ជាតិ
សេដ្ឋកិច្ច
«​កុមារ​ខ្មែរ​គួរមាន​ទម្លាប់​ញ៉ាំ​អាហារ​ដែលមាន​ជីវជាតិ​» នេះ​ជាក្តី​ប្រាថ្នា​របស់​កញ្ញា Hiroko និង​លោក Akira
24, Sep 2018 , 5:06 pm        
រូបភាព
លោក Akira និងកញ្ញា Hiroko បង្ហាញផលិតផលនំពពក​របស់ខ្លួន។ រូបថត ជាវ សំណាង
លោក Akira និងកញ្ញា Hiroko បង្ហាញផលិតផលនំពពក​របស់ខ្លួន។ រូបថត ជាវ សំណាង
 ​កញ្ញា Hiroko និង​លោក Akira កំណត់​បេសកកម្ម​ផ្ទាល់ខ្លួន​ដ៏​ធំ​មួយ​នៅ​កម្ពុជា​។ គូសង្សារ​ជប៉ុន​មួយគូ​នេះ ចង់​រួមចំណែក​លើកកម្ពស់​សុខុមាល​ភាព​កុមារ​ខ្មែរ តាមរយៈ​ការជំរុញ​ពួកគេ​ឲ្យ​មាន​ទម្លាប់​ញ៉ាំ​អាហារ​បំប៉ន​សុខភាព​ដែលមាន​ជីវជាតិ​ស្របតាម​បទដ្ឋាន​ត្រឹមត្រូវ​។ តើ​អ្វី​ដែលជា​មធ្យោបាយ​នៃ​ការរួមចំណែក​របស់​ពួកគាត់​? នោះ​គឺ​ផលិតផល «​នំ​ពពក​» ដែលជា​ប្រភេទ​អាហារសម្រន់​ផ្តល់​ថាមពល និង​សារធាតុចិញ្ចឹម​សម្រាប់​ការលូតលាស់​របស់​កុមារ​។​

 
«​កុមារ​អាច​មើលឃើញ​ពពក​នៅ​គ្រប់​ទីកន្លែង​។ យើង​ក៏​ចង់​ឲ្យ​កុមារ​ខ្មែរ ទទួលបាន​ផលិតផល​អាហារសំរន់​ពពក​រប​ស់​យើង​នៅ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា​ផងដែរ​»​។ នេះ​ជាការ​រៀបរាប់​ព្រមៗ​គ្នា​របស់ Akira និង Hiroko ទាក់ទង​នឹង​ការសម្រេចចិត្ត​ដាក់ឈ្មោះ​ពពក ជា​យីហោរ​ផលិតផល​របស់ខ្លួន​។​
 
​តាមពិតទៅ​លោក Akira Fukuhara និង​អ្នកនាង Hiroko Oji អាច​កសាង​ជីវភាព​ដ៏​ស្រស់បំព្រង​នៅ​ទឹកដី​ជប៉ុន ក្រោយ​បញ្ចប់​បេសកកម្ម​ការងារ​នៅ​កម្ពុជា ប៉ុន្តែ​ពួកគាត់​មិន​ដាច់ចិត្ត​ចាក​ចេញពី​ទឹកដី​នៃ​ស្នាមញញឹម​នេះឡើយ ពីព្រោះ​ពួកគាត់​ចង់​បំពេញ​ភាពខ្វះ​ចន្លោះ​មួយចំនួន​ដែល​កម្ពុជា​កំពុង​ត្រូវការ​។​


 
​ក្រោយ​បម្រើការ​អស់​រយៈពេល​ជិត​៦​ឆ្នាំ​នៅ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍន៍ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ (FIDR) ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​លើ​គម្រោង​អាហារូបត្ថម្ភ កញ្ញា Hiroko មើលឃើញ​ពី​តម្រូវការ​ជាច្រើន​របស់​កុមារ​កម្ពុជា​។​
 
«​ខ្ញុំ​មើលឃើញ​ការ​ប្រឈម​ធំៗ​មួយចំនួន​ទាក់ទង​នឹង​អាហារូបត្ថម្ភ​នៅ​កម្ពុជា ជាពិសេស​នៅតាម​ទីជនបទ​។ បញ្ហា​ចម្បង​នោះ គឺ​កង្វះ​អាហារសម្រន់​សុខភាព​សម្រាប់​កុមារ ហើយ​មួយទៀត គឺ​កង្វះ​ការយល់ដឹង​ពី​ផ្នែក​អាហារូបត្ថម្ភ និង​ព័ត៌មាន​នានា និយាយ​រួម ឪពុកម្តាយ និង​កុមារ​ផ្ទាល់ មិនដឹង​ពី​ជម្រើស​អាហារសម្រន់​ដែល​ត្រូវ​ញ៉ាំ​ប្រចាំថ្ងៃ​នោះឡើយ​»​។ នេះ​ជាការ​មើលឃើញ​របស់​ក​ញ្ញា Hiroko ។​
 
