ជាតិ
ធម្ម​បណ្ឌិត ហេង មុន្នី​ចិន្តា ចាត់ទុក «​ឱវាទ​បាដិមោក្ខ​» ដូចជា​ធម្មនុញ្ញ​ពុទ្ធសាសនា​
25, Sep 2018 , 10:19 pm        
រូបភាព
ធម្មបណ្ឌិត ហេង មុន្នីចិន្តា ទទួល​សៀវភៅពីព្រះអង្គ ឃី សុវណ្ណរតនា
ធម្មបណ្ឌិត ហេង មុន្នីចិន្តា ទទួល​សៀវភៅពីព្រះអង្គ ឃី សុវណ្ណរតនា
ដោយ: ថ្មីៗ
​ធម្ម​បណ្ឌិត  ហេង មុន្នី​ចិន្តា ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​ផ្នែក​ព្រះពុទ្ធសាសនា និង​អ្នកនិពន្ធ​សៀវភៅ «​ព្រះបាទ​ធម្មិក​» ដ៏​ល្បីល្បាញ បាន​លើកឡើងថា «​ធម្មនុញ្ញ​ចាស់​ជាងគេ និង​មិន​ដែលមាន​នរណា​ហ៊ាន​ធ្វើ​វិសោធនកម្ម គឺ​ធម្មនុញ្ញ​ពុទ្ធសាសនា ដែលមាន​អាយុកាល​២៥៦២​ឆ្នាំ​ហើយ​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក បាន​លើកយក​ពាក្យ ធម្មនុញ្ញ និង បាដិមោក្ខ មក​ប្រៀបធៀប​។​

 
​សារព័ត៌មាន ThmeyThmey សូម​ធ្វើការ​ចុះផ្សាយ​ទាំងស្រុង​នូវ​អត្ថបទ​ដែល​រៀបរាប់​ដោយ​លោក ហេង មុន្នី​ចិន្តា ដូចខាងក្រោម​៖
 
​តាម​ការសិក្សា​និង​ការយល់ឃើញ​របស់ខ្ញុំ ពាក្យ​ធម្មនុញ្ញ​ដែល​យកមកប្រើ​ដើម្បីអោយ​ត្រូវ​នឹង​ពាក្យ Constitution ទំនង​ប្រហែល​ស្មើនឹង​ពាក្យ បាដិមោក្ខ នៅក្នុង​ពុទ្ធសាសនា​។ «​បា​តិ​ឬ​បា​ដិ​ក្នុង​ភាសាបាលី ឬ ប្រា​តិ​ក្នុង​ភាសាសំស្ក្រឹត មានន័យថា នាំទៅ ឆ្ពោះទៅ towards» + «​មោក្ខៈ​ឬ​មោ​ក្សៈ មានន័យថា ការ​រួច​ចាក​ផុត (liberation) (​ពី​សង្សារវដ្ត​)»​។​
 
​បាដិមោក្ខ​មាន​ពីរ គឺ «​ឱវាទ​បាដិមោក្ខ​» ជា​ឱវាទ​ដែល​ព្រះ​ពុទ្ធអង្គ​លោក​សម្តែង​នៅក្នុង​ថ្ងៃ​១៥​កើត​ខែមាឃ (​មាឃបូជា​) គឺ​នៅពេលដែល​ព្រះអង្គ​ប្រកាស​នៅ​ពីមុខ​ភិក្ខុសង្ឃ​ចំនួន ១២៥០ អង្គ នៅ​ព្រៃ​ឫស្សី​ក្រុង​មគធៈ​ពី​បុរាណ​។ ព្រះ​អានន្ទ​ធ្លាប់​សួរ​ព្រះអង្គ​ដែរ​ថា​តើ​ព្រះ​ពុទ្ធអង្គ​មុនៗ មាន​ដែល​ធ្វើការ​ផ្លាស់ប្តូរ​ខ្លឹមសារ​នៃ​ឱវាទ​បាដិមោក្ខ​ឬទេ​។ ព្រះ​ពុទ្ធអង្គ​ឆ្លើយថា មាន​៖​ព្រះពុទ្ធ​អង្គ​ខ្លះ ថែមថយ​ខ្លឹមសារ​ម្តង អង្គ​ខ្លះ​ថែមថយ​ខ្លឹមសារ​ពីរដង (​វិសោធនកម្ម​)​។ ចំពោះ​សម័យ​ព្រះពុទ្ធ​សមណ​គោត្ត​ម គឺ​ព្រះពុទ្ធ​របស់​យើង​សព្វថ្ងៃនេះ មិន​មានការ​ថែមថយ​ទេ គឺ​ធ្វើ​តែម្តង​នៅ​ថ្ងៃ​១៥​កើត​ខែមាឃ នៅ​ចំពោះមុខ​សង្ឃ​១២៥០​អង្គ​នេះឯង​។ ដូច្នេះ ពុទ្ធឱវាទ​បាដិមោក្ខ​នេះ (​ខ្ញុំ​ប្រើពាក្យ​ធម្មនុញ្ញ ឬ​ជា ពុទ្ធ​ធម្មនុញ្ញ ដែល​ខ្ញុំ​គិតថា​មាន​ឋានៈ​ស្មើនឹង​ពាក្យ រដ្ឋធម្មនុញ្ញ​ខាង​ផ្លូវរដ្ឋ​) មិនមាន​ការធ្វើ​វិសោធនកម្ម​ទេ ដូច្នេះហើយ​បានជា​ខ្ញុំ​ថា​មាន​ចំណាស់​ជាងគេ និង មិនមាន​នរណា​ហ៊ាន​ធ្វើ​វិសោធនកម្ម ព្រោះ​ព្រះ​ពុទ្ធអង្គ​បាន​កំណត់ទុក​រួចហើយ ថា​មិនអាច​កែប្រែ​បានទេ​។​
 
