អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បំបាក់មុខ​លោកស្រី ស៊ូ​ជី នៅ​មហាសន្និបាត UN រឿង​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
01, Oct 2018 , 8:59 pm        
រូបភាព
ដោយ:
​ការបង្ហាញ​វត្តមាន​ជាថ្មី និង​លើកដំបូង​ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅ​អង្គការសហប្រជាជាតិ លោក មហា​ធៀ មហាម៉ាត់ បាន​លើកយក​បញ្ហា​ចម្រូងចម្រាស​របស់​ពិភពលោក ដែល​សហគមន៍​អន្តរជាតិ ហាក់​មិនសូវ​អើពើ ជាពិសេស​លើ​បញ្ហា​មនុស្សជាតិ​។ លោកនាយក​រដ្ឋមន្ត្រី ថែមទាំង​បន្ទោស​មេដឹកនាំ​មី​យ៉ាន់​ម៉ា ដែល​គ្រួសារ​អាស៊ាន នៅក្នុង​វេទិកា​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ​ទៀតផង​។​


 
​នាឱកាស​នៃ​ការ​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ជជែក​ពិភាក្សា​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​២៨ កញ្ញា លោកនាយក​រដ្ឋមន្ត្រី  មហា​ធៀ មហាម៉ាត់ បាន​លើកយក​បញ្ហា​ដែលជា​ក្តីបារម្ភ​របស់​ពិភពលោក ដែល​លោក​បាន​តាមដាន​ក្នុង​រយៈពេល ១៥​ឆ្នាំ​មកនេះ ដែល​មេដឹកនាំ​ពិភពលោក ហាក់​មិនសូវ​អើពើ និង​តែង​ទម្លាក់កំហុស និង​ការទទួលខុសត្រូវ​ឲ្យ​គ្នា​ទៅវិញទៅមក​។ 
 
​តាមរយៈ​សុន្ទរកថា​កម្រាស់​៥​ទំព័រ លោកនាយក​រដ្ឋមន្ត្រី ដែល​ធ្លាប់​ឡើង​ថ្លែង​ចុងក្រោយ​នៅ​ឆ្នាំ​២០០៣​ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​រូបនេះ បាន​មានមតិ​ថា ពិភពលោក ហាក់ដូចជា​មិនមាន​ការប្រែប្រួល​អ្វី​ល្អប្រសើរ​ទាល់តែសោះ ខណៈដែល​បញ្ហា​សន្តិសុខ​ភេរវកម្ម កាន់តែ​បន្ត​គំរាមកំហែង ការកាប់ចាក់​សំលាប់ កើតមាន​គ្រប់ទិសទី​។ លោក លើកយក​ករណី ប៉ា​ឡេ​ស្ទី​ន ដែល​ធ្លាប់​តែមាន​ទឹកដី​ធំ ត្រូវ​អ៊ី​ស្រា​អ៊ែ​ល ដែលមាន​អាមេរិក​ជា​ខ្នងបង្អែក​កាត់​យក ខណៈដែល​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ក៏​ត្រូវបាន​បាញ់សម្លាប់ និង​ធ្វើទុក្ខបុកម្នេញ​។ 
 
​គួរ​ឲ្យ​កត់សម្គាល់​នោះ មុនពេល​បញ្ចប់​សុន្ទរកថា លោកនាយក​រដ្ឋមន្ត្រី បាន​ឆ្លៀត​ពន្លេច​ករណី​ដ៏រ​ស៊ើប​សម្រាប់​តំបន់ និង​សហគមន៍​អន្តរជាតិ​។ នោះ​គឺ បញ្ហា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា ដែល​អាស៊ាន តែងតែ​ជៀសវាង​ជជែក​ដេញដោល និង​ប្រយ័ត្ន​បំផុត​ក្នុងការ​ប្រើប្រាស់​ពាក្យពេចន៍ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ថ្នាំងថ្នាក់​រវាង​ក្រុមគ្រួសារ​អាស៊ាន ដែលមាន​សមាជិក​សរុប​បច្ចុប្បន្ន​ដប់​ប្រទេស​នោះ​។​
 
