កីឡាអន្តរជាតិ
អន្តរជាតិ
មូលហេតុ​៥​យ៉ាង​ដែល Ronaldo មិនអាច​ឈ្នះ​ពាន Best FIFA Player ឆ្នាំនេះ​
25, Sep 2018 , 7:19 pm        
រូបភាព
​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​២០១៨ (Best Fifa Football Awards 2018) បាន​ធ្លាក់​ទៅលើ​ដៃ Luka Modric នៅក្នុង​កម្មវិធី​ប្រកាស​ចុងក្រោយ​ដែល​ធ្វើឡើង​នៅ​ក្រុង​ឡុង​ដ៍​នៅ​យប់​ថ្ងៃទី​២៤ ខែកញ្ញា​។ Cristiano Ronaldo ដែលជា​អតីត​មិត្ត​រួម​ក្រុម Real Madrid ជាមួយ Modric ស្ថិតក្នុង​លំដាប់​ពិន្ទុ​ទី​២​ប៉ុណ្ណោះ​ក្នុងចំណោម​បេក្ខភាព​៣​នាក់​ចុងក្រោយ​។​


 
Best FIFA Player បង្កើតឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA ដើម្បី​អបអរ​សម្រាប់​សមិទ្ធផល និង​ទេពកោសល្យ​របស់​កីឡាករ​បាល់ទាត់​ម្នាក់ៗ​ក្នុងអំឡុងពេល​ពេញ​មួយ​រដូវ​កាល​។​
 
FIFA បានសម្រេច​ជ្រើស​យក​បេក្ខភាព​កីឡាករ​៣​រូប​ចុងក្រោយ​រួមមាន Luka Modric, Cristiano Ronaldo និង Mohamed Salah ដែល​ពួកគេ​សុទ្ធតែ​បានបង្ហាញ​ខ្លួន​នៅ​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី និង​ក្លិប​របស់​ពួកគេ​រៀងៗ​ខ្លួន​។​
 
Ronaldo ដែល​ធ្លាប់​ទទួលពាន Best FIFA Player ២​លើក​ជាប់​គ្នា​ចុងក្រោយ មិនអាច​ក្រសោប​យក​ជា​លើក​ទី​៣ ដូចដែល​គេ​ជួយ Real លើក​ពាន Champions League ៣​លើក​ជាប់​គ្នា​នោះទេ​។ 
 
​ខណៈដែល​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Juventus រូបនេះ​បរាជ័យ​ក្នុងការ​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ UEFA រូបគេ​បាន​ខកខាន​ក្នុងការ​ទទួលបាន​ពានរង្វាន់​ពី FIFA នេះ​ទៀត​។ យ៉ាងណាក៏ដោយ​មូលហេតុ​ដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៣​ឆ្នាំ​មិនអាច​ទទួលបាន​ពាន​ខាងលើនេះ​គឺមាន​ហេតុផល ៥ យ៉ាង​៖
 
១-​ការចាប់ផ្តើម​មិនសូវ​បានល្អ​សម្រាប់​រដូវ​កាល​ថ្មី​
Ronaldo បាន​ផ្លាស់​ពី​ទឹកដី​អេ​ស្ប៉ា​ញ ទៅកាន់​ទឹកដី​អ៊ីតាលី​ក្នុងតម្លៃ​ខ្លួន ១១៥​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​សម្រាប់​ការបង្ហាញ​ខ្លួន​ប៉ុន្មាន​ប្រកួត​ដំបូង​នៅ​ក្របខណ្ឌ Serie A រូបគេ​មិនបាន​រក​គ្រាប់​បាល់​ឲ្យ Juventus នោះទេ​។​


 
២-Luka Modric
Modric និង Ronaldo សុទ្ធតែ​បាន​ជួយ Real លើក​ពាន Champions League រួមគ្នា​។ តែ​អ្វីដែល Modric មាន​លើស Ronaldo  គឺ​រូបគេ​បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ដើម្បី​នាំ​ជម្រើសជាតិ​ក្រូ​អាស៊ី​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup​។​


 
៣-​ភាពមិន​ស្ថិតស្ថេរ (​ម្តង​ល្អ ម្តង​មិនល្អ​)
​ភាពខ្លាំង​របស់ Ronaldo កាលពី​រដូវ​កាល​មុន​ពិត​ជាមាន ប៉ុន្តែ​ភាព​ខ្សោយ​របស់គេ​ក៏បាន​ដើរ​ទ​ន្ធឹ​ម​គ្នា​នោះដែរ​។ រូបគេ​ធ្វើ​បានល្អ​នៅ​ក្របខណ្ឌ​អឺរ៉ុប​តែ​ការបង្ហាញ​ខ្លួន​ក្នុង​លី​គ និង​ពាន​ក្នុងស្រុក​មួយចំនួនទៀត​មិន​ទទួលបាន​ផ្លែផ្កា​ឡើយ​។​


 
៤-​ការខកចិត្ត​របស់​ព័រ​ទុយ​ហ្គា​ល់​ក្នុង FIFA World Cup នៅ​រុស្ស៊ី 
​ម្ចាស់​ពាន Ballon d'Or ៥​សម័យ បាន​ជួយ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​លើក​ពាន Euro នៅ​បារាំង​ក្នុង​ឆ្នាំ​២០១៦​។ តែ​សម្រាប់​ការបង្ហាញ​ខ្លួន​នៅ World Cup ឆ្នាំ​២០១៨ Ronaldo មិន​អាចធ្វើ​ព្យុះភ្លៀង​បាន​នោះទេ​ដោយ​ព័រ​ទុយ​ហ្គា​ល់​ធ្លាក​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្រោម​ថ្វី​ជើង​អ៊ុយ​រ៉ូ​ហ្គា​យ​ក្នុង​លទ្ធផល ២-១​។​


 
៥-​កង្វះ​ភាពជោគជ័យ​ក្នុងស្រុក​
​បើទោះបី​បាន​ជួយ Real Madrid លើក​ពាន UEFA Champions League ៣​រដូវ​កាល​ចុងក្រោយ​ជាប់​គ្នា​ក្តី តែ Ronaldo បរាជ័យ​ដើម្បី​នាំ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ដណ្តើមពាន​ក្នុងស្រុក La Liga និង Copa Del Rey សម្រាប់​រដូវ​កាល ២០១៧-២០១៨៕


 

Tag:
 បាល់ទាត់​
  Best FIFA Player
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com