​ចំពោះ​ពាក្យ​មួយ​ម៉ាត់​ទៀត​គឺ ភិក្ខុ​និង​ភិក្ខុនី​បាដិមោក្ខ គឺជា​គោល​វិន័យ​ឬ​ច្បាប់​ដែលមាន​លក្ខណៈ​ជា Organic Law ឬ ក៏​ជា​ក្រមព្រហ្មទណ្ឌ​ដែល​ភិក្ខុ​និង​ភិក្ខុនី​ត្រូវ​អនុវត្តតាម​ដើម្បី​រួចផុត​ពី​សេចក្តី​ទុក្ខ​(​ក្នុង​សង្សារវដ្ត​)​។ បាដិមោក្ខ​នេះ ព្រះ​ពុទ្ធអង្គ​អនុញ្ញាត​អោយធ្វើ​វិសោធន​កម្មបាន នូវ​សិក្ខាបទ​ណា​តូចៗ ដែល​មិនត្រូវ​តាម​សម័យ​ជាដើម ដោយ​ត្រូវយក​គោលការណ៍ មហា​បទេស​៤ សម្រាប់​ពិនិត្យ​លើ​ការធ្វើ​វិសោធនកម្ម និង​ត្រូវ​សម្រេច​ដោយ​សង្ឃ​ជាស​មាន​ឆន្ទ​។ មានការ​ជជែក​គ្នា​ពី​រឿងនេះ​បន្ទាប់ពី​ព្រះពុទ្ធ​អង្គ​ទ្រង់​ចូល​បរិនិព្វាន តែ​មិនអាច​រក​សម្លេង​តែមួយ​បាន ព្រោះ​និយាម​លើ​ពាក្យ​ថា សិក្ខាបទ​តូចតាច ត្រូវបាន​និយាម​ដោយ​មតិ​ខុសគ្នា​ច្រើនពេក​និង​ខុសគ្នា​ខ្លាំងពេក​។ ព្រះសង្ឃ​ដែលមាន​វ័យ​ចំណាស់​និង​បួស​បានយូរ ក៏​សម្រេច​មិន​ធ្វើ​វិសោធនកម្ម​លើ​សិក្ខាបទ ២២៧​ដែល​អនុវត្ត​ដោយ​ភិក្ខុ និង ៣១១​ដែល​អនុវត្ត​ដោយ​ភិក្ខុនី​។ ពុទ្ធសាសនា​បែបនេះ ត្រូវគេ​ហៅថា ថេរវាទ ។ ចំណែក​ក្រុម​ទាំងឡាយ​ដែល​និយម​ការកែប្រែ (​គេ​ហៅថា អាចារ្យ​វាទ​) ក៏បាន​ព្យាយាម​ធ្វើការ​ថែមថយ​រៀងៗ​ក្រុម​ខ្លួន លើ​ភិក្ខុ​ប្បាដិមោក្ខ​ខ្លះ លើ​ការពន្យល់​ពាក្យ​បង្រៀន​របស់​ព្រះពុទ្ធ​ខ្លះ តាម​ការយល់​របស់​ក្រុម​ខ្លួន​។ ជា​ផលវិបាក ពុទ្ធសាសនា​បាន​បែកចេញ​ជា​១៨​និកាយ ឬ 18 Schools of Thoughts​។ មកដល់​បច្ចុប្បន្ននេះ យើង​ឮ​តែ​ពាក្យ #​មហាយាន និង #​ហីនយាន (​ថេរវាទ​) តែប៉ុណ្ណោះ​។​
 
​អ្វីដែល​ខ្ញុំ​បញ្ចេញមតិ​នេះ គឺ​គ្រាន់តែ​ចង់បង្ហាញ​អំពី​ឋានៈរ​បស់ពាក្យ​បាដិមោក្ខ​ក្នុង​ពុទ្ធសាសនា​និង​ពាក្យ​ធម្មនុញ្ញ​របស់​ផ្លូវលោក ថា​មាន​លក្ខណៈ​បែបណា​ដោយ​សង្ខេប​តែប៉ុណ្ណោះ ដើម្បី​ដោះស្រាយ​មួយចំណែក​ទៅលើ​ពាក្យ​ដែល​ខ្ញុំ​បាន​សរសេរ​ក្នុងឱកាស​ទិវា​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
 
 
 

Tag:
 ​ពុទ្ធសាសនា​
  ហេង មុន្នី​ចិន្តា
© រក្សាសិទ្ធិដោយ thmeythmey.com