ជាតិ
សង្គមជាតិ
ល្បែងធ្វើពុតដួលស្លាប់ផ្កាប់មុខ កំពុងវាយលុកពេញបណ្តាញសង្គម
× គ្មានឡើយ ល្បែងប្រជាប្រិយនាពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យុវជនកម្ពុជាមួយចំនួនបាននាំចូលល្បែងមួយដែលមានឈ្មោះថា Falling Stars Challenge មក អនុវត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក និង Instagram។ ទោះបីជាយ៉ាងណាក៏ដោយ ល្បែងនេះទំនងជាសាបរលាបវិញយ៉ាងឆាប់រហ័ស ដោយសារតែរលកនៃការរិះគន់។
Falling Stars Challenge? វាជាប្រភេទល្បែងថ្មីមួយនៅលើបណ្តាញសង្គម ដោយអ្នកលេងត្រូវបង្ហោះរូបថតខ្លួនក្នុងកាយវិការធ្វើពុតជាដួលដេកស្លាប់ផ្កាប់មុខនៅក្បែរសម្ភារៈ និងវត្ថុមានតម្លៃ។ កន្លងមកល្បែងចាក់ទឹកកក Ice Bucket Challenge ត្រូវបានបង្កើតឡើងដើម្បីប្រមូលមូលនិធិជួយដល់អ្នកជំងឺ ALS ប៉ុន្តែសម្រាប់ល្បែងដួលស្លាប់ផ្កាប់មុខនេះ ផ្តួចផ្តើមឡើងដើម្បីតែភាពសប្បាយរីករាយប៉ុណ្ណោះ។
តាមសារព័ត៌មានបរទេស បណ្តាកូនមហាសេដ្ឋីនៅរុស្ស៊ី ជាប្រភពដែលបង្កើតល្បែងនេះឡើង។ ពួកគេនាំគ្នាធ្វើពុតជាទាក់ជើងដួលពេលចេញពីរថយន្ត កប៉ាល់ទំនើបៗរបស់ខ្លួន។ អ្នកខ្លះធ្វើជាទាក់ជើងនឹងកៅអី ជណ្តើរ ឬគ្រែជាដើម។ ក្នុងជំហរដួលផ្កាប់មុខ អ្នកលេងម្នាក់ៗសុទ្ធតែបង្ហាញឲ្យឃើញនូវសម្ភារ និងវត្ថុមានតម្លៃផ្សេងៗទៀត ហើយរូបថតខ្លះ មានការកាត់ត Photoshop បន្ថែមដើម្បីឲ្យកាន់តែទាក់ទាញ។
សម្រាប់អ្នកដែលបង្ហោះរូបថត និងសកម្មភាពរបស់ខ្លួនរួចហើយ ពួកគេអាចចាត់ឲ្យមិត្តភក្តិផ្សេងទៀត ធ្វើតាមខ្លួនជាបន្តបន្ទាប់។ រយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ល្បែង Falling Stars Challenge ក្លាយជាទំនោរ (Trend) ដ៏ពេញនិយមនៅលើបណ្តាញសង្គមពេញប្រទេសរុស្ស៊ី ហើយរាលដាលនៅបណ្តាប្រទេសអឺរ៉ុបខាងកើត ជាពិសេសស្លូវេនី និងអ៊ុយក្រែន។
ប្រទេសមួយចំនួននៅអាស៊ី ជាពិសេសថៃ ចម្លងតាមល្បែងនេះយ៉ាងឆាប់រហ័ស។ ចំណែកនៅកម្ពុជា យុវជនមួយចំនួនក៏ទទួលរងឥទ្ធិពលផងដែរ ដោយអ្នកខ្លះទទួលស្គាល់ថា ជាការថតលេងសើច ខណៈអ្នកខ្លះទៀត បានរិះគន់កប់ៗមាត់ ដោយចាត់ទុកថា ជាការចម្លងតាមវប្បធម៌បរទេសដ៏ឆ្កួតលីលា។
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានសរសេរបែបកំប្លែងថា តាមពិត Falling Stars Challenge មានប្រភពពីកម្ពុជា តាមរយៈការលើកឡើងពីករណីមន្ត្រីប៉ូលិសម្នាក់នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលបានធ្វើពុតជាដួលនៅមុខរថយន្តមួយគ្រឿង កាលពីប្រមាណ២ឆ្នាំមុន។
ពាណិជ្ជកម្ម! ពាណិជ្ជកម្ម! យុវជនម្នាក់ដែលធ្វើការឲ្យក្រុមហ៊ុនធានារ៉ាប់រង បានឆ្លៀតបង្ហោះរូបថតរបស់ខ្លួន ដោយសរសេរថា ជីវិតមនុស្សមិនទៀងឡើយ ដូច្នេះពួកគេគួរទិញបណ្ណធានារ៉ាប់រង ដើម្បីអនាគតកូនចៅរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com