ជាតិ
លោក James Ricketson៖ ខ្ញុំ​នៅតែ​ស្រឡាញ់​កម្ពុជា​ដដែល​
24, Sep 2018 , 3:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទោះ​មាន​ភាពជូរចត់​បែបណា ក៏​លោក James Ricketson នៅតែ​ស្រឡាញ់​កម្ពុជា​មិន​ផ្លាស់ប្ដូរ​។​អតីត​ទណ្ឌិត​ជនជាតិ​អូស្ត្រាលី​រូបនេះ នៅតែមាន​បំណង​ត្រឡប់មក​កម្ពុជា​វិញ ដោយ​ក្តី​ស្រឡាញ់​របស់ខ្លួន​។

 
«​ខ្ញុំ​មិន​ស្រឡាញ់​កម្ពុជា តិចជាង​មុន​ឡើយ​» (I don’t love Cambodia any less) បើទោះជា​មានរឿង​កើតឡើង​កន្លងមក​ក៏ដោយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក James Ricketson ចំពោះមុខ​អ្នកកាសែត​នៅ​អាកាសយានដ្ឋាន​ស៊ីដនី ដែល​សួរ​អំពី​អារម្មណ៍​របស់លោក ពាក់ព័ន្ធ​នឹង​ករណី​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កម្ពុ​ជាជាង​១​ឆ្នាំ​។​
 
​មិន​ត្រឹមតែ​មិន​ខឹង​រដ្ឋាភិបាល​កម្ពុជា​ហើយ លោក Ricketson ក៏បាន​ពន្យល់​ពី​អារម្មណ៍​ខ្លួន ក្រោយ​លើកលែងទោស​នេះ​ថា ទំនាក់ទំនង​របស់លោក ជាមួយ​កម្ពុជា គឺជា​រឿងរ៉ាវ​ស្ន​ហា​មួយ ដែលមាន​រយៈពេល​២០​ឆ្នាំ​មកហើយ​។ ដូច្នេះ​ការជាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រយៈពេល​ជិត​១៦​ខែ​កន្លងមក គឺ​ប្រៀបដូចជា​ជម្លោះ​គូសង្សារ​ប៉ុណ្ណោះ​។​
 
​អម​ជាមួយ​អារម្មណ៍​ខាងលើនេះ លោក James ក៏​បង្ហើប​ប្រាប់​អ្នកកាសែត​ពី​បំណង​ចង់​ត្រឡប់មក​កម្ពុជា​វិញ​ដែរ នៅពេល​ណាមួយ​សមស្រប​។ ជាមួយគ្នានេះ​លោក James ក៏​អរគុណ​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​អន្តរាគមន៍​ស្នើសុំ​លើកលែងទោស​ដល់​រូបលោក​ផងដែរ​។​
 
​អតីត​ទណ្ឌិត​ជនជាតិ​អូស្ត្រាលី លោក James បាន​ត្រឡប់​ដល់​ប្រទេស​កំណើត​ខ្លួន​ហើយ បន្ទាប់ពី​ទទួលបាន​ការលើកលែង​ទោស​ពី​ប្រមុខរដ្ឋស្តីទី​សម្ដេច សាយ ឈុំ កាលពី​ថ្ងៃទី​២១ កញ្ញា​។ 
​សូម​រម្លឹកថា ក្រោយ​បង្ហោះ​ដ្រូ​ន​លើ​អាកាស​ក្នុង​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៧ លោក Jame Ricketson ដែល​គេស្គាល់​ថា​ ជា​អ្នក​ផលិត​ខ្សែភាពយន្ត​ឯកសារ​នោះ ត្រូវបាន​ឃាត់ខ្លួន ក្រោម​បទ​ចោទ «​ប្រមូលផ្តុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ អំពើ​ទទួល ឬ​ប្រមូលផ្តុំ​ដើម្បី​ផ្តល់​ព័ត៌មានវិទ្យា ឬ​ស​លាកប​ត្រ​ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ​»​។ រហូតដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម  ដោយ​កំណត់​ឲ្យ​បុរស​ជនជាតិ​អូស្ត្រាលី​រូបនេះ ជាប់ពន្ធនាគារ​៦​ឆ្នាំ​នៅ​កម្ពុជា​៕
​ 

Tag:
 James Ricketson
  ហ៊ុន សែន​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com