អន្តរជាតិ
ចិន​ថា អាមេរិក​លែង​គោរព​គេឯង ព្រោះ​នយោបាយ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​
24, Sep 2018 , 10:39 pm        
រូបភាព
​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២៤ ខែកញ្ញា បានចេញ​ផ្សាយ​សៀវភៅ​ស​ស្ដីពី​ជំហរ​ជាក់ស្ដែង​របស់ខ្លួន​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​។ ក្នុង​សៀវភៅ​ស​នេះ ចិន​បាន​រិះគន់​អាមេរិក​ជុំវិញ​នយោបាយ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន អនុវត្ត​នយោបាយ​ឯកតោភាគី​និយម និង​លែង​ការគោរព​ប្រទេស​គេ​ផ្សេង​។ ចិន​ក៏​បង្ហាញ​ពី​ជំហរ​របស់ខ្លួន​ក្នុងការ​រតបត​ទៅនឹង​ការដំឡើង​ពន្ធ​របស់​អាមេរិក និង​ការ​ខ្ជាប់​គោលការណ៍​ដោះស្រាយ​បញ្ហា​តាមរយៈ​ការជជែក​គ្នា និង​ការអត់ធ្មត់​។​

 
«​សៀវភៅ​ស​»​របស់​ចិន​មាន​៦​ភាគ បាន​រៀបរាប់​ការពិត​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ជម្លោះ​ពាណិជ្ជកម្ម និង​ជំហរ​របស់​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​។ តាមរយៈ​សៀវភៅ​ស​នេះ ចិន​បានលើកឡើង​ពី​ផលប្រយោជន៍​ដែល​កើតចេញពី​ទំនាក់ទំនង​ល្អ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ការអនុវត្ត​មិនត្រូវ​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដូចជា​នយោបាយ​គាំពារ​និយម និង​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​សាកល​ផង​។​
 
​ក្នុង​សៀវភៅ​ស​ដែល​ផ្សាយ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ចិន​ចាត់ទុក​ខ្លួន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ធំជាងគេ ហើយ​អាមេរិក​ជា​ប្រទេស​អភិវឌ្ឍ​ធំជាងគេ​លើ​លោក ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក ដើរតួនាទី​សំខាន់​សម្រាប់​ស្ថិរភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​អន្តរជាតិ​។ ត្រង់ចំណុច​នេះ ចិន​ទទួលស្គាល់ថា បញ្ហា​តែង​កើតឡើង​រវាង​ប្រទេស​ដែលមាន​កម្រិត​សេដ្ឋកិច្ច​ខុសគ្នា ឯ​វិធីសាស្ត្រ​ដោះស្រាយ​ភាពខុសគ្នា គឺ​ការជំរុញ​ការទុកចិត្ត​គ្នា និង​កិច្ចសហប្រតិបត្តិការ​។​
 
​លើសពីនោះ ក្រុង​ប៉េកាំង​ក៏បាន​រំឭក​ពី​យន្តការ​មាន​ស្រាប់​រវាង​ភាគី​ទាំងពីរ​ដូចជា​ការបង្កើត​គណៈកម្មកា​រ​រួមគ្នា​ស្ដីពី​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាដើម​ក្នុង​ស្មារតី​ស្មើភាព និង​ការ​ខិត​រកគ្នា​មួយ​ជំហាន​ម្នាក់​។ ដោយសារ​មាន​យន្តការ​ច្រើន​បែបនេះ សៀវភៅ​របស់​ចិន​អះអាងថា ភាគី​ទាំង​ពីរបាន​ប្រឹងប្រែង​យ៉ាងច្រើន​ក្នុងពេល​៤០​ឆ្នាំ​មកនេះ​ក្នុងការ​ជម្នះ​រាល់​ឧបសគ្គ និង​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ទៅមុខ ដែល​ក៏​នាំ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​រីកចម្រើន​ដែរ​។​
 
​យ៉ាងណាមិញ សៀវភៅ​សរ​បស់​ក្រុង​ប៉េកាំង​ក៏​រិះគន់​រដ្ឋបាល​លោក ត្រាំ ដែល​ជំរុញ​នយោបាយ​គិតតែ​ប្រយោជន៍​របស់​អាមេរិក បោះបង់​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក និង​ការជជែក​ដោយ​ស្មើភាព ដែល​គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ​។ ក្នុង​សៀវភៅ​ស​នេះ ចិន​រិះគន់​អាមេរិក​ថា ដើរ​ចោទ​គេឯង​គ្នា​ផ្ដេសផ្ដាស់ ពិសេស​ចិន គំរាមកំហែង​ប្រទេស​ផ្សេង​ដោយ​ប្រើ​វិធានការ​សេដ្ឋកិច្ច​ដូចជា​ការដាក់​ពន្ធ និង​ប៉ុនប៉ង​ទាញយក​ប្រយោជន៍​ផ្ទាល់ខ្លួន​តាមរយៈ​ការដាក់​សម្ពាធ​លើ​ចិន​ផង​។​
 
​ឆ្លើយតប​ទង្វើ​របស់​អា​មេ​រិ​ក ចិន​បាន​ព្យាយាម​រក​ច្រកចេញ​នៃ​បញ្ហា​ជាមួយនឹង​ការស្វែងរក​ចំណុចរួម និង​ការកាត់បន្ថយ​ភាពខុសគ្នា​ផង​។ នេះ​បើតាម​សៀវភៅ​ស​ខាងលើ ដែល​បន្តថា សកម្មភាព​របស់​ចិន​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាច្រើន​នាពេល​កន្លងមក​។ យ៉ាងណាក្ដី អាមេរិក​នៅតែ​ប្រកាន់​ឥរិយាបថ​មិន​ចុះសម្រុង​ជាមួយ​ចិន ដែល​ការណ៍​នេះ​បង្ក​ជាការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​និយម និង​គោលការណ៍​ពាណិជ្ជកម្ម​សេរី​៕
 

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com