អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រះមហាក្សត្រ អ៊ី​ស្វា​ទី​នី ចង់​ឲ្យ UN ផ្តល់​កៅអី​ក្រុមប្រឹក្សាសន្តិសុខ​«២​អាសនៈ​យ៉ាងតិច​»​ដល់​ប្រទេស​អាហ្វ្រិក​
30, Sep 2018 , 9:59 am        
រូបភាព
ដោយ:
​ប្រមុខ​ដឹកនាំ​កំពូល​របស់​ប្រទេស​តំបន់​អាហ្វ្រិក អ៊ី​ស្វា​ទី​នី ព្រះមហាក្សត្រ Mswati III បាន​ទទូច​ឲ្យ​មានការ​កែទម្រង់​អង្គការសហប្រជាជាតិ ជាពិសេស​នោះ ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ប្រទេស​ទ្វីបអាហ្វ្រិក​ចូល​ជា​តំណាង​ក្នុង​ដំណោះស្រាយ​កិច្ចការ​អន្តរជាតិ ហើយ​សំឡេង​របស់​អាហ្វ្រិក ត្រូវ​បានទទួល​ដឹងលឺ​ពី​ពិភពលោក​ផងដែរ​។

 
«​អាហ្វ្រិក សូម​ស្នើ​ឲ្យ​មានការ​ផ្តល់​អាសនៈ​អចិន្ត្រៃយ៍ (​សមាជិក​អចិន្ត្រៃយ៍​) មិនតិចជាង​ពីរ ជាមួយនឹង​បុព្វសិទ្ធិ នៃ​សមាជិកភាព​អចិន្ត្រៃយ៍ ដែល​រាប់បញ្ចូល​ទាំង​សិទ្ធិ​វេតូ និង​អាសនៈ​មិន​អចិន្ត្រៃយ៍​ចំនួន​ប្រាំ នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​ព្រះមហាក្សត្រ អ៊ី​ស្វា​ទី​នី ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​២៦ កញ្ញា​កន្លងទៅ​។​
 
​ប្រមុខ​ដឹកនាំ​កំពូល​នៃ​ប្រទេស​អាហ្វ្រិក ដែល​ពីមុន​ឈ្មោះថា ស្វា​ស៊ី​ឡង់ អង្គ​នេះ មិនមាន​អ្វី​ជា​សំអាង ឬ​ពន្យល់​ពី​ហេតុផល​ច្បាស់លាស់ ដែល​ធ្វើ​ឲ្យ​អាហ្វ្រិក ត្រូវមាន​អាសនៈ​ច្រើន​លើសលប់​បែបនេះ​ក្នុង​អង្គភាព​ដ៏​មាន​ឥទ្ធិពល​(​ក្រុមប្រឹក្សាសន្តិសុខ​) របស់​អង្គការ​ពិភពលោក​មួយ​នេះឡើយ​។​
 
​បន្ថែម​ពី​ការស្នើ​ឲ្យ​ប្រទេស​អាហ្វ្រិក​មានមុខមាត់ និង​តួនាទី​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ ប្រមុខ​ដឹកនាំ​រូបនេះ ក៏បាន​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ ធានា​ឲ្យ​នូវ​តុល្យភាព​ក្នុងការ​អនុវត្ត​គោលការណ៍​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព តាមរយៈ​ការបន្ត​ផ្តល់ជំនួយ ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​អង្គ​ម្ចាស់ ក៏បាន​ទទូច​ឲ្យ​មហាសន្និបាត​កុំ​ទុក​អាហ្វ្រិក​ពីក្រោយ​ខ្នង និង​ស្តាប់​សំឡេង​ប្រទេស​អាហ្វ្រិក​ផង​។ 
 
​គួរបញ្ជាក់​បន្តិច​ថា បច្ចុប្បន្ន ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ មាន​សមាជិក ១៥ រដ្ឋ ដែល​ក្នុងនោះ មាន​៥​រដ្ឋ ជា​សមាជិក​អចិន្ត្រៃយ៍ និង​១០​រដ្ឋ​ផ្សេងទៀត ជា​សមាជិក​មិន​អចិន្ត្រៃយ៍​។ បច្ចុប្បន្ន ក្រុមប្រឹក្សាសន្តិសុខ មិនទាន់មាន​ផែនការ​បន្ថែម​សមាជិក​អចិន្ត្រៃយ៍​នោះទេ ខណៈ​សមាជិក​មិន​អចិន្ត្រៃយ៍​ដែលមាន​អាណត្តិ​ពីរ​ឆ្នាំ ត្រូវ​ជ្រើសរើស ដោយ​ផ្តល់​អាសនៈ​ចំនួន​៥​សម្រាប់​ប្រទេស​តំបន់​អាហ្វ្រិក​និង​អាស៊ី ១​អាសនៈ​សម្រាប់​ប្រទេស​អឺរ៉ុប​ខាងកើត ២​អាសនៈ​សម្រាប់​ប្រទេស​អាមេរិក​ឡាទីន​និង​ខា​រ៉ា​ប៊ី​ន និង​២​អាសនៈ​អឺរ៉ុប​ខាងលិច និង​បណ្តា​ប្រទេស​ផ្សេងទៀត​។ 
 
​គួរកត់សម្គាល់ សមាជិក​អចិន្ត្រៃយ៍ ដែល​រួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស និង​អាមេរិក សុទ្ធសឹងតែ​ជា​ប្រទេស​មហាអំណាច ដែល​កត្តា​នេះ អាចធ្វើ​ឲ្យ​ការចង់បាន​របស់​អា​ស្វា​ទី​នី ស្ថិតក្នុង​ក្តី​ស្រ​ម៉ៃ​ប៉ុណ្ណោះ​៕ 

Tag:
 អាហ្វ្រិក​
  អ៊ី​ស្វា​ទី​នី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com