ពីនេះ ពីនោះ
ការបាត់បង់ព្រៃលិចទឹកក្នុងបឹងទន្លេសាប និងតាមដងទន្លេមេគង្គ ជាបញ្ហាប្រឈមដល់ជីវិតត្រីកែ ត្រីកែ។ រូបភាព៖ Bounthob Praxaysombath / http://ffish.asia
× ត្រីកែ មានឈ្មោះវិទ្យាសាស្ត្រ (Pangasius conchophilus) ជាប្រភេទត្រីទឹកសាប ដែលរស់នៅក្នុងទន្លេចៅប្រាយ៉ា ទន្លេបាងបាគង្គ ក្នុងប្រទេសថៃ ទន្លេមេគង្គ និងទន្លេសាបក្នុងប្រទេសកម្ពុជាផងដែរ។
ត្រីកែ មានប្រវែងដងខ្លួនអតិបរមា ១២០ ស.ម។ ត្រីប្រភេទនេះ វារស់នៅក្នុងទន្លេធំៗ ដែលមានចរន្តទឹកហូរលឿនត្របាញ់ និងទន្លេទឹកជ្រៅដែលមានចរន្តទឹកហូរយឺត ព្រមទាំងមានចូលទៅក្នុងតំបន់ព្រៃលិចទឹកផងដែរ។ កូនត្រីកែតូចៗ ស៊ីកំពឹស និងពពួកសត្វលិ្អត ខណៈត្រីកែជំទង់ និងពេញវ័យ ពួកវាស៊ីកំពឹស និងពពួកសត្វលិ្អត ជាពិសេសគ្រុំ ខ្ចៅ ខ្ចង លៀស ដែលបានបំពេញក្រពះរបស់វាដ៏ច្រើនលើលលប់ជាងប្រភេទត្រីផ្សេងក្នុងអម្បូរដូចគ្នានេះ។ នៅរដូវវស្សា ជាពេលដែលត្រីកែត្រូវចាកចេញពីទន្លេមេគង្គ ចូលទៅក្នុងតំបន់ព្រៃលិច
ទឹក ព្រមទាំងស៊ីផ្លែរុក្ខជាតិនៅទីនោះ ភាគច្រើនជាងចំណីផ្សេងៗ ឯទៀត។ ក្នុងរដូវប្រាំង ត្រីកែចូលទៅជ្រកកោនក្នុងអាងទឹកជ្រៅ និងទន្លេធំៗ។ ត្រីប្រភេទនេះ ពង-កូននៅតាមដងទន្លេធំៗ ក្នុងរដូវទឹកជំនន់ ហើយកូនតូចៗរបស់វា ចូលទៅក្នុងតំបន់លិចទឹក។ ត្រីកែ ធ្វើចរាចរផ្លាស់ទីឆ្ពោះទៅខ្សែទឹកខាងលើទន្លេមេគង្គជាហ្វូង ចាប់ពីខែឧសភា ដល់ខែកក្កដា និងត្រូវបានគេគិតថា វាមិនមែនជាប្រភេទត្រីដែលធ្វើចរាចរផ្លាស់ទីក្នុងចម្ងាយផ្លូវឆ្ងាយឡើយ។
ត្រីកែ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១២ ជាប្រភេទត្រីដែលរងគ្រោះតិចតួច ដែលនឹងអាចឈានទៅការផុតពូជ។ ប៉ុន្តែ ការនេសាទហួសកម្រិតពីអតីតកាល និងទៅអនាគត ការបាត់បង់ និងការប្រែប្រួលទីជម្រក ដោយសារការសាងសង់ទំនប់វារិអគ្គិសនី ទំនងជាបញ្ហាអវិជ្ជមាន ដែលបន្តប៉ះពាល់ដល់ជីវិតមច្ឆាប្រភេទនេះ។ មិនតែប៉ុណ្ណោះ ត្រីប្រភេទនេះ បានរងផលប៉ះពាល់ពីការបាត់បង់ព្រៃលិចទឹកជាជម្រកក្នុងបឹងទន្លេសាប និងតាមដងទន្លេមេគង្គទាំងមូល។ ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ វាជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ ការប្រើប្រាស់រំសេវផ្ទុះ ឬថ្នាំពុលក្នុងជម្រកត្រី សុទ្ធតែជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ជីវិតមច្ឆជាតិទូទៅ។ ទៅថ្ងៃអនាគត ត្រីមួយចំនួនធំនៅក្នុងប្រទេសកម្ពុជា នឹងបាត់រូបរាង សល់តែឈ្មោះសម្រាប់ក្មេងជំនាន់ក្រោយហៅប៉ុណ្ណោះ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិទាំងអស់គ្នានោះទេ។
© រក្សាសិទ្ធិដោយ thmeythmey.com