ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
អ្នកស្រី ពៅ តស៊ូលក់ត្រប៉ែជាង២០ឆ្នាំនៅភ្នំពេញ ដើម្បីការសិក្សារបស់កូននៅឯស្រុក
× ភ្នំពេញ៖ ដើម្បីការសិក្សារបស់កូនៗនៅឯស្រុកកំណើត អ្នកស្រី ពៅ បានចាកចេញពីស្រុកកំណើតនៅខេត្តកំពង់ចាម មកប្រកបរបរលក់ត្រប៉ែនៅរាជធានីភ្នំពេញ។ ជាង២០ឆ្នាំហើយ ដែលស្ត្រីវ័យ៤៥ឆ្នាំរូបនេះ លក់ត្រប៉ែ យកថវិកាផ្ដត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនទាំង៣នាក់។ ក្នុងមួយថ្ងៃអ្នកស្រី ពៅ អាចរកប្រាក់ចំណេញបានតែ ២ម៉ឺនរៀលប៉ុណ្ណោះពីការលក់បង្អែមមួយប្រភេទនេះ។
រៀងរាល់ម៉ោង៨ព្រឹកអ្នកស្រី ពៅ អូសកង់ចាស់មួយគ្រឿងចេញពីផ្ទះជួលនៅក្បែរផ្លូវរទេះភ្លើងម្តុំផ្សារដីហុយដែលអ្នកស្រីស្នាក់នៅជាមួយនឹងអ្នកលក់ត្រប៉ែផ្សេងទៀត ដើម្បីដឹកត្រប៉ែលក់។ ពលរដ្ឋដែលរស់នៅតាមភូមិម្តុំផ្សារដីហុយ ដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភាគច្រើនជាអតិថិជនរបស់អ្នកស្រី ពៅ។ ត្រប៉ែដំណើបខ្មៅមួយគីឡូក្រាមអ្នកស្រី ពៅ លក់ក្នុងតម្លៃ ៨ពាន់រៀល ចំណែកឯត្រប៉ែដំណើបស មួយដុំមានត្លៃ ៥០០រៀលប៉ុណ្ណោះ។
ជីវិតជាង២០ឆ្នាំនៃការប្រកបរបរលក់បង្អែមត្រប៉ែនេះនៅរាជធានីភ្នំពេញ គឺដើម្បីចិញ្ចឹមជីវភាពគ្រួសារ និងផ្តត់ផ្គង់ការសិក្សារបស់កូនទាំងបីនាក់ ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យឯស្រុកកំណើត។ ស្រី្តវ័យ៤៥ឆ្នាំដែលមានស្រុកកំណើតនៅស្រីសន្ធរ ខេត្តកំពង់ចាមរូបនេះបញ្ជាក់ថា៖ «លុយដែលរកបាន គឺផ្ញើឲ្យកូនរៀននៅស្រុក។ ហើយមួយថ្ងៃរកបានតែ ៦ម៉ឺនរៀល ដែលចំណេញតែ ២ម៉ឺនរៀលទេ»។ ប្រាក់ចំណេញនេះអ្នកស្រីមិនទាន់ដកចំណាយថ្លៃបង់ទឹកភ្លើង និងជួលផ្ទះស្នាក់នៅផង។
បើទោះជា របរលក់ត្រប៉ែនេះចំណេញបានត្រឹមតែ ២ម៉ឺនរៀលក្នុងមួយថ្ងៃក៏ដោយ ក៏ស្ត្រីដែលប្រឹងជម្នះនឹងភាពលំបាកដើម្បីអនាគតកូនៗរូបនេះ នៅតែប្រកបរបរមួយនេះដដែល ដោយអ្នកស្រីពន្យល់យ៉ាងដូច្នេះថា៖ «ធ្វើយ៉ាងម៉េចបើយើងមិនចេះអ្វីក្រៅពីធ្វើត្រប៉ែនេះ។ អ៊ីចឹងមានតែបន្តធ្វើត្រប៉ែលក់ដដែលទៅ»។
ក្រៅពីប្រកបរបរលក់ត្រប៉ែនេះ អ្នកស្រី ពៅ ឆ្លៀតពេលទៅជួយធ្វើស្រែនៅឯស្រុកកំណើតជាមួយនឹងស្វាមី ដែលកំពុងរស់នៅជាមួយកូនៗផងដែរ។
Tag:
ត្រប៉ែ
មុខរបរប្រពៃណី
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com