«​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ជនជាតិ​ឥស្លាម​នៅក្នុង​រដ្ឋ​រ៉ា​ខាន (Rakhine) ត្រូវបាន​សម្លាប់​។ ផ្ទះសម្បែង​របស់​ពួកគេ ត្រូវកម្ទេច ខណៈដែល​ប្រជាជន​១​លាន​នាក់ ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​ប្រទេស ទាំង​មួយចំនួន ត្រូវ​លិចលង់​ក្នុង​សមុទ្រ និង​ត្រូវ​រស់នៅ​ដោយ​គ្មាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​។ ក៏ប៉ុន្តែ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ដែល​រាប់បញ្ចូល​ទាំង​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បដិសេធ​ពី​ការកើតឡើង​ទាំងនេះ​។​
 
​ខ្ញុំ គោរព គោលការណ៍​មិន​ជ្រែ​ត​ជ្រែក​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ ក៏ប៉ុន្តែ តើ​ពិភពលោក បាន​មើលឃើញ​ពី​ការសម្លាប់​រង្គាល កំពុងតែ​កើតឡើង​ទេ ហើយ​គួរតែ​នៅ​ស្ងប់ស្ងាត់​បែបនេះ ? រដ្ឋ​មាន​ឯករាជ្យ ក៏ប៉ុន្តែ​តើ​នេះ មានន័យថា គេ ក៏មាន​សិទ្ធិ​សម្លាប់​ប្រជាជន​ខ្លួនឯង ពីព្រោះ​គេ មាន​ឯករាជ្យ​មែន​ទេ​?» នេះ គឺជា​សារ​ខ្លី និង​ទាំងស្រុង​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ទៅលើ​ករណី​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​។  
 
​គួរ​ជម្រាប​ផងដែរ​ថា ក្រោយពី​មាន​ករណី​វិបត្តិ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ជិត​មួយ​លាន​នាក់​ទៅកាន់​បង់​ក្លា​ដែ​ស បានកើត​ឡើង​នៅ​ចុងឆ្នាំ​២០១៧​មក មាន​របាយការណ៍​អង្គការសិទ្ធិមនុស្ស​ជាច្រើន បាន​អះអាង​ពី​សញ្ញាណ​នៃ​ប្រល័យពូជសាសន៍​លើ​ជនជាតិភាគតិច​មួយ​នេះ ដោយមាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​យោធា និង​អាជ្ញាធរ​។​
 
​ទោះ​មាន​របាយការណ៍​ដែល​រាប់បញ្ចូល​ទាំង​របស់​ក្រុម​អ្នកជំនាញ​អង្គការសហប្រជាជាតិ​ក្តី មី​យ៉ាន់​ម៉ា មិន​ទទួលស្គាល់​ឡើយ ដោយ​ថែមទាំង​អះអាងថា ប្រតិបត្តិ​ការវាយប្រហា​រ​ទៅលើ​ក្រុម​ឧទ្ទាម​នៅក្នុង​រដ្ឋ​រ៉ា​ខាន ដែល​ធ្វើ​ឲ្យ​ប្រជាជន​ឥស្លាម​ក្នុង​សហគមន៍​នោះ ភៀសខ្លួន​ទៅ​ប្រទេសជិតខាង ជា​ប្រតិបត្តិការ​ស្របច្បាប់ ហើយ​មី​យ៉ាន់​ម៉ា កំពុង​តែមាន​ចំណាត់​ទៅលើ​ក្រុម​អ្នក​នៅ​ពី​ក្រោយខ្នង​ផងដែរ​។​
 
​ការ​ថ្លែង​វាយប្រហារ​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ចំពោះ​ភាព​អសកម្ម​លើ​ករណី​រ៉ូ​ហ៊ីង​យ៉ា​របស់​មេដឹកនាំ​ម៉ាឡេស៊ី មិនមែន​ទើបតែ​ធ្វើឡើង​លើកដំបូង​ឡើយ ក៏ប៉ុន្តែ នេះ គឺជា​រឿង​ថ្មី​មួយ ដែល​មេដឹកនាំ​អាស៊ាន វាយប្រហារ​ពាក្យសម្តី​គ្នា​ក្នុង​វេទិកា​អន្តរជាតិ​។ កន្លងមក ដោយសារតែ​ការមិន​ចិត្ត​ចំពោះ​ការ​គ្មាន​ចំណាត់ការ​របស់​អាជ្ញាធ​រ​មី​យ៉ាន់​ម៉ា អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​ដឹកនាំ​ឲ្យ​បាតុកម្ម​ប្រឆាំងនឹង​មី​យ៉ាន់​ម៉ា​ដោយផ្ទាល់​ទៀតផង​៕ 
​ 

Tag:
 ម៉ាឡេស៊ី​
  មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com