អន្តរជាតិ
មិត្តតៃវ៉ាន់ចុងក្រោយនៅអាហ្វ្រិកអ៊ីស្វាទីនី ស្នើឲ្យ UN ផ្តល់ឱកាសតៃវ៉ាន់ចូលរួមសកម្មភាពជាមួយគេផង
× ភាពស្មើមុខស្មើមាត់នៅក្នុងអង្គប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ បានផ្តល់ឲ្យឱកាសដល់រដ្ឋមិនសូវមានឥទ្ធិពលដូចជាអ៊ីស្វាទីនីបានលើកពីតម្រូវការរបស់ខ្លួន និងតម្រូវការសម្រាប់តំបន់ទៅកាន់សហគមន៍អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ អ៊ីស្វាទីនី ថែមទាំងបានឆ្លៀតឱកាសបង្ហាញពីភាពស្មោះស្មគ្រ័ទៅកាន់តៃវ៉ាន់ ដែលកំពុងតែប្រឈមនឹងការបាត់បង់ដៃគូសហប្រតិបត្តិការជាបន្តបន្ទាប់។
នៅពេលដែលទទួលបានឱកាសក្នុងការថ្លែងសុន្ទរកថានៅថ្ងៃ២៨ កញ្ញា ព្រះមហាក្សត្រស្វាទីនី Mswati III បានស្នើឲ្យអង្គការសហប្រជាជាតិផ្តល់ឱកាសឲ្យប្រទេសអាហ្វ្រិក ដែលពិភពលោកកន្លងមកស្គាល់ថាជាបណ្តុំប្រទេសក្រីក្រ ចូលរួមបំពេញបេសកកម្មការងារកាន់តែច្រើនតាមរយៈអង្គភាពដ៏មានឥទ្ធិពលរបស់អង្គការសហប្រជាជាតិ គឺក្រុមប្រឹក្សាសន្តិសុខ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ទោះទៅដល់វេទិកាពិភពលោក ដែលប្រជុំទៅដោយសម្ព័ន្ធមិត្តរបស់ចិននៅទីនោះក៏ដោយ ប្រមុខរដ្ឋអ៊ីស្វានី មិនរអារនឹងលើកឈ្មោះតៃវ៉ាន់ឡើយ។ ប្រមុខរដ្ឋអង្គនេះ បានស្នើត្រង់ៗឲ្យអង្គការសហប្រជាជាតិ ដែលកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការចរចាពីការកែទម្រង់ផ្តល់ឱកាសតៃវ៉ាន់ ចូលរួមបំពេញសកម្មភាពដូចបណ្តាប្រទេសដទៃទៀតផង។
«រាជាណាចក្រអ៊ីស្វាទីនី សូមបញ្ជាក់ជាថ្មីពីជំហរដែលគ្មានការងាករេក្នុងការទទូចឲ្យអង្គការសហប្រជាជាតិផ្តល់ សាធារណរដ្ឋចិន ឬ តៃវ៉ាន់ នូវឱកាសក្នុងការចូលរួម និងផ្តល់ចំណែកក្នុងប្រព័ន្ធអភិវឌ្ឍអង្គការសហប្រជាជាតិ»។ នេះ គឺជាសេចក្តីថ្លែងការណ៍របស់ប្រមុខរដ្ឋអ៊ីស្វាទីនី ដែលទើបតែផ្លាស់ប្តូរឈ្មោះពីស្វាស៊ីឡង់។
ប្រមុខរដ្ឋអង្គនេះ បានថ្លែងថា បទពិសោធន៍ល្អៗរបស់តៃវ៉ាន់ក្នុងវិស័យជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព គួរតែត្រូវបានចាត់ទុកជាចំណែកមួយនៃការចូលរួមចំណែកការងារ និងសមាជិកភាពរបស់អង្គការសហប្រជាជាតិ ហើយប្រជាជនតៃវ៉ាន់ ក៏គួរតែត្រូវបានយកចិត្តទុកដាក់ តាមរយៈមូលបទថ្មីនៃការធ្វើឲ្យអង្គការសហប្រជាជាតិផ្សារភ្ជាប់ជាមួយនឹងប្រជាជនសកលផងដែរ។
គួរជម្រាបផងដែរ អ៊ីស្វាទីនី គឺជារដ្ឋក្នុងតំបន់អាហ្វ្រិកតែមួយគត់ ដែលនៅតែបន្តរក្សាចំណងមិត្តភាពជាមួយនឹងតៃវ៉ាន់ ខណៈរដ្ឋផ្សេងទៀត បានសម្រេចបោះបង់តៃវ៉ាន់ ហើយទៅក្រសោបចិនដើម្បីទទួលបានផលប្រយោជន៍ និងជំនួយជាច្រើនពីចិន។ បច្ចុប្បន្ន តៃវ៉ាន់ នៅសល់តែកល្យាណមិត្ត១៨រដ្ឋប៉ុណ្ណោះ ដែលរក្សាភក្តីភាព និងចំណងមិត្តភាពការទូតផ្លូវការជាមួយ៕
Tag:
តៃវ៉ាន់
អ៊ីស្វាទីនី
© រក្សាសិទ្ធិដោយ thmeythmey.com