​សម្រាប់​លោក Akira វា​មិនមែនជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះឡើយ ដែល​លោក​សម្រេច​បន្ត​រស់នៅ​កម្ពុជា​។ តាមពិតទៅ​លោក​កើតចេញពី​ឪពុកម្តាយ​ជា​ជនជាតិខ្មែរ ដែល​បាន​ចាក​ចេញពី​ប្រទេស​កំណើត​ទៅ​រស់នៅ​ជប៉ុន នៅមុន​ការ​កាន់អំណាច​របស់​ក្រុមខ្មែរក្រហម ។ 
 
​លោក Akira ដែល​ធំធាត់ ចម្រើន​វ័យ​នៅ​ជប៉ុន បានមក​បម្រើ​ការងារ​នៅ​កម្ពុជា​កាលពី​អំឡុង​ឆ្នាំ​២០០៦ ដំណាលគ្នា​នឹង Hiroko យ៉ាង​ដូច្នោះ​ដែរ ដោយ​លោក​បាន​បម្រើការ​នៅ​ក្រុមហ៊ុន និង​រោងចក្រ​ជប៉ុន​មួយចំនួន​។ ពេល​ចុះ​បំពេញការងារ​នៅតាម​ជនបទ លោក Akira ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​ប៉ៃឡាំ​នោះ សង្កេតឃើញ កុមារ​កម្ពុជា​មួយចំនួន​មាន​រាងកាយ​ស្គមស្គាំង ដោយ​អ្នកខ្លះ​ញ៉ាំ​តែ​បាយ ខ្លះ​មាន​លាយ​ត្រី ប៉ុន្តែ​មិនមាន​ជីវជាតិ​ពិសេស​នោះឡើយ​។​


 
​ក្រោយមក លោក​បាន​ឈប់​ពី​ការងារ ដើម្បី​ផ្តោតអារម្មណ៍​លើ​ការផលិត​នំ​ពពក​ជាមួយ Hiroko ។ «​តាមពិត​ខ្ញុំ មិនមែនជា​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​នោះឡើយ ប៉ុន្តែ​ខ្ញុំ​មានការ​យល់ដឹង​ខ្លះ ជាពិសេស​តាមរយៈ Hiroko រួមទាំង​ការស្រាវជ្រាវ​បន្ថែមទៀត​»​។​
 
«​នំ​ពពក​» ជា​ប្រភេទ​អាហារសម្រន់​ដែល​កុមារ​អាច​ញ៉ាំ​បាន​គ្រប់ពេល ដោយមាន​ផលិតផល​សំខាន់ៗ ដូចជា Cookie, ដូ​ណាត់ និង Steam Cake ជាដើម ។ រាល់​ប្រអប់​នំ​ទាំងអស់ សុទ្ធ​ភ្ជាប់​នូវ​ព័ត៌មាន​បែប​ពីរ៉ាមីដ​ទាក់ទង​នឹង​អាហារ​រូប​ត្ថ​ម្ភ ដែល​អនុវត្ត​ទៅតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា​របស់​កម្ពុជា​។​
 
​តើ​នេះ​ជា​អាជីវកម្ម​ដើម្បី​ប្រាក់ចំណេញ ឬ​យ៉ាងណា​? លោក Akira និង​អ្នកនាង Hiroko មិន​បដិសេធ​នោះឡើយ​។ «​ពិតណាស់ យើង​ចង់បាន​ប្រាក់ចំណេញ​ពីអ្វី​ដែល​យើង​បានធ្វើ ពីព្រោះ​បើ​គិតពី​សកម្មភាព​សប្បុរស​ធម៌​សុទ្ធសាធ ផលិតផល​របស់​យើង​មិនអាច​បន្តដំណើរ​បានយូ​រ​នោះឡើយ យើង​ត្រូវការ​ចំណូល​ដើម្បី​មាន​ថវិកា​បន្ត​ផលិត​នំ​។ ផលិត​នំ​ដើម្បី​ចំណូល យក​ចំណូល​ទៅ​ផលិត​នំ វា​មាន​លក្ខណៈ​វិលជុំ​យ៉ាង​ដូច្នេះ​»​។​
 
Hiroko បាន​បញ្ជាក់ថា នំ​ពពក ជា​ប្រភេទ​អាហារសំរន់​សម្រាប់​កុមារ​ខ្មែរ​សុទ្ធសាធ ដែល​ផ្សំ​ពី​បន្លែ ផ្លែឈើ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ នំ​លើ​ប្រអប់​នំ​នីមួយៗ មានភ្ជាប់​ព័ត៌មាន​ទាក់ទង​នឹង​ថាមពល ប្រូតេអ៊ីន ខ្លាញ់ កាបូ​អ៊ី​ដ្រា​ត អំបិល កាល់ស្យូម វីតាមីន A និង B2 ជាដើម​។​
 
​គាត់​បាន​ពន្យល់ថា​៖ «​ក្មេង​ជប៉ុន ឬ​ក្មេង​ប្រទេស​ផ្សេងទៀត មាន​តម្រូវការ​អាហារូបត្ថម្ភ​មូលដ្ឋាន​ខុសៗ​គ្នា ប៉ុន្តែ​សម្រាប់​នំ​ពពក យើង​ផលិត​ជាពិសេស​សម្រាប់​កូន​ខ្មែរ  ដែល​លាយ​ផ្សំ​ពី​បន្លែ ផ្លែឈើ និង​ជីវជាតិ​ផ្សេងៗ ចាំបាច់ និង​ងាយស្រួល​ទិញ​នៅ​កម្ពុជា​»​។​


