អន្តរជាតិ
ពេល​លោក ត្រាំ អួត​ពី​សមិទ្ធផល​ខ្លួន​ប្រាប់​មហាសន្និបាត UN មេដឹកនាំ​ឯទៀត​នាំគ្នា​សើច​
26, Sep 2018 , 10:53 am        
រូបភាព
ដោយ: ថ្មីៗ
​នា​វេទិកា​មហា​សន្និបាត​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃ​អង្គារ​ទី ២៥ ខែកញ្ញា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​អួតអាង​ថា​សមិទ្ធផល​ដែល​រដ្ឋបាល​លោក​សម្រេចបាន​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកនេះ​ច្រើនជាង​រដ្ឋបាល​អាមេរិក​មុនៗ​ស្ទើរ​ទាំងអស់​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល មេដឹកនាំ​ពិភពលោក​នាំគ្នា​សើច​ហ៊ោរ​។​
 
​លោក ដូ​ណា​ល់ ត្រាំ បានបង្ហាញមុខ​ជាថ្មី​នៅក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជា​ជានា​ថ្ងៃ​អង្គារ​ទី ២៥ ខែកញ្ញា ដោយ​លោក​បានផ្តល់​សុន្ទរកថា​មួយ​​មានរយៈពេលជាង ៣០នាទីទៅកាន់​អង្គមហាសន្និបាត​ទាំងមូល​ផង​។ មេដឹកនាំ​អាមេរិក​រូបនេះ​បាន​ផ្តោតលើ​បញ្ហា​ជាច្រើន​ដូចជា​ការរំសាយនុយក្លេអ៊ែរ​កូរ៉េខាងជើង​, បញ្ហាអ៊ីរ៉ង់​, វិបត្តិ​មនុស្សជាតិ​ដូចជា​សង្គ្រាម​ស៊ី​រី វេ​ណេ​ស៊ុយ​អេ​ឡា ក៏ដូចជា​ការកែទម្រង់​រចនាសម្ព័ន្ធ​ស្ថាប័ន​អន្តរជាតិ​ដូច​អង្គការសហប្រជាជាតិ​ជាដើម​។​
 
​ប្រធានាធិបតី​រូបនេះ​បាន​ផ្តើម​សុន្ទរកថា​របស់លោក​ដោយ​រៀបរាប់​ពី​សមិទ្ធផល​ដែល​រដ្ឋបាល​លោក​សម្រេចបាន​ជិត​ពីរ​ឆ្នាំ​មកនេះ​ទាំង​សេដ្ឋកិច្ច សន្តិសុខ និង​ការពារជាតិ​មុន​ចូល​បញ្ហា​សាច់​ការ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ មេដឹកនាំ​រូបនេះ​បានប្រកាស​ជា​ចំហ​ថា រដ្ឋបាល​លោក​សម្រេចបាន​ជោគជ័យ និង​សមិទ្ធផល​ច្រើន​ស្ទើរតែ​លើស​រដ្ឋបាល​ប្រធានាធិបតី​មុន​ផង​។

 
«​ក្នុង​រយៈពេល​តិច​ជា​ងពីរ​ឆ្នាំ​មកនេះ រដ្ឋបាល​របស់ខ្ញុំ​បានសម្រេច​សមិទ្ធផល​ច្រើនជាង​បណ្តា​រដ្ឋបាល​មុនៗ​ស្ទើរតែ​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​យើង​»​។ លោក ត្រាំ និយាយ​មិនទាន់​ចប់​ស្រួលបួល​ផង ស្រាប់តែ​មេដឹកនាំ​ដែលមាន​វត្តមាន​ក្នុង​សាលប្រជុំ​នាំគ្នា​សើច​។​
 
​លោក ត្រាំ ប្តូរ​ទឹកមុខ ហើយសើច​ដូចជាហួសជាមួយ​គេឯង​ដែរ​ និង​និយាយ​បន្តថា​៖«​វា​ជា​រឿង​ពិត​។ ខ្ញុំ​មិន​គិតថា មានប្រតិកម្ម​បែបនេះ​ទេ ប៉ុន្តែ​វា​មិន​អី​ទេ​»​។ មេដឹកនាំ​ក្នុង​សាលប្រជុំ​នាំគ្នា​សើច​ទៀត ហើយ​ទះដៃ​បន្ទរ​។​
 
