កីឡាជាតិ
ជាតិ
លោកប្រាក់ សុវណ្ណារ៉ា មានឱកាសរៀនសូត្រដោយផ្ទាល់ពីគ្រូបង្វឹកលំដាប់ពិភពលោក
× លោក ប្រាក់ សុវណ្ណារ៉ាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងលោក Ohara Kazunori នាយកបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ស្ថិតនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីចូលរួមក្នុងសន្និសីទបាល់ទាត់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA Football Conference) ដែលវិភាគទៅលើស្ថិតិនានាជុំវិញព្រឹត្តិការណ៍ World Cup កន្លងមក។ ជាមួយគ្នានេះ តំណាងសហព័ន្ធកម្ពុជា ក៏ចូលរួមការប្រកាសជ័យលាភី Best Fifa Football នរាត្រីនេះផងដែរ។
គ្រូបង្វឹក និងនាយកបច្ចេកទេសមកពីសមាគមសមាជិកជុំវិញពិភពលោកជិត ២០០នាក់ និងសហព័ន្ធកីឡាបាល់ទាត់ចំនួន ៦ទ្វីបផ្សេងគ្នា បានទៅចូលរួមសន្និសីទកីឡាបាល់ទាត់របស់ FIFA ដែលនិយាអំពីការរៀបចំក្រុម និងការវិភាគទាក់ទងនឹងបច្ចេកទេសរបស់ក្រុមដែលលេងនៅ World Cup នៅរុស្ស៊ីហើយជាពិសេសគឺផ្តោតលើកក្រុមចំនួន៤ចុងក្រោយដែលបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ព្រឹត្តិការណ៍នេះ ដឹកនាំដោយលោក Gianni Infantino ប្រធាន FIFA ដោយមាន វីរនារី Alex Scott និងវីរបុរស Clarence Seedorf ជាអ្នកសម្របសម្រួល។ កម្មវិធីនោះ មានការបង្ហាញលទ្ធផលវិភាគរបស់ ក្រុមការងារបច្ចេកទេសរបស់ FIFA លើស្ថិតិសំខាន់ៗជុំវិញការប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០១៨កន្លងមក។
លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ប្រាប់សារព័ត៌មាន ThmeyThmey ថា៖ « យើងបានរៀនច្រើនពីអ្វីដែលថ្មីពីការវិវត្តន៍ផ្នែកបច្ចេកទេស កលល្បិចផ្នែកចិត្តសាស្ត្រ និងភាពជាអ្នកដឹកនាំជាដើម»។ អ្វីដែលពិសេសពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ លោក សុវណ្ណារ៉ាបានបន្ថែមថា FIFA បានណែនាំអំពីប្រយោជន៍នៃការប្រើប្រាស់វីដូអូជំនួយការអាជ្ញាកណ្តាល (Video assistant referee) ដែលមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលរួមក្នុងសន្និសីទនោះ។
នៅទីនោះ លោកប្រាក់ សុវណ្ណារ៉ា បានជួបគ្រូបង្វឹកលំដាប់ពិភពលោកជាច្រើន ដូចជា លោក Didier Deschamps ដែលទើបនាំបារាំងឈ្នះពាន FIFA World Cup លោក Luis Enrique, លោក Roberto Martinez លោក Gareth Southgate និងលោក Joachim Low ជាដើម។
សម្រាប់នៅរាត្រីថ្ងៃទី២៤ ខែកញ្ញា លោកប្រាក់ សុវណ្ណារ៉ាចូលរួម ក្នុងការប្រកាសជ័យលាភីពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំ២០១៨ (Best Fifa Football Awards 2018) នៅក្រុងឡុងដ៍នោះដែរ៕
Tag:
បាល់ទាត់
ប្រាក់ សុវណ្ណារ៉ា
FIFA Football Conference
FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com