អន្តរជាតិ
មេដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា ទំនង​មិន​ទៅ​មហាសន្និបាត​UN ព្រោះ​បារម្ភ​គេ​លួច​ធ្វើឃាត​
25, Sep 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ទំនងជា​មិន​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧៣ នៅ​ទីក្រុង​ញូវយ៉ក​សប្តាហ៍​នេះឡើយ​។ កាលពី​សប្តាហ៍​មុន​លោក​ប្រកាសថា លោក​ចង់ទៅ​ចូលរួម​ប៉ុន្តែ​លោក​បារម្ភ​ពី​សុវត្ថិភាព​ព្រោះ​អាច​មានការ​លបលួច​ធ្វើឃាត​រូបលោក​នៅ​ទីនោះ​។


 
​កិច្ចប្រជុំពេញអង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧៣ ចាប់ផ្តើម​តាំងពី​ថ្ងៃ ១៨ ខែកញ្ញា​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នា​ក្រុង​ញូវយ៉ក ហើយ​ប្រមុខរដ្ឋ​ប្រហែល ៧១​រូប និង ប្រមុខ​រដ្ឋាភិបាល ៤៧ រូប​រួមជាមួយ​រដ្ឋមន្ត្រីការបរទេស​ច្រើន​នាក់​ផ្សេងទៀត​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​វេទិកា​នេះ​។ 
 
​យ៉ាងណាក៏ដោយ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AP ប្រមុខ​វេ​ណេ​ស៊ុយ​អេ​ឡា​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ទំនងជា​មិនមាន​វត្តមាន​ក្នុងការ​ជួបជុំ និង​ផ្តល់​សុន្ទរកថា​ទៅកាន់​អង្គសន្និបាត​នេះឡើយ​។ កាលពី​សប្តាហ៍​មុន​លោក​បានប្រកាសថា លោក​ចង់ទៅ​ចូលរួម​ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​នោះ​គឺ​សុវត្ថិភាព​របស់លោក​ស្ថិតនៅក្រោម​ការគំរាមកំហែង​ខ្លាំង​។​
​មេដឹកនាំ​រូបនេះ​បាន​អះអាង​ដូច្នេះ​៖«​ខ្ញុំ​នៅតែ​បន្ត​វាយតម្លៃ​មើល​ស្ថានភាព​តើ​ខ្ញុំ​អាច​នឹង​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឬក៏​អត់​ដ្បិតអី​អ្នកដឹង​ហើយ​ថា គេ​កំពុងរ​កវី​ធី​សាស្ត្រ​សម្លាប់​ខ្ញុំ​ចោល​»​។​
 
​ទោះជា​អះអាង​ច្បាស់​បែបនេះ​ក្តី លោក ម៉ា​ឌុយ​រ៉ូ មិនបាន​បង្ហាញ​ភស្តុតាង អ្វី​ជាក់ស្តែង​ជា​ដុំកំភួន​ដើម្បី​បកអាក្រាត​អ្នក​ដែល​ចង់​ធ្វើឃាត​លោក​ឡើយ​។ លោក​គ្រាន់តែ​ចង្អុល​ទៅ​ការវាយប្រហារ​ដែល​កើតឡើង​កាលពី​ខែ​មុន​ដែលមាន​ករណី​បំផ្ទុះ​យន្តហោះ​ដ្រូ​ន​ពីរ​គ្រឿង​ផ្សេងគ្នា​ពេលដែល​លោក​ថ្លែង​សុន្ទរកថា​ទៅកាន់​កងទ័ព​វេ​ណេ​ស៊ុយ​អេ​ឡា​នោះ​។ លោក​គ្រានតែ​និយាយថា វា​ជា​ផែនការ​សម្ងាត់​អចិន្ត្រៃយ៍​មួយ​ដែល​សត្រូវ​របស់លោក​កំពុង​ព្យាយាម​សម្រេច​ឲ្យ​បាន​។ 
 
​ត្រឡប់មកវិញ លោក ម៉ា​ឌុយ​រ៉ូ ធ្លាប់​ថ្លែង​សុន្ទរកថា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ ២០១៥ នៅពេលនោះ​ហើយ​ដែល​លោក​បាន​ឆ្លៀតឱកាស​ទិតៀន​យុទ្ធនាការ​របស់​ក្រុង​វ៉ាស៊ីនតោន​ដែល​ប៉ុនប៉ង​ប្រឆាំង​របប​ដឹកនាំ​សង្គមនិយម​របស់លោក​នោះ​។ ចាប់ពីពេលនោះ​មក លោក​មិនដែល​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​នៅ​ក្រុង​វ៉ាស៊ីនតោន​ទៀតឡើយ​។​
 
​តាមពិតទៅ រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ រង​ការ​ថ្កោលទោស​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​និង​ប្រជាជន​ក្នុងស្រុក​ផង​ដោយសារ​ការ​អសមត្ថភាព​ក្នុងការ​ដឹកនាំ និង​គ្រប់គ្រង​សេដ្ឋកិច្ច​ដែល​កំពុង​ដួលរលំ​នោះ​។ អង្គការ​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​បាន​ព្យាករ​ថា អត្រា​អតិផរណា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​កើនឡើង​ដល់​មួយ​លាន​ភាគរយ​នៅក្នុង​ឆ្នាំនេះ ហើយ​ប្រជាជន​កំពុង​បន្ត​ភៀសខ្លួន​ដោយសារ​រងទុក្ខវេទនា​ព្រោះ​កង្វះ​ស្បៀង និង​ថ្នាំសង្កូវ​ផង​នោះ​។ 
 
​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​នេះ​មិន​ខ្វល់​ឡើយ​ពី​បញ្ហា​សេដ្ឋកិច្ច និង​ទុក្ខវេទនា​របស់​ប្រជាជន ប៉ុន្តែ​បែរជា​ព្យាយាម​បន្ទោស​អាមេរិក និង​ចោទប្រកាន់ថា​មហាអំណាច​នេះ​បន្ត​ព្យាយាម​លូកលាន់​លួច​ពិភាក្សា​ជាមួយ​អតីតមន្ត្រី​យោធា​ខ្លួន​ជាច្រើនលើក​ច្រើនសារ​ក្នុងន័យ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រូប​លោក​ពី​តំណែង​។ ប៉ុន្តែ​លោក ម៉ា​ឌុយ​រ៉ូ បាន​អះអាង​ពេញមាត់​ថា ក្រុម​យោធា​នៅតែ​ស្មោះស្ម័គ្រ​ចំពោះ​លោក និង​គោរព​តាម​ការដឹកនាំ​របស់លោក​ដដែល​នៅពេលនេះ​។ 

Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  UNGA
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com