កីឡាជាតិ
ជាតិ
អតីត​ខ្សែការពារ​ជម្រើសជាតិ សាន ណា​រិ​ទ្ធ ហៅ Owen មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​
28, Sep 2018 , 11:25 am        
រូបភាព
ដោយ: រួបរួម
​សាន ណា​រិ​ទ្ធ អាយុ​ ៣១ឆ្នាំ អតីត​ខ្សែការពារ​ជម្រើសជាតិ​កម្ពុជា កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុងផ្ទះ​របស់ខ្លួន ដោយសារតែ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។ នេះ​បើតាម​ការបញ្ជាក់​របស់ អូ​ម ថាវរៈ ដែលជា​អតីត​មិត្ត​រួម​ក្រុម​ទាំង​ក្នុង​ក្លិប​អាជីព និង​ក្រុម​ជម្រើសជាតិ​។​

 
«​ដំបូង​ឡើយ គាត់​មិន​បានដឹង​ពី​ស្ថានភាព​ជំងឺ​របស់ខ្លួន​នោះទេ ដោយ​គាត់​គិតថា ជា​បញ្ហា​ក្រពះ​ធម្មតា ហើយ​ចេះតែ​ផ្សំ​ថ្នាំលេប​។ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ គាត់​មាន​អាកា​រៈ​ល្ហិតល្ហៃ ហើយ​ម្តាយ​នាំទៅ​ពិ​និត្យនៅ​មន្ទីរពេទ្យ ទើប​ដឹងថា សួត​គាត់​រង​ការ​រលាក​យ៉ាងធ្ងន់ធ្ងរ​។ នេះ​ជាការ​រៀបរាប់​របស់ អូ​ម ថាវរៈ​។​
 
​ថាវរៈ ដែល​ធ្លាប់​ធ្វើជា​ខ្សែការពារ​រួមជាមួយ សាន ណា​រិ​ទ្ធ នៅ​ក្រុម​ជម្រើសជាតិ និង​ក្លិប​អាជីព​មួយចំនួន ដូចជា​ខេមរា​កីឡា ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​ល ផងដែរ នោះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ការសម្រេច​ទៅ​ព្យាបាល​ជំងឺ​នៅផ្ទះ គឺ​ដោយសារតែ​ក្រុមគ្រួសារ​ត្រូវការ​កាត់បន្ថយ​ការចំណាយ ព្រោះ​នៅ​មន្ទីរពេទ្យ ត្រូវ​ចំណាយ​យ៉ាងហោចណាស់​ពី​៣០០ ទៅ​៤០០​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​។​
 
​ប្រកប​អាជីព​តាំងពី​ឆ្នាំ​២០០៧​មក សាន ណា​រិ​ទ្ធ ដែលមាន​ឈ្មោះ​ក្រៅ​ថា Owen ធ្លាប់​លេង​ឲ្យ​ក្លិប​ជាច្រើន​ក្នុងនោះ​រួមមាន ខេមរា​កីឡា ព្រះខ័ន​រាជ ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល Albirex Niigata Phnom Penh, អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត វេ​ស្ទើ​ន​ភ្នំពេញ រួមទាំង​ក្លិប​ពិស្ណុការ​។ 
 
​បើតាម អូ​ម ថាវរៈ នា​រយៈពេល​ចុងក្រោយ​នេះ ណា​រិ​ទ្ធ ​ធ្វើជា​គ្រូបង្វឹក​របស់​ក្រុមយុវជន​រាជធានី​​។ ណា​រិ​ទ្ធ ក៏​ជា​ខ្សែការពារ​ដ៏​ឆ្នើម​នៅក្នុង​ក្រុម​ជម្រើសជាតិ​ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣​ផងដែរ​៕
 

Tag:
 ​សាន ណា​រិ​ទ្ធ​
  បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com