អន្តរជាតិ
អាមេរិក​,​ឥណ្ឌា សប្បាយចិត្ត​ដែល​ប្រជាជន​ម៉ា​ល់​ឌី​វ​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតី​ដែល​រណប​មហាអំណាច​ចិន​
25, Sep 2018 , 9:19 pm        
រូបភាព
ប្រធានាធីបតីជាប់ឆ្នោតលោក Ibrahim Mohamed Solih (AFP)
ប្រធានាធីបតីជាប់ឆ្នោតលោក Ibrahim Mohamed Solih (AFP)
​អាមេរិក និង​ឥណ្ឌា​បាន​បន្តកន្ទុយ​គ្នា​សាទរ​មេដឹកនាំ​បក្សប្រឆាំង​ម៉ា​ល់​ឌី​វ​ដែល​ទើប​ឈ្នះឆ្នោត​ប្រធានាធិបតី​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ មហាអំណាច​ទាំងនេះ​សង្ឃឹម​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​កោះ​ម៉ា​ល់​ឌី​វ​ក្នុង​ពេលខាងមុខ ព្រោះ​ប្រធានាធិបតី​ដែល​ធ្លាប់តែ​ស្និទ្ធ​ចិន​នោះ​អស់អំណាច​ទៅហើយ​។


 
​លោក Ibrahim Mohamed Solih បេក្ខជន​ប្រធានាធិបតី​បក្សប្រឆាំង​បាន​ដណ្តើម​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃអាទិត្យ​ទី ២៣ កញ្ញា ដោយបាន​សំឡេងគាំទ្រ ៥៨,៣ ភាគរយ​។ ប្រធានាធិបតី​អស់​អាណត្តិ​លោក Abdulla Yameen ដែល​ស្និទ្ធ​នឹង​ចិន​នោះ​បានទទួល​សំឡេងគាំទ្រ​ត្រឹម ៤១,៧​ប៉ុណ្ណោះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បន្ទាប់ពី​បានដឹង​ដំណឹង​នៃ​ជ័យជម្នះ​របស់លោក Solih មហាអំណាច​ប្រជាធិបតេយ្យ​មាន​អាមេរិក និង ឥណ្ឌា​ដែលជា​មិត្ត​ជិតខាង​ផង​នោះ​ហាក់ដូចជា​រីករាយ និង​បន្តកន្ទុយ​គ្នា​ចេញ​សារ​អបអរសាទរ​អនាគត​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​នេះ​ភ្លាម​។ 
 
​ទាំង​អាមេរិក និង​ឥណ្ឌា​សុទ្ធតែ​រំពឹង​ចង់​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែលមាន​ជាមួយ​ម៉ា​ល់​ឌី​វ ដោយសារ​ទំនាក់ទំនង​កន្លង​មិនសូវ​ល្អ​ព្រោះ​រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ​របស់លោក Yameen ងាក​ទៅ​ស្និទ្ធ​នឹង​របប​ដឹកនាំ​ក្រុង​ប៉េកាំង​ខ្លាំងពេក​។ 
 
​ក្រសួងការបរទេស​អា​មេ​រិ​ក​បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន​ដូ​ច្ន‍េះ ៖«​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដូចគ្នា អាមេរិក​ត្រៀមខ្លួន​ហើយ​ដើម្បី​សហការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​ម៉ា​ល់​ឌី​វ​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដែល​ធានា​ប្រយោជន៍​រួម​ក្នុងប្រទេស​ម៉ា​ល់​ឌី​វ និង​នៅក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា​ដែលមាន​សេរីភាព និង​បើកចំហ​»​។​
 
​ក្រៅពី​សាទរ​រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ អាមេរិក ក៏បាន​អបអរ​ប្រជាជន​ម៉ា​ល់​ឌី​វ​ផងដែរ​ដែល​បន្ត​ជឿជាក​លើ​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​និង​ចូលរួម​បោះឆ្នោត​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ប្រទេស​ខ្លួន​កន្លងមក​។  អាមេរិក​ក៏បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​ធានា​ឲ្យ​បាន​នូវ​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី​នៅពេល​ខាងមុខ​ដូចគ្នា​។  
 
​ចំណែកឯ​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​ឯណោះ​វិញ​ក៏​ផ្តល់​សារ​សាទរ​ប្រហាក់ប្រហែលគ្នា​ដែរ​ចំពោះ​លទ្ធផល​បោះឆ្នោត​។ ប៉ុន្តែ​មហាអំណាច​នេះ​ហ៊ាន​និយាយ​ច្បាស់​ថា ទំនាក់ទំនង​រវាង​ខ្លួន និង​ម៉ា​ល់​ឌី​វ មិនល្អ​ឡើយ​ក្នុង​អាណត្តិ​ដឹកនាំ​មុន​។ ឥណ្ឌា​សង្ឃឹមថា លទ្ធផល​បោះឆ្នោត​នេះ​នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការបង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ដែលមាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតនៅ​មហាសមុទ្រ​ឥណ្ឌា​ទាំងពីរ​នេះ​។  
 
​អាច​និយាយបានថា ប្រធានាធិបតី​ចាញ់ឆ្នោត Yameen មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ទំនាក់ទំនងរ​វា​ឥណ្ឌា និង​ម៉ា​ល់​ឌី​វ ល្អក់កករ​ឡើយ ថែមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ឥណ្ឌា​ថែមទៀត​ព្រោះ​ម៉ា​ល់​ឌី​វ​កំពុង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅ​ក្លាយជា​សម្ព័ន្ធមិត្ត​របស់​មហា​យក្ស​ចិន​។ 
 
​ក្រោយ​ការបោះឆ្នោត វា​មានការ​បារម្ភ​ជុំវិញ​ការផ្ទេរអំណាច​ផងដែរ ព្រោះ​មេដឹកនាំ​បច្ចុប្បន្ន​លោក Yameen បាន​បន្ត​ពង្រឹង​អំណាច​ដោយ​បង្ក្រាប​ក្រុម​អ្នកប្រឆាំង និង​ងាក​ទៅរក​ជំនួយ និង​កម្ចី​ពី​ចិន​ច្រើនសន្ធឹក​ក្នុង​អាណត្តិ​ដឹកនាំ ប្រាំ​ឆ្នាំ​មកនេះ​។ ប៉ុន្តែ​សញ្ញា​វិជ្ជមាន​កើតឡើង ដោយ​មេដឹកនាំ​វ័យ ៥៩​ឆ្នាំនេះ​បានទទួល​ស្គាល់​លទ្ធផល និង​សាទរ​គូប្រជែង​របស់ខ្លួន​ភ្លាមៗ​ក្រោយ​បានដឹង​លទ្ធផល​ច្បាស់​ដែរ​៕

Tag:
 ម៉ា​ល់​ឌី​វ​
  អាមេរិក​
  ឥណ្ឌា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com