ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន​៖ ការដាក់ទណ្ឌកម្ម​ឯកតោភាគី កំពុង​ក្លាយជា​អាវុធ​របស់​មហាអំណាច សម្រាប់​គ្រប់គ្រង​នយោបាយ​អន្តរជាតិ​
29, Sep 2018 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ ការដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច ជា​លក្ខណៈ​ឯកតោភាគី ត្រូវបាន​ប្រទេស​មហាអំណាច​មួយចំនួន កំពុង​ប្រើប្រាស់​ធ្វើជា​អាវុធ ក្នុងការ​គាបសង្កត់​ម​កលើ​ប្រទេស​តូច ទន់ខ្សោយ​ជាង​ខ្លួន ដើម្បី​បំពេញ​មហិច្ឆតា​របស់​ពួកគេ សម្រាប់​ការគ្រប់គ្រង​នយោបាយ​អន្តរជាតិ​។ នេះ​ជា​អ្វីដែល​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បែប​លើក​ឡើងជា​លក្ខណៈ​ការទូត នៅក្នុង​សេចក្តីថ្លែងការណ៍​ចំនួន​៥​ទំព័រ ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៣ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៨ កញ្ញា​។​


​ដ្បិត​មិន​និយាយ​ចំឈ្មោះ​ប្រទេស​ណា​ក្តី ប៉ុន្តែ​សម្ដេច ហ៊ុន សែន ហាក់ដូចជា​ប្រើ​ភាសា​ការទូត​ច្រើន ក្នុងការ​រិះគន់​ទៅលើ​មហាអំណាច ដែល​តែងតែ​ប្រើប្រាស់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រទេស​ដទៃ ដែល​មិន​ធ្វើតាម​ការចង់បាន​រប​ស់​ពួកគេ​។ ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន បាន​លើកយក​បញ្ហា​សិទ្ធិមនុស្ស​ទៅ​និយាយ​ដោយ​ប្រយោល​ថា សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន បានក្លាយ​ទៅជា​«​បេសកកម្ម​ដើម្បី​បំពាក់​អរិយធម៌ សម្រាប់​ប្រទេស​មហាអំណាច​មួយចំនួន ដែលជា​និយាម​ប្រតិបត្តិ​ថ្មី​មួយ ឬ​ជា​លេស​របស់​ពួកគេ ក្នុង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ 
 
​ក្នុងន័យនេះ ទំនងជា​មានន័យថា រាល់​ការ​លូកដៃ​ចូល​របស់​មហាអំណាច​ទាំងនេះ គឺ​តែងតែ​ផ្ដល់​ភាព​រងគ្រោះ​របស់​ប្រទេស​តូចៗ ឬ​ទន់ខ្សោយ តាមរយៈ​ការដាក់ទណ្ឌកម្ម​ឯកតោភាគី នៅពេលដែល​បំណង​របស់​ពួក​មហាអំណាច​ទាំងនោះ​បរាជ័យ​។ ភាសា​ការទូត ដែល​សម្ដេច ហ៊ុន សែន បាន​ថ្លែង​ចំពោះមុខ​មេដឹកនាំ​ពី​បណ្ដា​ប្រទេស​ទូទាំង​ពិភពលោក នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ មានន័យ​ដូច្នេះ​ថា​៖«​ជា​លទ្ធផល​, ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​បានក្លាយ​ទៅជា​អាវុធ​ដ៏​ពេញនិយម​របស់​ប្រទេស​មានអំណាច នៅក្នុង​ការ​គ្រប់​គ្រង់​នយោបាយ​អន្តរជាតិ ដែល​ស្ថិតនៅក្រោម​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់គេ​។ ទាំងនេះ គឺ​គ្មានអ្វី​ក្រៅពី​ការប្រើ​អំណាច​ដោយ​ទាំង​កំរោល​របស់​រដ្ឋ​មួយ ដើម្បី​បន្តុប​ឆន្ទៈ​របស់ខ្លួន ទៅលើ​រដ្ឋ​អធិបតេយ្យ​ដទៃ​នោះឡើយ​។ នៅក្នុង​ពិភពលោក​មួយ ដែលមាន​សម័យកាល​ចក្រពត្តិនិយម និង​អាណានិគម​និ​យក បាន​ក្លាយទៅជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទៅហើយនោះ​។ យើង​ត្រូវ​ទទួលស្គាល់ថា មិនមែន​គ្រប់​ប្រទេស​ទាំងអស់​នៅក្នុង​អង្គ​មហាសន្និបាត​នេះ ចាំបាច់​ត្រូវតែដើរ​តាម​គំរូ​នៃ​ការគ្រប់គ្រង​របស់​ប្រទេស​ដទៃ​ណាមួយ​នោះទេ​»​។​
 
