ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាង​កម្ពុជា ថា លោកស្រី​ស្មី​ត ច្បិច​យកតែ​ចំណុច​អវិជ្ជមាន​ទៅ​និយាយ​ក្នុង​កិច្ចប្រជុំ​
27, Sep 2018 , 6:45 pm        
រូបភាព
លោក ណី សំអុល និង​លោកស្រី រ៉ូណា ស្មីត សើចដាក់គ្នា ញញឹមដាក់គ្នា មួយថ្ងៃមុន​កិច្ចប្រជុំក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​ UN
លោក ណី សំអុល និង​លោកស្រី រ៉ូណា ស្មីត សើចដាក់គ្នា ញញឹមដាក់គ្នា មួយថ្ងៃមុន​កិច្ចប្រជុំក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​ UN
រឿង​រ៉ាវ​ជាច្រើន​នៅ​កម្ពុជា ដែល​ភាគច្រើន​ជា​បញ្ហា​អវិជ្ជមាន ត្រូវបាន​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ យកទៅ​និយាយ​នៅក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹ​ក្សា​សិទ្ធិមនុស្ស នៅ​ទីក្រុង​ហ្សឺ​ណែវ​។ ប៉ុន្តែ គេ ក៏បាន​ស្តាប់​រឿង​ល្អៗ​ពី​កម្ពុជា​វិញ​ដែរ ដោយមាន​តំណាង​កម្ពុជា នៅ​ទីនោះ ជា​អ្នក​ចេញមុខ​និយាយ​។  



​តំណាង​ប្រទេស​នានា ដែល​បាន​ចូលរួម​ក្នុងសម័យ​ប្រជុំ​លើក​ទី​៣៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (UN) នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ស្តាប់ឮ​មតិ​ពីរ​ផ្សេងគ្នា ជុំវិញ​ស្ថានការណ៍​នយោបាយ និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ មួយ គឺ​ការរិះគន់ ដោយ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ហើយ​មួយទៀត គឺ​ការសរសើរ ដោយ​លោក ណី សំអុល តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​មន្ទីរ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​។

ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០១៨ គឺជា​វេន​របស់​លោកស្រី រ៉ូ​ណា ស្មី​ត និង​លោក ណី សំអុល ដែល​ត្រូវ​ឡើង​ថ្លែង​ពី​ស្ថានការណ៍​កម្ពុជា​។ លោកស្រី រ៉ូ​ណា ស្មី ដែល​ឡើង​ថ្លែង​មុន​លោក ណី សំអុល បាន​រៀបរាប់​ជាច្រើន​ពី​ហេតុការណ៍​មិនល្អ ដែល​កើតឡើង​នៅ​កម្ពុជា ក្នុង​រយៈកាល​ចុងក្រោយ​នេះ​។​

ចាប់​ផ្តើមដំបូង លោកស្រី បានលើកឡើង​ពី​រឿង​បោះឆ្នោត​អាណត្តិ​ទី​៦​។ លោកស្រី ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំជាងគេ ត្រូវបាន​រំលាយចោល ហើយ​ថ្នាក់ដឹកនាំ​១១៨​នាក់​នៃ​គណបក្ស​នេះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ ដល់​ចំណុច​នេះ លោកស្រី ក៏​ចោទ​ជា​សំណួរ​ថា «​តើ​ការបោះឆ្នោត​នៅ​កម្ពុជា ជាការ​បោះឆ្នោត​ពិតប្រាកដ​ដែរឬទេ?​»​។

លោកស្រី រ៉ូ​ណា ស្មី​ត បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា បានឈ្នះ​អាសនៈ​ទាំងអស់​ក្នុង​រដ្ឋសភា ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយជា​រដ្ឋ​ឯក​បក្ស ខណៈ​ប្រជាធិបតេយ្យ សេរីភាព​ហុប​ក្ស មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ម្យ៉ាងទៀត លោកស្រី បានដាក់​ការសង្ស័យថា អ្នកបោះឆ្នោត អាច​រង​សម្ពាធ​ឬ​ការគំរាមកំហែង​ក៏​ថា​បាន​។

លើសពីនេះ អ្នករាយការណ៍​ពិសេស ក៏បាន​រិះគន់​ពី​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការគំរាមកំហែង​លើ​គណបក្សប្រឆាំង រួមទាំង​សង្គម​ស៊ីវិល​ផងដែរ ដែល​ធ្វើ​ឲ្យ​ការបញ្ចេញមតិ​ឬ​ការពិភាក្សា​ពី​ពី​រឿង​នយោបាយ កាន់តែ​រួម​តូច​ទៅៗ​។ លោកស្រី អះអាងថា​៖«​ការពិភាក្សា​ពី​បញ្ហានយោបាយ ដែលមាន​ការចូលរួម​ពី​គណបក្ស​ជាច្រើន គឺជា​ធាតុ​ដ៏​សំខាន់​ក្នុងការ​ប្រកួតប្រជែង​ពិតប្រាកដ​ក្នុងការ​បោះឆ្នោត»​។

ចុងក្រោយ លោកស្រី បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រឹង​ស្ថាន​ការណ៍​សិទ្ធិមនុស្ស​។ លោកស្រី ថ្លែងថា​៖«​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើន​បរិ​យា​កាល​ល្អ​បន្ថែមទៀត សម្រាប់​សង្គម​ស៊ីវិល​»​។​

តំណាង​ក​កម្ពុជា សម្តែង​ការហួសចិត្ត​យ៉ាងខ្លាំង ក្រោយ​ស្តាប់ឮ​របាយការណ៍​រប​ស់​អ្នករាយការណ៍​ពិសេស​។ រាល់​ខ្លឹមសារ​ក្នុង​របាយការណ៍​នោះ ត្រូវបាន​តំណាង​កម្ពុជា ច្រានចោល​។

