ជាតិ
ម្ជូរដើមចេកអ្នកពោធិ៍សាត់ ផ្អកត្រីប្រៃអ្នកបន្ទាយមានជ័យ បង្អែមចេកខ្ទិះអ្នកតាកែវ ជាប់លេខ១
× គណៈកម្មការមេប្រយោគមហោស្រពដណ្តាំស្លម្លូបអាហារខ្មែរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសលទ្ធផលនៃជ័យលាភីមុខម្ហួប នាមហោស្រពដណ្តាំស្លម្ហូបអាហារខ្មែរលើកទី១៩ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី២២-២៣ ខែកញ្ញា កន្លងមក។ អបអរសាទរ ម្ជូរដើមចេកអ្នកពោធិ៍សាត់ ផ្អកត្រីប្រៃអ្នកបន្ទាយមានជ័យ បង្អែមចេកខ្ទិះអ្នកតាកែវ ដែលបានជាប់ចំណាត់ថ្នាក់លេខ១ នៅតាមផ្នែកនីមួយៗ។
លទ្ធផលជ័យលាភី ដែលប្រកាសដោយលោកស្រី នេត ភូម៉ារី ប្រធានគណៈកម្មការមេប្រយោគមហោស្រពដណ្តាំស្លម្លូបអាហារខ្មែរ លើកទី១៩ ឆ្នាំ២០១៨ បានបង្ហាញឲ្យឃើញថា ផ្នែក «ម្ហូបសម្លម្ជូរដើមចេក» ខេត្តពោធិ៍សាត់ជាប់លេខមួយ ជាមួយនឹងឈ្មោះម្ហូប «ម្ជូរដើមចេកប្រឡែងមច្ឆាតម្រាសំពៅមាស» លេខពីរបានទៅលើ «ម្ជូរដើមចេកត្រីរ៉ស់ស្រណោះត្នោតទេមាត់បឹង» ពីខេត្តស្វាយរៀង និងលេខបី បានទៅលើ «ម្ជូរដើមចេកព្រែកស្វាយម្លប់ស្នេហ៍ត្រពាំងរូង»។
ចំណែក «ម្ហូបពិសេសប្រចាំតំបន់» ឯណោះវិញ «ផ្អកត្រីប្រៃស្នាដៃយាយរវៃសូត្រ» របស់ខេត្តបន្ទាយមានជ័យ ជាប់លេខមួយ ម្ហូប «ប្រោះស្វាភ្នំស្រួចលួចស្នេហ៍ប្រហុក» របស់អ្នកកំពង់ស្ពឺ ជាប់លេខពីរ រីឯ «ឆាគ្រឿងឈ្ងុយឈ្ងប់ម្លប់ពោធិ៍ជើង» របស់អ្នកត្បូងឃ្មុំ បានលេខបី។
សម្រាប់ផ្នែកបង្អែមវិញ «ចេកខ្ទិះម្លិះស្នេហ៍នាងខ្មៅ» របស់អ្នកតាកែវ ជាប់ជ័យលាភីលេខ១ ដោយនាំមុខ «ចេកខ្ទិះចេកនាងលាក់» របស់អ្នករាជធានីភ្នំពេញ និង «ចេកខ្ទះទឹកចិត្តនាងកន្ទន់» របស់អ្នកខេត្តព្រះវិហារ។
បើតាមគណៈកម្មការមេប្រយោគ លក្ខណៈវិនិច្ឆ័យផ្អែកទៅលើរសជាតិឆ្ងាញ់ពិសា សោភណភាពដែលមានការរៀបចំ និងមុខម្ហូបល្អប្រណិត រួមទាំងសិល្បៈដណ្តាំស្ល ដែលមានការប៉ិនប្រសប់ និងអនាម័យល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com