ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិក នឹងផ្ដល់ថវិកាជាង២០លានដុល្លារ សម្រាប់ជួយទ្រទ្រង់វិស័យវារីវប្បកម្មនៅកម្ពុជា។ នេះជាការបង្ហើបឲ្យដឹងពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងវេទិកាសន្ទនាដៃគូវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍសាកវប្បកម្ម និងស្វាយចន្ទី កាលពីថ្ងៃទី២៦ កញ្ញា។
ទឹកប្រាក់២៣លានដុល្លារនេះ នឹងត្រូវប្រគល់ជូនរដ្ឋាភិបាលកម្ពុជា តាមរយៈការចុះហត្ថលេខារវាងកម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នាពេលខាងមុខ។ ទឹកប្រាក់នេះ សម្រាប់ទ្រទ្រង់លើគម្រោងវិស័យវារីវប្បកម្មរយៈពេល៥ឆ្នាំ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម។
ថ្លែងក្នុងវេទិកាសន្ទនាដៃគូវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍសាកវប្បកម្ម និងស្វាយចន្ទី លោក វេង សាខុន បានបញ្ជាក់ដូច្នេះថា៖«ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានរៀបចំគម្រោងគាំទ្រដល់វិស័យវារីវប្បកម្មដែលមាន ថវិកាសរុបប្រមាណជាង ២៣ លានដុល្លារសហរដ្ឋអាមេរិក»។
គម្រោងវិស័យវារីវប្បកម្មនេះ រដ្ឋាភិបាល គ្រោងចាប់ផ្ដើមអនុវត្តនៅតាមបណ្ដាខេត្ត ជាប់បឹងទន្លេសាប។ រដ្ឋាភិបាលកម្ពុជា សង្ឃឹមថា រដ្ឋាភិបាលអាមេរិកនឹងបន្តជួយគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត។
ការអភិវឌ្ឍអនុវិស័យសាកវប្បកម្ម ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មនៅមានកម្រិត ដូចជាផលិតភាព ការស្រាវជ្រាវពូជដំណាំ ការផ្តល់សេវាបច្ចេកទេស និងការអភិវឌ្ឍខ្សែចង្វាក់ផ្គត់ផ្គង់កសិផលមិនទាន់ឆ្លើយតបបានទៅនឹងតម្រូវទីផ្សារ។ ដោយឡែកការប្រើប្រាស់ដីកសិកម្មមិនទាន់អស់សក្តានុពល ហើយយន្តការនៃការផ្តល់ព័ត៌មានទីផ្សារកសិកម្មដោយផ្សារភ្ជាប់នឹងផែនការដាំដុះនិងប្រមូលផល រួមទាំងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យនៅមិនទាន់មានភាពរឹងមាំ។ ចំណែកការវិនិយោគលើការកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដល់ការផលិត ការកែច្នៃ និងទីផ្សារមានភាពខ្វះខាត។ នេះបើតាមហ្វេសប៊ុកក្រសួងកសិកម្ម ដែលបានស្រង់សម្តីលោក វេង សាខុន ក្នុងវេទិកាសន្ទនាដៃគូវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍសាកវប្បកម្ម ។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកបញ្ហាចំនួន៤ចំណុច សម្រាប់ដាក់ឲ្យអ្នកជំនាញពិចារណា និងផ្ដល់យោបល់នោះគឺទី១ ការបន្តពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ ការវិនិយោគបន្ថែមលើមន្ទីរពិសោធន៍គុណភាពសម្រាប់ការនាំចេញ ព្រមទាំងជំរុញការផលិត និងប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក។ ទី២ បន្តជំរុញការរៀបចំ និងអនុវត្ត «ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ» និង «ច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា»។
ចំណុចទី៣ លើកកម្ពស់ឧស្សាហកម្មកែចៃ្ន តាមរយៈការជំរុញការវិនិយោគលើកសិផលដែលមានសក្តានុពលដូចជាស្រូវ ដំទ្បូងមី ម្រេច ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ តាមរយៈការរៀបចំយុទ្ធសាស្ត្រតាមមុខដំណាំនីមួយៗ និងទី៤ បន្តជំរុញការដាំបន្លែគ្រប់ប្រភេទជំនួសឱ្យការនាំចូល និងសម្របសម្រួលការរៀបចំបង្កើតទីផ្សារបោះដុំ និងចែកចាយបន្លែ ដែលមានស្តង់ដារ និងអនាម័យខ្ពស់។
បើតាមលោក វេង សាខុន ក្រសួងកំពុងពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងប្រទេសផ្ដល់ជំនួយ ទាំងថវិកា និងបច្ចេកទេសក្នុងការចូលរួមជំរុញលើកកម្ពស់បង្កើនផលិតភាពដំណាំសាកវប្បកម្ម ទាំងគុណភាព និងសុវត្ថិភាពឲ្យបានសមស្រប តាមស្តង់ដារអន្តរជាតិ ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស៕