​លោក ណី សំអុល រម្លឹក​គុណសម្បត្តិ​កម្ពុជា​ថា កម្ពុជា តែង​ទទួល​ស្វា​ម​គន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស​គ្រប់រូប ចាប់​តាំង​ឆ្នាំ​១៩៩៣​មក​។ លោក បន្តថា កម្ពុជា មិនដែល​បដិសេធ​ដំណើរ​ទស្សនកិច្ច​ឬ​សំណើសុំ​ពិភាក្សា​របស់​អ្នករាយការណ៍​ពិសេស​នោះទេ រាប់ទាំង​លោកស្រី រ៉ូ​ណា ស្មី​ត ផងដែរ​។

ទោះជា​កម្ពុជា​ធ្វើ​ល្អ​ដាក់​អ្នករាយការណ៍​ពិសេស​យ៉ាងណាក្តី តែ​អ្នករាយការណ៍​ពិសេស នៅតែ​វាយតម្លៃ​ក្នុង​ផ្លូវ​វិជ្ជមាន​តិចតួច​បំផុត​ចំពោះ​ការពិត និង​សមិទ្ធផល​ដ៏​ច្រើន​ឥត​គណនា ដែល​កម្ពុជា​សម្រេចបាន​។ នេះ​ជាសម្តី​របស់លោក ណី សំអុល ដដែល ហើយ​លោក រិះគន់​ត្រឡប់​ទៅកាន់​លោកស្រី រ៉ូ​ណា ស្មី​ត វិញ​ថា របាយការណ៍​របស់លោក​ស្រី គឺ​បានមកពី​ប្រព​ភ​មិន​ឯករាជ្យ មិនអាច​ជឿទុកចិត្ត​បាន និង​មាន​លក្ខណ​នយោបាយ ដែល​ផ្តល់​ដោយ​អង្គការក្រៅរដ្ឋាភិបាល​។

តំណាង​កម្ពុជា ប្រាប់​ប្រធាន​នៃ​អង្គប្រជុំ និង​តំណាង​ប្រទេស​ជាច្រើន យ៉ាង​ដូច្នេះ​ថា​៖«​វិធីសាស្ត្រ​នៃ​ការបង្ហាញ​តែ​ចំណុច​អវិជ្ជមាន​បែបនេះ បើ​មិន​ត្រួតពិនិត្យ​ឲ្យ​ត្រឹមត្រូវ នឹង​បង្ក​ជា​ហានិភ័យ​ខ្ពស់​ចំពោះ​សេចក្តីទុកចិត្ត​លើ​ប្រព័ន្ធ​នីតិវិធី​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទាំងមូល​»​។​

លោក សង្កត់ធ្ងន់​ទៀតថា​៖«​ការចោទប្រកាន់​របស់​អ្នករាយការណ៍​ពិសេស ដែលមាន​លក្ខណ​ស្រពេចស្រពិល​បែប​នះ អាច​បង្ក​ឲ្យ​មានការ​បកស្រាយ​បែប​អត្តនោម័ត និង​ការ​ទាញ​ប្រយោជន៍​នយោបាយ​តាមរយៈ​តួអង្គ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​អសោចកេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល​កម្ពុជា​»​។ ប៉ុន្តែ លោក នៅតែ​យល់ថា ការវាយតម្លៃ​អវិជ្ជមាន​ទាំងនេះ មិនអាច​រារាំង ឬ​បញ្ឈប់​ការប្តេជ្ញា​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការគោរព​សិទ្ធិមនុស្ស និង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នីតិរដ្ឋ ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស នោះទេ​។

សុ​ន្ទរ​កថា​របស់លោក ណី សំអុល ត្រូវបាន​បញ្ចប់​ត្រឹម​រឿង​បោះឆ្នោត​នៅ​កម្ពុជា​។ លោក ថ្លែង​ការពារ​ថា អវត្តមាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​តែមួយ មិនអាច​ចាត់ទុកថា សិ​ទិ្ធ​មនុស្ស និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា ត្រូវបាន​រំលោភបំពាន ឬ​រឹតត្បិត​ឡើយ​។

តំណាង​កម្ពុជា បញ្ជាក់​ចុងក្រោយ​ថា ចំនួន​ប្រជាពលរដ្ឋរ​ហូ​តល់​ទៅ​៨៣​ភាគរយ ដែល​ចេញទៅ​បោះឆ្នោត គឺ​បង្ហាញថា សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ចាក់ឫស​យ៉ាងជ្រៅ និង​រីកចម្រើន​យ៉ាង​ទូលំទូលាយ ក្នុងសង្គម​កម្ពុជា ដែល​អ្នករាយការណ៍​ពិសេស គួរតែ​អបអរសាទរ ឬ​លើកទឹកចិត្ត​បន្ថែម​។

មុន​១​ថ្ងៃ ដែល​លោកស្រី រ៉ូ​ណា ស្មី​ត និង លោក ណី សំអុល ឡើងទៅ​ថ្លែង​រៀងៗ​ខ្លួន នៅក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ពួកគេ​ទាំងពីរ បាន​ឆ្លៀត​ជួបពិភាក្សា​គ្នា គឺ​នៅ​ថ្ងៃទី​២៥ ខែកញ្ញា​។

ចំណែក កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ក៏​កំពុង​ប្រព្រឹត្តទៅ​ដែរ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​នេះ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨៕

 

Tag:
 ​រ៉ូ​ណា ស្មី​ត​
  ណី សំអុល​
  សិទ្ធិមនុស្ស​
  កម្ពុជា​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com