អន្តរជាតិ
រដ្ឋបាល ត្រាំ ត្រៀមលក់អាវុធឲ្យតៃវ៉ាន់តម្លៃ ៣៣០លានដុល្លារ រូបភាព AFP
× រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៤ ខែកញ្ញា បានស្នើលក់អាវុធទៅឲ្យកោះតៃវ៉ាន់ដែលមានតម្លៃចំនួន៣៣០លានដុល្លារ។ គម្រោងនៃកិច្ចព្រមព្រៀងលក់សម្ភារសម្រាប់យន្តហោះនេះ នឹងដុតកម្ដៅទំនាក់ទំនងអាមរិក និងចិន ដែលកំពុងតានតឹងស្រាប់ដោយសារជម្លោះពាណិជ្ជកម្ម។ ក្រុងប៉េកាំងនឹងរឹតតែមិនសប្បាយចិត្តខ្លាំងថែមទៀត ព្រោះក្រុងវ៉ាស៊ីនតោននៅតែបន្តមានទំនាក់ទំនងជាមួយក្រុងតៃប៉ិ ទាំងខ្លួនមិនទទួលស្គាល់ឯករាជ្យក្ដី។
សំណើលក់អាវុធតម្លៃ៣៣០លានដុល្លារដែលប្រកាសដោយក្រសួងការពារជាតិអាមេរិកនៅថ្ងៃទី២៤ ខែកញ្ញា មានបញ្ចូលសម្ភារសម្រាប់យន្តហោះតៃវ៉ាន់ធុន F-16, C-130 និងយន្តហោះក្នុងស្រុកប្រភេទ F-5 ព្រមទាំងសម្ភារដែលប្រើលើប្រព័ន្ធយន្តហោះផ្សេងទៀត។ សំណើនេះ នឹងត្រូវដាក់ឲ្យឆ្លងសភាអាមេរិកជាមុនសិន តែវានឹងធ្វើឲ្យអាមេរិក និងចិនមើលមុខគ្នាកាន់តែលែងចំថែមទៀត ខណៈមិនត្រូវគ្នាដោយសារបញ្ហាពានិជ្ជកម្មស្រាប់ទៅហើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការយោធាចំណុះមន្ទីរបញ្ចកោណ សំណើលក់អាវុធនេះនឹងរួមចំណែកដល់នយោបាយការបរទេស និងសន្តិសុខជាតិរបស់អាមេរិកតាមរយៈការជួយពង្រឹងសមត្ថភាពសន្តិសុខ និងការពាររបស់ប្រទេសអ្នកទិញអាវុធ។ លើសពីនោះ ការកើនឡើងសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់ គឺជាកម្លាំងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងដំណើរការសេដ្ឋកិច្ចតំបន់។
រដ្ឋាភិបាលតៃវ៉ាន់ឯណោះវិញ ពិតជារីកមុខរីកមាត់យ៉ាងខ្លាំងចំពោះសំណើលក់អាវុធរបស់អាមេរិក ដែលជាខ្នងបង្អែកដ៏ធំរបស់ខ្លួន។ អ្នកនាំពាក្យវិមានប្រធានាធិបតីតៃវ៉ាន់និយាយថា តៃវ៉ាន់ពិតជាសាទរខ្លាំងដែលរដ្ឋាភិបាលអាមេរិកគិតគូរសន្តិសុខជាតិរបស់តៃវ៉ាន់ និងបន្តការប្ដេជ្ញាចិត្តក្នុងការគោរពតាមច្បាប់ស្ដីពីទំនាក់ទំនងជាមួយតៃវ៉ាន់ និងគោលការណ៍ធានា៦ចំណុចជុំវិញនយោបាយរបស់អាមេរិកមកលើតៃវ៉ាន់។
ការលក់អាវុធពីសំណាក់អាមេរិក ធ្វើឲ្យតៃវ៉ាន់សប្បាយចិត្ត ព្រោះនឹងជួយបង្កើនទំនុកចិត្តរបស់កោះមួយនេះ ដែលកំពុងប្រឈមមុខចង្កូមរបស់ចិន។ ចិនដែលនៅតែចាត់ទុកតៃវ៉ាន់ជាដែនកោះរបស់ខ្លួនមិនអាចផ្ដាច់ចេញបាននោះ តែងតែគំរាមប្រើអ្នកនយយោបាយតៃវ៉ាន់ឲ្យបោះបង់គំនិតប្រកាសឯករាជ្យ ព្រោះខ្លួនមិនរួញរាក្នុងការប្រើកម្លាំងដើម្បីដណ្ដើមតៃវ៉ាន់មកគ្រប់គ្រងឡើងវិញឡើយ។ ចំណែកឯទំនាក់ទំនងរវាងតៃវ៉ាន់ និងអាមេរិក គឺជាចំណុចរសើបមួយសម្រាប់ក្រុងប៉េកាំង។
ទោះជាផ្ដាច់ចំណងការទូតផ្លូវការជាមួយតៃវ៉ាន់ក្នុងឆ្នាំ១៩៧២ ក្ដី អាមេរិកនៅតែបន្តទំនាក់ទំនងល្អជាមួយតៃវ៉ាន់ដដែល ហើយទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំក្នុងអាណត្តិលោក ដូណាល់ ត្រាំ ។ កាលពីឆ្នាំ១៩៨២ ប្រធានាធិបតីអាមេរិក Ronald Reagan បានដាក់ចេញការធានា៦ចំណុចសម្រាប់តៃវ៉ាប់ដូចជាអាមេរិកសន្យាមិនកំណត់កាលបរិច្ឆេទលក់អាវុធឲ្យតៃវ៉ាន់ មុនជជែកជាមួយចិនជាមុនលើការលក់អាវុធឲ្យតៃវ៉ាន់ មិនដើរតួនាទីសម្រុះសម្រួលឲ្យតៃវ៉ាន់ និងចិនជាដើម៕
Tag:
អាមេរិក
តៃវ៉ាន់
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com