​និយាយ​ចំណុច​នេះហើយ សម្ដេច ហ៊ុន សែន បាន​លើកយក​ចំណុច​មួយចំនួនទៀត ទៅ​និយាយថា ពិភពលោក​បច្ចុប្បន្ន កំពុង​ជួបប្រទះ​អស្ថិរភាព​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ការគំរាមកំហែង​ចំពោះ​សន្តិភាព​ក៏​កើតមាន​កាន់តែច្រើន​សណ្ឋាន គឺ​ច្រើនជាង​អ្វីដែល​ធ្លាប់​បានឃើញ​ក្នុង​រយៈពេល​២៥​ឆ្នាំកន្លងមក ហើយ​មនុស្ស​គ្រប់រូប​កំពុង​រស់នៅក្នុង​ពិភពលោក​មួយ ដែល​ងាយ​នឹង​ប្រែប្រួល ដោយ​មិនអាច​ព្យាករណ៍​បានជា​មួយ​ការផ្លាស់ប្តូរ​យ៉ាង​ស្មុគស្មាញ និង​ការ​ប្រឈម​គ្រប់​មុខព្រួញ​។​
 
«​យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ភាព​តានតឹង​ដែល​បង្កឡើង​ដោយ​មហាអំណាច​ពិភពលោក​លំដាប់​ទីមួយ នៅក្នុង​រង្វង់​ទំនាក់ទំនង​ការទូត និង​ជម្លោះផ្ទៃក្នុង​ជាច្រើន​កន្លែង ដែល​កំពុង​កើតឡើង​ដោយសារ​ការជ្រៀតជ្រែក​ពី​សំណាក់​មហាអំណាច​ទាំងនេះ​។ យើង​ក៏មាន​កង្វល់​ជាខ្លាំង​ផងដែរ ចំពោះ​ការសម្រេចចិត្ត​យ៉ាង​តក់ក្រហល់​របស់​មហាអំណាច​នេះ ក្នុងការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា​ដ៏​សំខាន់​ជា​សាកល ដែលជា​ការគំរាមកំហែង​ដល់​ស្នូល​នៃ​ភាពស្របច្បាប់​នៅក្នុង​សណ្ដាប់ធ្នាប់​គតិយុត្តិ​អន្តរជាតិ​។ សកម្មភាព​ឯកតោភាគី​ទាំងនេះ បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ចុះខ្សោយ​នូវ​ទំនាក់ទំនង​រវាង​បណ្ដារ​ដ្ និង​បង្ក​ភាំ​ព​តានតឹង​នៅក្នុង​សហគម​អន្តរជាតិ​។ ប៉ុន្តែ​អ្វីដែល​បង្ក​សម្ពាធ​ធ្ងន់ធ្ងរ​បំផុត​នោះ គឺ​ការវាយប្រហារ​ដោយ​ត្រង់​ទៅលើ​ពហុភាគី​និយម​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​
 
​សម្ដេច ហ៊ុន សែន ប​ន្ថ​ប្រទេស​ធំៗ មិនគួរ​ដាក់​បន្តុប​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​រប​ស់​ពួកគេ​មកលើ​ប្រទេស សម្រាប់​សម្ដេច ហ៊ុន សែន សម័យកាល​បច្ចុប្បន្ននេះ ជា​សម័យ​កាលដែល​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​ពឹងផ្អែក​គ្នា​ទៅវិញទៅមក ហើយ​ផ្នត់គំនិត​ចាប់បង្ខំ​ដ៏​ចាស់គំរិល​នោះ គួរតែ​ត្រូវបាន​បានបញ្ចប់​។ «​ទាំងអស់គ្នា ទាំង​ប្រទេស​ធំ ប្រទេស​តូច ត្រូវតែ​រួមគ្នា​គោរព និង​លើកតម្កើង​វិធាន​នៃ​ច្បាប់​អន្តរ​ចា​តិ និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ »​។ នេះ​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​បន្ថែមថា ប្រសិនជា​មេដឹកនាំ​ប្រទេស​នីមួយៗ ប្រកាន់​គោលនយោបាយ​គាំពារ​និយម ឯកតោ​និយម និង​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​នោះ វា​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​បិទ​ទ្វេរ លែងមាន​កាលានុវត្តភាព ពាណិជ្ជកម្ម និង​ការវិនិយោគ​ឡើយ​៕
 
 

Tag:
 ហ៊ុន សែន​
  ទណ្ឌកម្ម​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com