កីឡាជាតិ
ជាតិ
​បឹងកេត​សោកស្តាយ ខណៈ​វិសាខា ពេញ​ចិត្តនឹង​ទីតាំង​ដែល​ខ្លួន​ទទួលបាន​
25, Sep 2018 , 9:39 pm        
រូបភាព
ដោយ:
 ​បើទោះបីជា​ព្រឹត្តិការណ៍​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅសល់​មួយ​សប្តាហ៍​ទៀត​ក៏ដោយ ប៉ុន្តែ​ណាហ្គា​វើ​ល បាន​ក្លាយជា​ម្ចាស់​ជើងឯក​ឆ្នាំ​២០១៨ ដោយ​ស្វ័យប្រវត្តិ ដែល​ធ្វើ​ឲ្យ​បឹងកេត ខកខាន​ឱកាស​លើក​ពាន​បី​ឆ្នាំ​ជាប់​គ្នា​។ ថ្នាក់ដឹកនាំ​បឹងកេត​សោកស្តាយ​ដែល​ក្រុម​របស់ខ្លួន​បាត់បង់​ឱកាស ប៉ុន្តែ​រីករាយ​ក្នុងការ​អបអរសាទរ​ជោគជ័យ​របស់​ណាហ្គា​វើ​ល​។ ចំណែកឯ​ក្រុម​វិសាខា​វិញ ការទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ជាទី​តាំង​ដ៏​ពេញចិត្ត​មួយ​សម្រាប់​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​។​

 
​ថ្នាក់ដឹកនាំ​ក្លិប​បាល់ទាត់​បឹងកេត​បាន​សរសេរ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​សុំទោស​អ្នកគាំទ្រ​ក្រោយ​ក្រុម​របស់ខ្លួន​មិនអាច​ការពារ​តំណែង​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ឆ្នាំ​២០១៨​។ ជាមួយគ្នានេះ ក្លិប​បឹងកេត​បាន​អបអរសាទរ​ក្រុម​ណាហ្គា​វើ​ល ដែល​ក្លាយជា​ម្ចាស់​ជើងឯក​ឆ្នាំនេះ បន្ត​ពី​ខ្លួន​។ លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​បឹងកេត បាន​សរសេរ​សារ​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បី​បង្ហាញ​ការសោកស្តាយ និង​សុំទោស​ដល់​អ្នកគាំទ្រ​។ ជាមួយគ្នានេះ ទាំង​លោក បែ មករា និង​អ្នកស្រី ពុធ ធីតា ដែលជា​ម្ចាស់​ក្លិប បាន​សន្យាថា នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​នៅ​រដូវ​កាល​បន្ទាប់​។    
 
 
​ការ​របូត​ឱកាស​ប្រជែង​ជើងឯក​ទាំង​នៅសល់​មួយ​ប្រកួត​នេះ បន្ទាប់ពី​បឹងកេត​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ក្រោយ​ណាហ្គា​វើ​ល​យកឈ្នះ​វិសាខា ២-១ នា​ការប្រកួត​សប្តាហ៍​ទី​២១ កាលពី​ថ្ងៃអាទិត្យ ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​។ បច្ចុប្បន្ន​ណាហ្គា​វើ​ល​ស្ថិតនៅ​កំពូល​តារាង​មាន​៥៣​ពិន្ទុ ខណៈ​បឹងកេត​ស្ថិតនៅ​លេខ​មាន​៤៩​ពិន្ទុ​។ ជាមួយគ្នានេះ ក្រុម​ចំណូល​ថ្មី​វិសាខា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ និង​ក្រសួងការពារជាតិ​បាន​លេខ​៤​។ 
 
​ចំណែក​ក្រុម​ចំណូល​ថ្មី​វិសាខា​វិញ ការទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ជា​ជោគជ័យ​ដ៏​ធំ​របស់​ក្លិប​។ លោក ហុក សុ​ជីវ័ន គ្រូបង្វឹក​ក្រុម​វិសាខា បាន​លើកឡើងថា​៖  «​សម្រាប់​យើង​ចំណាត់ថ្នាក់​លេខ​៣ វា​ល្អ​ពេក​សម្រាប់​ក្រុម​ថ្មី​ទើប​ឡើងមក​លី​គ​កំពូល​។ យើង​នឹង​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​សម្រេច​គោលដៅ​ធំ​នៅ​រដូវ​កាល​ក្រោយ​»​។ 
 
 
​ទន្ទឹមនឹងនេះ លោក ហុក សុ​ជីវ័ន បានបង្ហាញ​ការអបអរសាទរ​ចំពោះ​ម្ចាស់​ជើងឯក​ណាហ្គា​វើ​ល ដែល​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រោយ​ខកខាន​អស់​រយៈពេល​៩​ឆ្នាំ​កន្លងមកនេះ​។ លោក​បាន​លើកឡើងថា អំឡុងពេល​ប្រកួត​ជាស​ត្រូវ​នៅលើ​ទីលាន តែ​ក្រោយ​ការប្រកួត​ជា​មិត្តភក្តិ និង​មិត្ត​រួម​អាជីព​៕     


 

Tag:
 Cambodian League ២០១៨
  បែ មករា​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com