អន្តរជាតិ
ក្រុមហ៊ុន​យក្ស Microsoft, Amazon, Google សហការគ្នា​ប្រើ​បច្ចេកវិទ្យា​ជួយ​ប្រទេស​ក្រីក្រ​ដោះស្រាយ​គ្រោះ​ទុរភិក្ស​
24, Sep 2018 , 9:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចំនួន​បី​មានដូចជា Microsoft, Amazon និង Google បាន​ព្រមព្រៀង​សហការគ្នាជាមួយ​បណ្តា​អង្គការ​អន្តរជាតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដោះស្រាយ​បញ្ហា​គ្រោះ​ទុរភិក្ស​។ ក្រុមហ៊ុន​ទាំងនេះ​ផ្តោតលើ​ការវិភាគ​ទិន្នន័យ និង​ប្រើ​បញ្ញា​សិប្បនិម្មិត (AI) ដែលជា​គំនិត​ផ្តួចផ្តើម​ថ្មី​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​ជា​ចម្បង​។​


 
​គំនិត​ផ្តួចផ្តើម​ថ្មី​រួមគ្នា​របស់​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​បី​នេះ​ដោយ​សហការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ដូចជា​អង្គការសហប្រជាជាតិ​និង​ធនាគារពិភពលោក​នេះ​មាន​ឈ្មោះថា យន្តការ​សកម្មភាព​ឆ្លើយតប​នឹង​គ្រោះ​ទុរភិក្ស (FAM)​។ វា​ត្រូវបាន​គេ​បង្កើតឡើង​ដើម្បី​ឆ្លើយតប​នឹង​កំណើន​គ្រោះ​ទុរភិក្ស​ដែល​បន្ត​ឆក់យក​ជីវិត​មនុស្ស​អស់​ជាច្រើន​នាក់​នៅ​ទូទាំង​ពិភពលោក​ជាពិសេស​ប្រទេស​ក្រីក្រ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​សេចក្តីថ្លែងការណ៍​រួម​ចុះផ្សាយ​នៅ​ថ្ងៃអាទិត្យ​ទី ២៣ ខែកញ្ញា តំណាង​ធនាគារពិភពលោក និង​អង្គការសហប្រជាជាតិ​បានប្រកាសថា គំនិត​ផ្តួចផ្តើម​ថ្មី​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​នេះ គឺ ប្រើប្រាស់​ទិន្នន័យ​ដើម្បី​ប្រមែរ​ប្រមូល​ហិរញ្ញវត្ថុ និង​ទស្សនទាយ​ជាមុន​ពី​គ្រោះថ្នាក់​ដើម្បី​ឈានទៅ​ដាក់ចេញ​សកម្មភាព​ទប់ស្កាត់​គ្រោះមហន្តរាយ​។​
 
 ប្រធាន​ធនាគារពិភពលោក​លោក Jim Yong Kim បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ដូច្នេះ​៖«​តាម​របាយការណ៍​ជាក់ស្តែង​មនុស្ស​រាប់លាន​នាក់​ក្នុងនោះ​មាន​កុមារ​ភាគច្រើន​បាន​រងគ្រោះ​ដោយសារ​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ និង​គ្រោះ​ទុរភិក្ស​ក្នុង​សតវត្ស​ទី ២២ ដែល​វា​ជា​សោក​នា​កម្ម​ពិភពលោក​។ យើង​កំពុង​បង្កើត​សម្ព័ន្ធ​អន្តរជាតិ​ដែល​មិន​ធ្លាប់មាន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។ 
 
​យន្តការ FAM នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ផ្តល់​សញ្ញា​ប្រកាសអាសន្ន​ពាក់ព័ន្ធ​គ្រោះមហន្តរាយ​ក្នុង​ផ្នែក​ស្បៀងអាហារ​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ទុរភិក្ស​ជាដើម ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​យន្តការ​នេះ​ក៏​ជំរុញ​ឲ្យ​មានការ​រៀបចំ​កញ្ចប់​មូលនិធិ​ដែល​អនុញ្ញាត​ឲ្យ​មានការ​អន្តរាគមន៍​បាន​ឆាប់រហ័ស​ដែរ​។​
 
​ប្រធាន​ក្រុមហ៊ុន Microsoft លោក Brad Smith ជឿជាក់ថា ការ​ទស្សន៍ទាយ​ជាមុន​ដោយ​ប្រើប្រាស់​ទិន្នន័យ និង​បញ្ញា​សិប្បនិម្មិត​ដើម្បី​ឲ្យ​ដឹង​មុន​ថា គ្រោះ​ទុរភិក្ស​នឹង​កើតឡើង​នៅទីណា​នោះ អាច​ឲ្យ​ស្ថាប័ន​ជំនាញ​អន្តរាគមន៍​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ច្រើន​ថែមទៀត​។ 
 
​កាលពី​ឆ្នាំមុន មនុស្ស​មិនតិចជាង ២០​លាន​នាក់​ឡើយ​ដែល​បាន​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​ធ្ងន់ធ្ងរ​ជាពិសេស​គ្រោះ​ទុរភិក្ស​។ ពួកគេ​រស់នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​, សូ​ម៉ាលី​, ស៊ូដង់​ខាងត្បូង​និង​យេ​ម៉ែន​។ 
 
​ចំណែក​ប្រជាជន ១២៤ លាន​នាក់​ផ្សេងទៀត​ក៏​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ដោយសារ​បញ្ហា​អសន្តិសុខ​ស្បៀង​ផង​។ វា​ចាំបាច់​ត្រូវមាន​ការដាក់ចេញ​វិធានការ​បន្ទាន់ និង​រៀបចំ​ការឆ្លើយតប​មនុ​ស្ស​ធម៌​ផង​ដើម្បី​ធានាថា គ្រោះមហន្តរាយ​មនុស្សជាតិ​មិនអាច​កើតឡើង​នៅពេល​ខាងមុខ​នោះ​៕
 

Tag:
 Microsoft
  Amazon
  Google
  គ្រោះ​ទុរភិក្ស​
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com