកំណាព្យរបស់លោក សំ នឿន សូមអញ្ជើញអានដូចតទៅ៖
បទ ពាក្យ៧
-ណែងណងចងន័យលៃឡើងលង់ លង់នឹងទម្រង់កាព្យពរជ័យ
ថ្ងៃខួបបណ្ឌិតដ៏មានន័យ ស្តេចកាព្យវាងវៃវាសវាចា។
-ចាបពូកកវីថ្វីគំនិត អ្នកថែកាព្យពិតកេរខេមរា
ស្មេរស្ម័គ្រហៅស្មោះថាគ្រូតា ឃ្វាងខ្វះយ៉ាងណាលោកខន្តី។
-កាព្យចួនរណ្តំផ្សំផ្គូផ្គង គ្មានទាស់ទំនងទេកវី
បួនល្បះបើអានគិតថាខ្លី ន័យវិញគ្មានអ្វីវាស់វែងបាន។
-រីលោកបណ្ឌិតពិតប្រសប់ គ្រូច័ន្ទ សំណព្វ ច្បាស់មិនស្មាន
ផ្ទៀងផ្ទេរចំណេះតាមលម្អាន ត្រួសត្រាយត្រាប់ដានកេរកាព្យខ្មែរ។
-លោកចែកចំណេះមិនចេះណាយ សប្បាយនៅពេលសិស្សពូកែ
ជ័យ ចាប សំណព្វសមអ្នកថែ ថួនកំណាព្យខ្មែរស្មេរហ៊ានថា៕
ខាងក្រោមនេះ គឺជាការជូនពររបស់សេ្តចកំណាព្យ ចាប ពូក (ជ័យ ចាប) ជាកំណាព្យទៅកាន់លោក ច័ន្ទ សំណព្វ កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨កន្លងមក។
+ថ្ងៃនេះ ពិសេសជាងធម្មតា
ថ្ងៃនេះ អស្ចារ្យជុំញាតិមិត្ត
ថ្ងៃនេះ កំណើតនៃជីវិត
ថ្ងៃនេះ កើតពិតនិត្យអ្នកម៉ែ ។
+ ជូនពរ សូមមានសុខសួស្ដី
ជូនពរ សិរី រយឆ្នាំខែ
ជូនពរ សុខភាពល្អហូរហែ
ជូនពរ ជួបតែស្នេហ៍ភក្ដី !!!
+ ខួបដ៏ បវរសែនសប្បាយ
ខួបដ៏ ក្អាកក្អាយក្អែសំដី
ខួបខាំ នំ Cake ខួបឆ្នាំថ្មី
ខួបឱ មេឃដីតាមថែថួន ។
+ សូម ពុទ្ធពរដ៏ប្រត្យក្ស
សូម ឈ្នះឧបស័គ្គទិសទាំងបួន
សូម មានយសស័ក្ដិជាក់មាំមួន
សូម ឲ្យហំហួនរហូតហោង !!!
(ចាបពូក)
មួយរំពេចក្រោយមក លោក បណ្ឌិតអក្សរសាស្ត្រខ្មែរ ច័ន្ទ សំណព្វ ក៏ថ្លែងអំណរគុណបែបកំណាព្យជូនទៅលោក ជ័យ ចាប វិញយ៉ាងដូច្នេះថា៖
អរគុណលោកគ្រូលោកកវី
ចំពោះពរជ័យដ៏បវរ
ឱនកាយទទួលដោយអំណរ
ដោយចិត្តស្មោះសចិត្តជ្រះថ្លា។
កំណាព្យចុងចួនផ្ទួនរណ្ដំ
ន័យធៀបន័យចំល្អអស្ចារ្យ
ពិតជាកវីជាគ្រូតា
ខ្ញុំសុំហៅថាស្ដេចកំណាព្យ។
បណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