​បន្ទាប់មកទៀត លោក ត្រាំ បាន​លើកយក​បញ្ហា​កំណើនសេដ្ឋកិច្ច​ដែល​រីកលូតលាស់​មិន​ធ្លាប់មាន​ពីមុន​សោះ គិត​ចាប់ពី​ពេលដែល​លោក​ជាប់ឆ្នោត​។ លោក​អះអាង​បន្ថែមថា រដ្ឋបាល​លោក​សម្រេចបាន​នូវ​ការបន្ថែម​ហិរញ្ញវត្ថុ​រហូតដល់ ១០​ទ្រី​លាន​ដុល្លារ​ក្នុង​សេដ្ឋកិច្ច ហើយ​ទីផ្សារ​ហិរញ្ញវត្ថុ​ឯណោះ​វិញ​កើន​ខ្ពស់​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​សោះ​។  ចំណែក​អត្រា​និកម្មភាព​ក៏​ថយចុះ​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៥០​ឆ្នាំ ដោយ​រដ្ឋបាល​លោក​បង្កើតបាន​ការងារ​ថ្មីៗ​ប្រហែលជា ៤​លាន​កន្លែង​។ រីឯ​អត្រា​ឥត​ការងារ​ក្នុងចំណោម​ប្រជាជន​អាមេរិក​កំណើត​អាហ្វ្រិក​, អាស៊ី និង​ឡាទីន​ក៏​ធ្លាក់ចុះ​ទាប​ដូចគ្នា​។​
 
​ក្រៅពី​សេដ្ឋកិច្ច មេដឹកនាំ​អាមេរិក​ខាងលើ​ក៏បាន​លើកយក​គោលនយោបាយ​កែទម្រង់​ប្រព័ន្ធ​ពន្ធអាករ និង​ចាប់​ផ្តើមកសាង​ជ​ញ្ជាំ​ងព្រំដែន​ដែល​ទប់ស្កាត់​ជន​អន្តោរ​ប្រវេសន៍ និង​ធានាបាន​សន្តិសុខ​ព្រំដែន​បានល្អ​ប្រសើរ​។ 
 
​រឿង​យោធា​វិញ លោក ត្រាំ បាន​លើកឡើងថា យោធា​អា​មេ​រិ​កាន់តែខ្លាំង​ជា​ងពេលណាៗ​ទាំងអស់ ហើយ​អាមេរិក​បន្ត​វិនិយោគ​លើ​វិស័យនេះ​។ ជាក់ស្តែង​លោក​លើក​ឧទាហរណ៍​ថា កញ្ចប់​ថវិកា​ការពារ​ដែល​រដ្ឋបាល​លោក​បានកំណត់​សម្រាប់​ឆ្នាំនេះ​ដែលមាន​ទំហំ​ច្រើន​រហូតដល់ ៧០០​ពាន់​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំក្រោយ​ថវិកា​នេះ​នឹង​កើន​ដល់ ៧១៦​ពាន់​លាន​ដុល្លារ​ឯណោះ​។ 
 
«​យោធា​របស់​យើង​នឹង​កាន់តែ​មានអំណាច​ខ្លាំង​ជាង​ពេលណាៗ​ទាំងអស់​។ អាចនិយាយបាន​ម្យ៉ាង​ទៀតថា អាមេរិក​កាន់តែខ្លាំង​, មាន​សុវត្ថិភាព​ជាង​មុន និង​កាន់​តែមាន​ជាង​មុន​ចាប់ពី​ពេលដែល​ខ្ញុំ​ចូលកាន់​តំណែង​ក្នុង​រយៈពេល​តិចជាង​ពីរ​ឆ្នាំ​មកនេះ​»​។ លោក ត្រាំ បញ្ជាក់។ 
 
​សូមបញ្ជាក់ថា លោក ត្រាំ បានថ្លែង​សុន្ទរកថានេះទៅកាន់​កិច្ចពិភាក្សា​កម្រិត​ខ្ពស់​នា​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) លើក​ទី៧៣​​ ​នាទី​ក្រុង​ញូវយ៉ក​។ មេដឹកនាំ​ពិភពលោក​ជា​ប្រមុខរដ្ឋ ៧១​រូប និង​ប្រមុខ​រដ្ឋាភិបាល ៤៧ រូប រួមជាមួយ​រដ្ឋមន្ត្រីការបរទេស​ជាច្រើនរូប​ផ្សេងទៀត​ត្រូវមាន​វត្តមាន​ក្នុង​វេទិកា​នេះដែរ​៕
 

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  UNGA
© រក្សាសិទ្ធិដោយ thmeythmey.com