អន្តរជាតិ
អឺរ៉ុប នឹងបង្កើតប្រព័ន្ធទូទាត់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីគេចពីទណ្ឌកម្មរបស់អាមេរិក ប្រមុខការទូតសហភាពអឺរ៉ុប Federica mogherini (រូបភាព AFP)
× សហភាពអឺរ៉ុប នៅថ្ងៃទី២៤ ខែកញ្ញា បានប្រកាសថា ខ្លួននឹងបង្កើតប្រព័ន្ធទូទាត់ថ្មីមួយដើម្បីអនុញ្ញាតក្រុមហ៊ុនរបស់អឺរ៉ុបអាចរកស៊ីជាមួយអ៊ីរ៉ង់ដោយស្របច្បាប់ និងមិនស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិក។ អាមេរិកក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ទោះជាប្រទេសហត្ថលេខីផ្សេងទៀតប្រឹងបញ្ចុះបញ្ចូលក្ដី។ អាមេរិកក៏បានគំរាមដាក់ទណ្ឌកម្មលើក្រុមហ៊ុនបរទេសទាំងអស់ដែលហ៊ានរកស៊ីជាមួយអ៊ីរ៉ង់។
ជាថ្មីម្ដងទៀត ប្រទេសអឺរ៉ុបដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅតែបន្តការប្ដេជ្ញាចិត្តអនុវត្តកិច្ចព្រមព្រៀងនេះជាមួយអ៊ីរ៉ង់ដដែល ដោយមិនខ្វល់ខ្វាយពីការដើរចេញរបស់អាមេរិកឡើយ។ អំឡុងពេលកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកកិច្ចព្រមព្រៀងសំខាន់មួយនេះ បានជួបជុំគ្នានៅទីក្រុងញូវយ៉ក ហើយបានសម្រេចថា អ៊ីរ៉ង់ពិតជាបានអនុវត្តតាមកិច្ចព្រមព្រៀងនេះបានខ្ជាប់ខ្ជួន។
ថ្លែងក្រោយកិច្ចប្រជុំនេះ ប្រមុខការទូតសហភាពអឺរ៉ុប Federica Mogherini បានប្រកាសការតាំងចិត្តរបស់ប្រទេសអឺរ៉ុបក្នុងការការពារសេរីភាពសេដ្ឋកិច្ចរបស់ក្រុមហ៊ុនខ្លួនក្នុងការបន្តការរកស៊ីដោយស្របច្បាប់ជាមួយអឺរ៉ុប។ យ៉ាងណាមិញ ប្រទេសដែលនៅសេសសល់ត្រូវប្រឈមមុខប្រព័ន្ធពាណិជ្ជកម្មដែលគ្របដណ្ដប់ដោយអាមេរិក និងលុយដុល្លារដ៏លើសលប់ ក៏ដូចជាការគំរាមដាក់ទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោនផង។
ជាមួយនឹងការទទួលស្គាល់ថា អ៊ីរ៉ង់អនុវត្តតាមកិច្ចព្រមព្រៀងត្រឹមត្រូវហើយភាពចាំបាច់ក្នុងការបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់នោះ អឺរ៉ុបនឹងបង្កើតប្រព័ន្ធថ្មីមួយដើម្បីបន្តការទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ខណៈអាមេរិកប្រុងរឹតត្បិតដង្ហើមនាំចេញរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ។ លោកស្រី Mogherini លើកឡើងថា យន្តការថ្មីជួយសម្រួលការទូទាត់ជាមួយអ៊ីរ៉ង់ ជាពិសេសការចេញប្រេងរបស់អ៊ីរ៉ង់តែម្ដង។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ប្រមុខការទូតសហភាពអឺរ៉ុបក៏អះអាងដែរថា ប្រទេសហត្ថលេខីដូចជាបារាំង អង់គ្លេស រុស្ស៊ី អាល្លឺម៉ង់ និងចិន ក៏រក្សាការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តគាំទ្រកម្មវិធីថាមពលអាតូមិកស៊ីវិលរបស់អ៊ីរ៉ង់ដដែល។ លោកស្រី Mogherini ពន្យល់ថា គំនិតផ្ដួចផ្ដើមនេះមានគោលដៅរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។
ការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុបល្អក់កករយ៉ាងខ្លាំង។ អាមេរិកដែលអនុវត្តទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញនោះ ក៏មិនលើកលែងឲ្យក្រុមហ៊ុនអឺរ៉ុបដែលបន្តរកស៊ីជាអ៊ីរ៉ង់ទៅទៀត។ ប្រឈមមុខការគំរាមរបស់រដ្ឋបាលលោក ត្រាំ ក្រុមហ៊ុនរបស់អឺរ៉ុបជាច្រើនបានសម្រេចចិត្តឈប់ប្រកបរបរជាមួយក្រុងតេហេរ៉ង់ ឯខ្លះនៅស្ទាក់ស្ទើរនៅឡើយ ព្រោះសហភាពអឺរ៉ុបកំពុងរកផ្លូវបញ្ចៀសទណ្ឌកម្មរបស់អាមេរិក៕
Tag:
អឺរ៉ុប
អ៊ីរ៉ង់
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com