ជាតិ
សម្តេច ហ៊ុន សែន៖ មរណភាពលោក Tran Dai Quang ជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ ខែកញ្ញា រួមជាមួយបណ្តាមេដឹកនាំ និងគណះប្រតិភូ នៃប្រទេសជាង១០ទៀត បានអញ្ជើញទៅក្រុងហាណូយ ដើម្បីគោរពវិញ្ញាណក្ខន្ធ សព លោក Tran Dai Quang ប្រធានរដ្ឋវៀតណាម ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២១កញ្ញា ក្នុងអាយុ៦២ឆ្នាំ ដោយជំងឺដ៏ធ្ងន់ធ្ងរ។
«ការបាត់បង់ ឯកឧត្តមប្រធានរដ្ឋវៀតណាមដែលនេះគឺជាការបាត់បង់ដ៏ធំធេងនៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឱ្យកោតសរសើរម្នាក់របស់ប្រទេស និងប្រជាជនវៀតណាម និងក៏ជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
សពរបស់ Tran Dai Quang ត្រូវបានប្រារព្វពិធីតម្កល់ជាផ្លូវការរយះពេល២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧កញ្ញា នៅបញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាម ក្នុងទីក្រុងហាណូយ ដើម្បីអនុញ្ញាតឲ្យគណះប្រតិភូបរទេសនានា អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសព។
នាពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះដែរ សម្តេច ហ៊ុន សែន បានចុះហត្ថលេខាលើសៀវភៅក្រាំងមាសមរណទុក្ខរបស់រដ្ឋវៀតណាម ដែលមានខ្លឹមសារជាអាទិ៍ថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រោមក្រំបំផុត ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជូនចំពោះគណបក្សកុម្មុយនីស្តវៀតណាម រាជរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះមរណភាព ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២១កញ្ញាកន្លងទៅ។ មរណភាពរបស់ឯកឧត្តម ត្រាន់ ដាយក្វាង គឺជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា និងជាមិត្តដ៏ល្អរបស់សម្តេច ដែលធ្លាប់មានអនុស្សាវរីយ៍ដ៏ជិតស្និទ្ធជាមួយគ្នា។ យើងនឹងចងចាំជានិច្ច នូវការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ត្រាន់ ដាយក្វាង ដើម្បីលើកកម្ពស់ចំណងទាក់ទង់ជាភាតរះ រវាងកម្ពុជា និងវៀតណាម ក៏ដូចជានាំមកនូវសុភមង្គល និងការរីកចម្រើនជឿនលឿនថែមទៀត របស់ប្រជាជាតិវៀតណាម»៕
© រក្សាសិទ្ធិដោយ thmeythmey.com