អន្តរជាតិ
ថ្លែងទៅកាន់កិច្ចប្រជុំ UN ឆ្នាំមុន លោក ត្រាំ គំរាមកម្ទេចកូរ៉េខាងជើងឲ្យក្លាយជាផេះ លោក ដូណាល់ ត្រាំ ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៧ (រូបភាព AFP)
× បណ្ដាមេដឹកនាំពិភពលោកបានទៅដល់ទីក្រុងញូវយ៉កជាបន្តបន្ទាប់ ដើម្បីចូលរួមជំនួបប្រជុំចាំឆ្នាំមហាសន្និបាតអង្គការសហប្រជាជាតិ ដែលចាប់ផ្ដើមតាំងពីឆ្នាំ១៨ ខែកញ្ញាមកម្ល៉េះ។ នៅថ្ងៃទី២៥ ខែកញ្ញា ការជជែកទូទៅនឹងធ្វើឡើងនៅទីស្នាក់ការអង្គការមួយនេះដើម្បីជជែកលើបញ្ហាអន្តរជាតិ ហើយដែលគេរំពឹងថា សំណុំរឿងកូរ៉េខាងជើង និងអ៊ីរ៉ង់ នឹងជាប្រធានបទសំខាន់។ បើចាំមិនភ្លេចទេ ក្នុងកិច្ចប្រជុំនេះហើយដែលលោក ដូណាល់ ត្រាំ គំរាមកម្ទេចកូរ៉េខាងជើងនោះ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានទៅដល់ទីក្រុងញូវយ៉កហើយ ដើម្បីចូលរួមកិច្ចប្រជុំលើកទី៧៣ មហាសន្និបាតអង្គការសហប្រជាជាតិ។ ទីនោះហើយក្នុងឆ្នាំ២០១៧ លោក ត្រាំ បានបង្កការភ្ញាក់ផ្អើលពេញពិភពលោកតាមរយៈការគំរាមកម្ទេចកូរ៉េខាងជើងឲ្យក្លាយជាផេះផង់ បើរដ្ឋមួយនេះហ៊ានវាយប្រហារអាមេរិក ឬសម្ព័ន្ធមិត្តណាមួយរបស់អាមេរិក។
យ៉ាងណាមិញ ១២ខែក្រោយការបង្ហាញខ្លួនលើឆាកអន្តរជាតិជាលើកដំបូងដែលអមដោយការប្រើសម្ដីខ្លាំងៗ លោក ត្រាំ បានត្រឡប់ទៅកាន់ទីស្នាក់ងារអង្គការសហប្រជាជាតិម្ដងទៀត តែស្ថានភាពឆ្នាំ២០១៨ មិនដូចឆ្នាំ២០១៧ ឡើយ។ ពេញមួយឆ្នាំ២០១៧ អាមេរិក និងកូរ៉េខាងជើងបានគំរាមវាយប្រហារគ្នាទៅវិញមកដែលធ្វើឲ្យពិភពលោកទាំងមូលបារម្ភខ្លាំង។ ប៉ុន្តែចូលឆ្នាំ២០១៨ ទំនាក់ទំនងអាមេរិក និងកូរ៉េខាងជើង ក៏ប្រែជាល្អប្រសើររហូតមានជំនួបមេដឹកនាំនៅសិង្ហបុរីផង។
ការផ្លាស់ប្ដូរ៣៦០ដឺក្រេនេះ នឹងពិបាកកើតឡើង បើគ្មានលោក មូន ជួយសម្របសម្រួលទេនោះ។ លោក ត្រាំ មានជំនួបជាមួយលោក មូន ដែលទើបបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង។ លោក មូន និយាយថា លោកមានសាររបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន សម្រាប់លោក ត្រាំ ដែរ។ តាំងពីចូលកាន់តំណែងមក លោក មូន បានធ្វើការងារយ៉ាងច្រើនដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដែលជាប់គាំងគ្មានដំណោះស្រាយអ្វីសោះ។
ចុងក្រោយនេះ កូរ៉េខាងជើងយល់ព្រមបិទទីតាំងបាញ់មីស៊ីល Dongchang-ri និងជើងទម្រសម្រាប់បាញ់មីស៊ីល នៅចំពោះមុខអ្នកជំនាញ។ កូរ៉េខាងជើងក៏ចង់បន្តអនុវត្តជំហានផ្សេងដើម្បីសម្រេចឲ្យបានការរំសាយនុយក្លេអ៊ែរ ប៉ុន្តែអាមេរិកក៏ត្រូវឆ្លើយតបនឹងទង្វើរបស់ខ្លួនសិនដែរ។ ក្រុងព្យុងយ៉ាងអាចបិទទីតាំងនុយក្លេអ៊ែរ Yongbyon ជាអចិន្ត្រៃយ៍ បើក្រុងវ៉ាស៊ីនតោនចាត់វិធានការតបវិញក្រោមស្មារតីកិច្ចព្រមព្រៀងថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី។
យ៉ាងណាមិញ អាមេរិកហាក់មិនទាន់ទទួលយកលក្ខខណ្ឌរបស់កូរ៉េខាងជើងនៅឡើយទេ ហើយនៅតែចង់ឲ្យកូរ៉េខាងជើងរំសាយនុយក្លេអ៊ែរសិន មុននឹងផ្អាកទណ្ឌកម្ម។ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ដែលទៅកាន់ព្យុងយ៉ាងដល់ទៅ៣លើកនោះ នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថ្នាក់រដ្ឋមន្ត្រីការបរទេស ដើម្បីពន្យល់ពីនយោបាយអាមេរិកលើសំណុំរឿងនេះរាប់ទាំងការប្រើប្រាស់កម្លាំងទណ្ឌកម្មឲ្យកូរ៉េខាងជើងផ្លាស់ប្ដូរឥរិយាបថផង៕
Tag:
UN
អាមេរិក
កូរ៉េខាងជើង
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com