អន្តរជាតិ
នាយករដ្ឋមន្ត្រីនូវែលសេឡង់នាំកូនអាយុបីខែចូលប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីនូវែលសេឡង់ ជាមួយកូន និងស្វាមីក្នុងអង្គប្រជុំ (រូបភាព Reuters)
× នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បង្ហាញវត្តមាននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កជាមួយប្រមុខរដ្ឋប្រមុខ និងរដ្ឋាភិបាលជាង ១២០ទៀតនៅសប្តាហ៍នេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ប្រមុខរដ្ឋាភិបាលរូបនេះនាំយកកូនស្រីអាយុ ៣ ខែទៅក្នុងសាលសន្និបាតអង្គការសហប្រជាជាតិផង។
លោកស្រី Arderm ដែលមានវ័យ ៣៨ឆ្នាំ បានក្លាយជាមេដឹកនាំពិភពលោកទីពីរដែលបានសម្រាលកូនពេលកំពុងកាន់តំណែងកំពូលរបស់រដ្ឋ ហើយក៏ជាមេដឹកនាំដំបូងគេដែលយកកូនចូលប្រជុំដូច្នេះ។ មេដឹកនាំស្ត្រីដំបូងដែលសម្រាលកូនក្នុងពេលកាន់តំណែងគឺ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកស្រី Benazir Bhutto ក្នុងឆ្នាំ ១៩៩០។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកស្រី Arderm នឹងត្រូវចូលរួមប្រជុំ និងថ្លែងសុន្ទរកថាទៅកាន់អង្គសន្និបាតអង្គការសហប្រជាជាតិនាក្រុងញូវយ៉កសប្តាហ៍នេះ។
គេឃើញលោកស្រី Arderm មានវត្តមាននៅក្នុងទីតាំងនៃកិច្ចប្រជុំជាមួយស្វាមីលោកស្រី Clarke Gayford និងកូនស្រីលោកស្រីដែលមានអាយុត្រឹម ៣ ខែមានឈ្មោះថា Neve។ ក្នុងពេលនោះ គឺលោកស្រីត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពណេលសិន ម៉ាន់ដេឡា (Nelson Mandela Peace Summit)។
តាមពិតទៅរយៈពេលជាច្រើនថ្ងៃមុនកិច្ចប្រជុំនេះចាប់ផ្តើម លោកស្រី បានប្រកាសរួចទៅហើយថា លោកស្រីនឹងធ្វើដំណើរជាមួយគ្រួសារទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក។ ក្រៅពីថ្លែងសុន្ទរកថាទៅកាន់អង្គមហាសន្និបាត លោកស្រី ក៏បានចូលរួមការប្រកាស់ដាក់ដំណើរការ «សប្តាហ៍អាកាសធាតុ» ដែលជាកម្មវិធីប្រចាំឆ្នាំផ្តោតលើការដោះស្រាយអាកាសធាតុដែរ។
Arderm បានក្លាយជានាយករដ្ឋមន្ត្រីកាលពីខែតុលាឆ្នាំមុន រយៈពេលបីខែក្រោយពេលដែលលោកឡើងកាន់តំណែងជាប្រធានបក្សពលករនូវែលសេឡង់។ ក្រោយលោកស្រីបានសម្រាកលំហែមាតុភាពរយៈពេលប្រាំមួយសប្តាហ៍ ហើយទើបត្រឡប់ចូលកាន់តំណែងវិញកាលពីខែសីហាប៉ុណ្ណោះ។
ត្រឡប់មកវិញ ការនាំកូនខ្ចីទៅចូលក្នុងមហាសន្និបាតនេះជារឿងដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែឥរិយាបថនេះប្រហែលជាអាចធ្វើឲ្យលោកស្រីរងការរិះគន់ខ្លះដែរ។ ទាក់ទិននឹងការនាំកូនទៅជាមួយក្នុងកិច្ចប្រជុំ លោកស្រី Arderm បានបញ្ជាក់ដូច្នេះថា៖« Never តែងតែនៅក្បែរខ្ញុំស្ទើរតែរាល់ពេល នៅពេលយើងនៅនូវែលសេឡង់»។
ការសម្រេចនាំយកកូនខ្ចីទៅចូលរួមប្រជុំនេះជាការសម្រេចចិត្តមួយដ៏ចាំបាច់ ដ្បិតថា Neve ទើបមានវ័យ ៣ ខែ ហើយនៅទទួលការបំបៅពីម្តាយរបស់គេរាល់ពេលដែរ៕
Tag:
នូវែលសេឡង់
UNGA
Jacinda Ardern
© រក្សាសិទ្ធិដោយ thmeythmey.com