អន្តរជាតិ
គីម ជុងអ៊ុន ថា ដូណាល់ ត្រាំ ជាមនុស្សម្នាក់គត់អាចដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េបាន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នានជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (រូបភាព AFP)
× បួនថ្ងៃក្រោយបញ្ចប់ជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៤ ខែកញ្ញា ដើម្បីពន្យល់លទ្ធផលនៃជំនួបនៅព្យុងយ៉ាង។ លោក មូន បានប្រាប់លោក ត្រាំ ពីការប្ដេជ្ញាចិត្តរបស់ឥតងាករេរបស់លោក គីម ជុងអ៊ុន ក្នុងការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងការផ្លាស់ប្ដូរមុខមាត់កូរ៉េខាងជើង។ ឮបែបនេះ លោក ត្រាំ ហាក់រីករាយ និងត្រៀមជួបមេដឹកនាំកូរ៉េខាងជើងនៅពេលឆាប់ៗនេះ។
ជាថ្មីម្ដងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្វាគមន៍ជំនួបមេដឹកនាំកូរ៉េទាំងពីកាលពីសប្ដាហ៍មុន។ នាជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ខាងក្រៅជំនួបប្រជុំចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក ត្រាំ និយាយថា ទំនាក់ទំនងអាមេរិក និងកូរ៉េខាងជើង ប្រែទៅជាល្អប្រសើរយ៉ាងខ្លាំង។ លោក ត្រាំ ក៏សាទរលោក មូន ដែលធ្វើឲ្យជំនួបនៅទីក្រុងព្យុងយ៉ាងជោគជ័យ។
លោកប្រធានាធិបតី មូន ដែលបានដើរតួជាអ្នកសម្របសម្រួលរវាងលោក ត្រាំ និងលោក គីម បានប្រាប់ប្រធានាធីបតីអាមេរិកពីជំហររបស់មេដឹកនាំកូរ៉េខាងជើងដែលនៅតែចង់បានឧបទ្វីបបកូរ៉េមួយដែលគ្មាននុយក្លេអ៊ែរ។ ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់សមភាគីអាមេរិកថា៖ «លោក គីម បង្ហាញម្ដងហើយម្ដងទៀតនូវការជឿជាក់ និងក្ដីរំពឹងលើរូបលោក និងសង្ឃឹមជួបលោកឆាប់ៗនេះដើម្បីរំសាយនុយក្លេអ៊ែរឲ្យបានលឿន ព្រោះលោកជាមនុស្សតែម្នាក់គត់ដែលអាចដោះស្រាយបញ្ហានេះ។»
ឆ្លើយតបការលើកឡើងរបស់លោក មូន លោក ត្រាំ បញ្ជាក់ថាវិញថា ជំនួបមេដឹកនាំអាមេរិក និងកីរ់េខាងជើងលើកទី២ នឹងធ្វើឡើងនៅពេលខ្លីខាងមុខ តាមរបៀបជំនួបលើកដំបូងដែរ តែនឹងមិនធ្វើឡើងនៅសិង្ហបុរីទៀតឡើយ។ មេដឹកនាំអាមេរិកដែលធ្លាប់គំរាមកម្ទេចកូរ៉េខាងជើងឲ្យក្លាយជាផេះផង់រូបនេះប្រាប់អ្នកសារព័ត៌មានថា អាមេរិកនឹងមិនប្រញាប់ឡើយ ខណៈរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ កំពុងធ្វើការលើកិច្ចការនេះ។
ជុំវិញសំណុំរឿងនុយក្លេអ៊ែរដ៏រ៉ាំរ៉ៃមួយនេះ មេដឹកនាំកូរ៉េខាងត្បូង និងអាមេរិកក៏បានជជែកពីចំណាត់ការរបស់អាមេរិកក្នុងការឆ្លើយតបសកម្មភាពរបស់កូរ៉េខាងជើងដែលបានអនុវត្តវិធានការជាច្រើនដើម្បីរំសាយនុយក្លេអ៊ែរ។ នេះក៏ព្រោះតែកូរ៉េខាងជើងបានធ្វើការច្រើនគួរសមដែរហើយដូចជាការកម្ទេចទីតាំងសាកល្បងនុយក្លេអ៊ែរ ហើយថ្មីៗនេះក៏ប្រកាសបិទទីតាំងបាញ់មីស៊ីលមួយទៀត។ ក្នុងករណីអាមេរិកផ្ដល់ការលើកទឹកចិត្តណាមួយ កូរ៉េខាងជើងក៏ត្រៀមបិទមជ្ឈមណ្ឌលនុយក្លេអ៊ែរដ៏ធំដែរ។
យ៉ាងណាមិញ អាមេរិកហាក់នៅតែប្រកាន់ជំហរតឹងរ៉ឹងដដែល ជាពិសេសការបន្តដាក់ទណ្ឌកម្មរហូតដល់កូរ៉េខាងជើងរំសាយនុយក្លេអ៊ែរសិន។ ក្នុងជំនួបដដែល លោក ត្រាំ និងលោក មូន បានឯកភាពគ្នាបន្តអនុវត្តទណ្ឌកម្មដែលមានស្រាប់ដើម្បីជាសារប្រាប់កូរ៉េខាងជើងថា ការំសាយនុយក្លេអ៊ែរជាផ្លូវតែមួយគត់ដើម្បីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ៕
Tag:
អាមេរិក
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com