 
​វត្ថុធាតុដើម​សម្រាប់​ការផលិត​នំ​ពពក​មានដូចជា ស្ករត្នោត សណ្តែកសៀង ដំឡូងជ្វា កា​កាវ ស្លឹក​ម្រុំ អង្ករ ស៊ុត ម្សៅ ជាដើម​។ «​យើង​អាច​ទិញ​វត្ថុធាតុដើម​ទាំងនេះ នៅ​ទីផ្សារ​ជាពិសេស​ផ្សារ​សរីរាង្គ ដែលជា​ផលិតផល​គ្មាន​គីមី​។ យើង​ក៏មាន​គម្រោង​ធ្វើជា​ដៃគូ​សហការ​ជាមួយ​កសិករ និង​ម្ចាស់​កសិដ្ឋាន​ក្នុងស្រុក​ផងដែរ ប៉ុន្តែ​ពេលនេះ អាជីវកម្ម​របស់​យើង​មាន​ទ្រង់ទ្រាយ​តូច​នៅឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់ Hiroko​។​
 
​បច្ចុប្បន្ន នំ​ពពក​មាន​ដាក់លក់​នំ​តាម​ហាង​មួយចំនួន និង​មាន​កិច្ចសហការ​ជាមួយ​បណ្តា​សាលារៀន​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។  «Eat Yummy, Stay Healthy!» (​ញ៉ាំ​ឆ្ងាញ់ សុខភាព​ល្អ​!)​។ នេះ​ជា​ពាក្យស្លោក​នៅលើ​ប្រអប់​នំ​ពពក ដែលមាន​និមិត្តសញ្ញា​ជា​រូប «​ទន្សាយ​»​។  
 
«​ក្រៅ​ដាក់លក់​នៅតាម​ហាង​កាហ្វេ​មួយចំនួន យើង​បាន​ទាក់ទង​បណ្តា​សាលារៀន​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដោយ​លក់​ក្នុងតម្លៃ​សមរម្យ​សម្រាប់​សាលា ជាពិសេស​សម្រាប់​សិស្ស​ផ្ទាល់​។ យើង​ចាប់ផ្តើម​ជំហាន​ដំបូង​ក្នុង​រាជធានី​ភ្នំពេញ មុន​បោះជំហាន​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​»​។ នេះ​បើតាម​ការអះអាង​របស់​កញ្ញា Hiroko​។​
 

លទ្ធផល​នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​កាលពី​ឆ្នាំ​២០១៤ បង្ហាញថា កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​ចំនួន​៣២​ភាគរយ​មាន​បញ្ហា​ក្រិស​ក្រិន និង​២៤​ភាគរយ​មិន​គ្រប់​ទំងន់​។ បញ្ហា​ទាំងនេះ គឺ​ដោយសារតែ​កង្វះ​អាហារូបត្ថម្ភ ជាពិសេស​កុមារ​នៅតាម​ជនបទ​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ក្នុង​សារលិខិត​នៃ​ការ​ប្រារព្ធ​ខួប «​ទិវា​អាហារូបត្ថម្ភ​លើក​ទី​៤» កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ថា កង្វះ​អាហារូបត្ថម្ភ​ក្នុង​វ័យ​ដំបូង​របស់​កុមារ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព និង​មរណភាព​របស់​កុមារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ប៉ះពាល់​ដល់​ការរីកចម្រើន​ខាង​សតិបញ្ញា​របស់​កុមារ ការសិក្សា​រៀនសូត្រ និង​ផលិតភាព​ការងារ​នាពេល​អនាគត​។​
 
​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា កម្ពុជា បាន​ផលិត​ស្រូវ​លើស​ជាង​៤​លាន​តោន គិត​ជា​អង្ករ​ជាង​៣​តោន​ក្នុង​១​ឆ្នាំៗ តែ​នេះ​មិនមែន​មានន័យថា ស្ថានភាព​អាហារូបត្ថម្ភ​មាតា និង​កុមារ​មាន​ភាពល្អប្រសើរ​នោះទេ​។ ក្នុងករណីនេះ សម្តេច​បាន​អំពាវនាវ​គ្រប់​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ទាំងអស់ រួមគ្នា​ពង្រឹង និង​ពង្រីក​យុទ្ធនា​ការអប់រំ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ជាពិសេស​ការលើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​បរិភោគ​អាហារ​ធម្មជាតិ​ចម្រុះ​មុខ ដែល​សម្បូរ​ទៅដោយ​សារជាតិ​ចិញ្ចឹម បន្លែ ផ្លែឈើ ត្រី ស៊ុត និង​សាច់ ជាដើម​៕

Tag:
 អាហារូបត្ថម្ភ​
© រក្សាសិទ្ធិដោយ thmeythmey.com