អន្តរជាតិ
១៥ ឆ្នាំក្រោយ​ចូលនិវត្តន៍​ពី​នយោបាយ មហា​ធៀ បង្ហាញមុខ​ជាថ្មី​នៅ​មហាសន្និបាត UN
24, Sep 2018 , 9:19 pm        
រូបភាព
Mahathir-Mohamad_Syrenn-Wikimedia
Mahathir-Mohamad_Syrenn-Wikimedia
ឆ្នាំ ២០០៣ ជា​ពេល​ចុងក្រោយបង្អស់​ដែល​លោក មហា​ធៀ មហាម៉ាត់ ថ្លែង​សុន្ទរកថា​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទី​បួន មុនពេល​លោក​ចូលនិវត្តន៍​ពី​ឆាកនយោបាយ​។ ១៥​ឆ្នាំក្រោយ មេដឹកនាំ​វ័យ ៩៣​ឆ្នាំ​រូបនេះ​បង្ហាញមុខ​ជាថ្មីទៀត​នៅ​មហាសន្និបាត​ក្នុងនាម​នាយករដ្ឋមន្ត្រី​ទី ៧​ម្តង​។


 
​នៅ​ថ្ងៃ​សុក្រ​ទី ២៨ ខែកញ្ញា​ខាងមុខនេះ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហា​ម៉ា​ត នឹង​ផ្តល់​សុន្ទរកថា តំណាង​ប្រជាជាតិ​ម៉ាឡេស៊ី ទៅកាន់​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧៣ ស្ថិតនៅ​ទីក្រុង​ញូវយ៉ក ។ 
 
​គិត​ទៅ វា​មាន​រយៈពេល ១៥​ឆ្នាំ​គត់ ចាប់ពី​ពេលដែល​លោក​បង្ហាញមុខ​ក្នុង​កិច្ចប្រជុំពេញអង្គ​ការ​សហប្រជាជាតិ​នេះ​។ ពេលនោះ វា​មាន​រយៈពេល​ត្រឹម​មួយខែ​ប៉ុណ្ណោះ​មុនពេល​ដែល​បុរស​រដ្ឋ​ម៉ាឡេស៊ី​រូបនេះ​ដើរចេញ​ពី​នយោបាយ​ក្រោយ​ក្តោប​ក្តាប់​អំណាច​អស់​ពេល ២២​ឆ្នាំ​។ 
 
​ក្នុង​ឆ្នាំ​អង្គប្រជុំ​ឆ្នាំ ២០០៣​នោះដែរ លោក មហា​ធៀ បាន​ថ្លែង​ប្រឆាំងនឹង​អនុត្តរភាព​របស់​ប្រទេស​មហាអំណាច និង​ប្រទេស​អ្នកមាន​ដែល​តែង​បង្ខិតបង្ខំ​ប្រទេស​ទន់ខ្សោយ​ឲ្យ​ធ្វើតាម​ខ្លួន​។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​កែទម្រង់​អង្គការសហប្រជាជាតិ​ដែរ ព្រោះ​លោក​ជឿជាក់ថា​អង្គការ​អន្តររដ្ឋាភិបាល​នេះ​កំពុង​ដើរ​លើផ្លូវ​ដែល​ខុសពី​គោលដៅ​នៅពេល​បង្កើតឡើង​ក្រោយ​ចប់​សង្គ្រាមលោកលើកទីពី​រ​។​
 
​ចំណែក នៅក្នុង​មហាសន្និបាត​ឆ្នាំនេះ មូលបទ​នៃ​ការជជែក​ដេញដោល​គឺ «​ការធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​ប្រជាជន​៖ ភាពជា​អ្នកដឹកនាំ​សាកល និង​ការចែករំលែក​ការទទួលខុសត្រូវ​ដើម្បី​សន្តិភាព សមធម៌ និង​សង្គម​ដែលមាន​និរន្តរភាព​»​។ 
 
​សារព័ត៌មាន​ម៉ាឡេស៊ី The Star ចុះផ្សាយ​ថា លោក មហា​ធៀ នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​មហាសន្និបាត​នៅ​ថ្ងៃ​សុក្រ​ទី ២៨ ខែកញ្ញា​នេះ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ទី​ប្រាំពីរ​។ ហើយ​បើតាម​ដ្ឋ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី Saifuddin Abdullah លោក មហា​ធៀ នឹង​ពាំ​នាំយក​គោលនយោបាយ​ការបរទេស​នៃ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​ទៅក្នុង​វេទិកា​អន្តរជាតិ​នេះ​។ 
 
​ក្រៅពីនេះ លោក​ក៏​ប្រហែលជា​នឹង​បន្ត​យក​វេទិកា​នេះ​លើកឡើង​ពី​បញ្ហា​ប្រឈម​ពិភពលោក ក៏ដូចជា រិះគន់​មិន​សំចៃមាត់​លើ​ឥរិយាបថ​របស់​រដ្ឋ​ក្នុង​កិច្ចការ​អន្តរជាតិ​ដូច​មុនៗ​ដែរ​។ ករណីនេះ​គឺជា​រឿង​សាមញ្ញ​ដ្បិត​លោក​ធ្លាប់ធ្វើ​បែបនេះ​តាំងពី​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣​នោះ​។ 
 
«​រឿង​ដែល​ខ្ញុំ​អាច​ធានាបាន​ចំពោះ​អ្នក​បាន​តាមដាន​សុន្ទរកថា​លោក មហា​ធៀ   គឺថា លោក​នឹង​បន្ត​និយាយ​ពី​បញ្ហា​ប្រឈម​សាកលលោក​ជាពិសេស​សាកលភាវូបនីយកម្ម​។ យើង​មិន​ចង់​និយាយ​ពី​បញ្ហា​ដែល​កើតឡើង​ពី​អតីតកាល​ឡើយ ប៉ុន្តែ​ខ្ញុំ​គិតថា អ្វីដែល​សំខាន់បំផុត​គឺ រដ្ឋាភិបាល​ម៉ាឡេស៊ី​ចង់បាន​ទំនាក់ទំនង​ដែលមាន​តុល្យភាព​ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាំងអស់​រួមទាំង​ជាមួយ​មហាអំណាច​ផង​»​។ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​និយាយ​ដូច្នេះ​។ 
 
​ប្រមុខ​ការទូត​ម៉ាឡេស៊ី​រូបនេះ​បានបញ្ជាក់​ផងដែរ​ថា ក្នុង​ដំណើរ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ ក្រៅពី​រូបលោក​ផ្ទាល់ លោក មហា​ធៀ នឹងត្រូវ​អមដំណើរ​ដោយ​ស្ត្រី​ទីមួយ​លោកស្រី​វេជ្ជបណ្ឌិត ស៊ី​ទី ហា​ស្មា​, រដ្ឋមន្ត្រី​ការពារជាតិ Mohamad Sabu, រដ្ឋមន្ត្រី​សុខាភិបាល Dzulkefly និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​ដែរ​។​
 
​លោក​នឹង​អញ្ជើញ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​ជាច្រើន​នាក់​នៅក្រៅ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ និង​ផ្តល់​សុន្ទរកថា​ជាច្រើន​ផ្សេងទៀត​ទៅកាន់​មជ្ឈមណ្ឌល​ស្រាវជ្រាវ US Council on Foreign Relations ជុំវិញ​ទំនាក់ទំនង​រវាង​ម៉ាឡេស៊ី​ជាមួយ​អាមេរិក និង​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​។​

Tag:
 មហា​ធៀ មហាម៉ាត់​
  UNGA
  អាមេរិក​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com