រថយន្ត
អន្តរជាតិ
បារាំង​ជោគជ័យ​លើ​ការជំរុញ​ពលរដ្ឋ​ឲ្យ​ដូរ​រថយន្ត​ចាស់​ខ្លួន​ចេញ តាមរយៈ​ការផ្តល់ប្រាក់​លើកទឹកចិត្ត​
24, Sep 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ចាប់តាំងពី​ខែមករា មក អ្នកបើកបរ​រថយន្ត​ជាង​១៧០ ០០០​នាក់​នៅ​បារាំង បានដាក់​ពាក្យស្នើសុំ​ផ្លាស់ប្តូ​រថយន្ត​ចាស់​របស់ខ្លួន​។ បើតាម​ភ្នាក់ងារ​រដ្ឋាភិបាល នេះ​ជា​ដំណើរការ​ប្រកបដោយ​ជោគជ័យ​ក្នុងការ​រួមចំណែក​កាត់បន្ថយ​ការ​បំផុត​បរិស្ថាន​។

 
​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច រដ្ឋាភិបាល​បារាំង​បានប្រកាស​ផ្តល់​លើកទឹកចិត្ត​ពី​១០០០​ទៅ​២៥០០​អឺរ៉ូ សម្រាប់​អ្នកប្រើប្រាស់​រថយន្ត​ចាស់​ដែល​ចង់​ផ្លាស់ប្តូរ​រថយន្ត​ថ្មី ឬ​រថយន្ត​មួយ​ទឹក​ដែល​ទើប​ប្រើប្រាស់​ថ្មីៗ ដោយ​ករណីនេះ អនុវត្ត​សម្រាប់​រថយន្ត​ដែល​មិន​ជាប់ពន្ធ​។​
 
​នៅ​ឆ្នាំ​២០១៨ នេះ ជា​តំណាក់កាល​ទី​១ ដោយ​រដ្ឋាភិបាល​បារាំង រៀបចំ​កញ្ចប់​ថវិកា​ពិ​សេស​សម្រាប់​រថយន្ត​ប្រមាណ​១០​ម៉ឺន​គ្រឿង​ដំបូង​។ គម្រោង​នេះ ក្នុង​គោលបំណង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ពី​១២៧​ក្រាម​ក្នុង​១​គីឡូម៉ែត្រ មក​ត្រឹម​១២០​ក្រាម​ក្នុង​១​គីឡូម៉ែត្រ​។​
 
​លោកស្រី Elisabeth Borne រដ្ឋមន្ត្រី​ដឹកជញ្ជូន បាន​អះអាង ប្រាប់​សារព័ត៌មាន Europe 1 ថា ចាប់តាំងពី​ខែមករា មក ឯកសារ​ជាង​១៧​ម៉ឺន ត្រូវ​បានដាក់​ដើម្បី​ស្នើសុំ​ការផ្លាស់ប្តូរ​រថយន្ត​ចាស់​ចេញ ខណៈ​ទិសដៅ​ដំបូង​របស់​រដ្ឋាភិបាល គឺកំណត់​រថយន្ត​ប្រមាណ ១០​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​។​
 
​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងបរិស្ថាន ក៏បាន​វាយតម្លៃ​បន្ថែម​ផងដែរ​ថា រហូតដល់​ដំណាច់ឆ្នាំ នឹងមាន​រថយន្ត​ជាង​២៥​ម៉ឺន​គ្រឿង ដែល​ត្រូវ​ផ្លាស់ប្តូរ​។ ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី Edouard Philippe ក៏បាន​បញ្ជាក់ថា France Inter ថា​៖ «​ការប្រាក់​លើកទឹកចិត្ត​ពិតជា​មានដំណើរ​ការល្អ ហើយ​ផែនការ​របស់​យើង​ប្រព្រឹត្ត​ទៅដោយ​រលូន លើសពី​ការ​ព្រៀងទុក​ទៅទៀត​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ លក្ខខណ្ឌ​នេះ ផ្តល់​ជាពិសេស​សម្រាប់​រថយន្ត​ដែល​មិន​ជាប់ពន្ធ ដោយ​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ចាប់ពី​១០០០​អឺរ៉ូ​ដល់​២០០០​អឺរ៉ូ រីឯ​អ្នក​ដែល​ដូរ​ទៅប្រើ​ប្រាស់​រថយន្ត​អគ្គិសនី អាច​ទទួលបាន​រហូត​ដល់​ទៅ​២៥០០​អឺរ៉ូ​។ សម្រាប់​រថយន្ត​ប្រើប្រាស់​សាំង ត្រូវជា​រថយន្ត​ដែល​ផលិត​នៅមុន​ឆ្នាំ​១៩៩៧ រីឯ​រថយន្ត​ប្រើប្រាស់​ម៉ា​ស៊ូ​ត ត្រូវ​ផលិត​មុន​ឆ្នាំ​២០០៦ (​មិន​ជាប់ពន្ធ​) ឬ​មុន​ឆ្នាំ​២០០១ (​ជាប់ពន្ធ​)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com