ការប្រកួតដណ្តើមពានរង្វាន់ UEFA Champions League ឈានចូលសប្តាហ៍ទីពីរក្នុងវគ្គ Group Stage កាលពីរាត្រីថ្ងៃអង្គារ៍ ដោយមាន៨គូ។
នៅក្នុងពូល E ក្លិប Benfica បានយកឈ្នះម្ចាស់ផ្ទះ AEK Athens ៣-២ ។ Haris Seferovic និង Alex Grimaldo រកបានគ្រាប់បញ្ចូលទីសម្រាប់ក្រុមភ្ញៀវនៅដើមតង់ មុនពេល Ruben Dias ត្រូវបានបណ្តេញចេញនៅនាទី៤៥ ។ ឈានដល់តង់ទីពីរ Viktor Klanaridis រកបានពីរគ្រាប់តាមស្មើ ប៉ុន្តែ Benfica ដែលមានគ្នាត្រឹម១០នាក់ បញ្ចប់ដោយជ័យជម្នះ ៣-២ ក្រោយការស៊ុតបាល់បញ្ចូលទីរបស់ Alfa Semedo។
រីឯជំនួបនៅទឹកដី Allianz Arena គ្រាន់តែប្រកួតបាន៤នាទី Mats Hummels រកបានគ្រាប់បញ្ចូលទីបើកឆាកឲ្យ Bayern Munich ហើយ Noussair Mazraoui តាមស្មើវិញសម្រាប់ Ajax។ ការចែកគ្នាម្នាក់១ពិន្ទុ នាំឲ្យ Ajax ឡើងឈរលើកំពូលតារាង ដោយមាន៤ពិន្ទុស្មើ Bayern Munich ខណៈ Benfica មាន៣ពិន្ទុ AEK Athens ចាញ់ទាំងពីរប្រកួត។
នៅក្នុងពូល F ក្លិប Manchester City ស្ថារការខកចិត្តរបស់ខ្លួន តាមរយៈការយកឈ្នះម្ចាស់ផ្ទះ Hoffenheim ២-១ ។ Ishak Belfodil ស៊ុតបាល់បញ្ចូលទីភ្លាមៗនៅក្រោយការបាល់បើកការប្រកួត ប៉ុន្តែ៧នាទីក្រោយមក Sergio Aguero តាមស្មើសម្រាប់ក្រុមភ្ញៀវ មុនពេល David Silva បន្ថែមគ្រាប់ជ័យជម្នះ ខណៈការប្រកួតនៅសល់៣នាទី។
ចំណែកជំនួបនៅលើទឹកដី Groupama Stadium វិញ Junior Maraes ស៊ុតបាល់បញ្ចូលទី២គ្រាប់តែម្នាក់ឯងសម្រាប់ក្រុមភ្ញៀវ Shakhtar Donetsk ប៉ុន្តែឈានដល់នាទី៧០ ក្នុងអំឡុងពេលតែ២នាទីប៉ុណ្ណោះ Moussa Dembele និង Leo Dubois បានស៊ុតបាល់បញ្ចូលទីជាបន្តបន្ទាប់តាមស្មើសម្រាប់ម្ចាស់ផ្ទះ Lyon។ Lyon បន្តឈរលើកំពូលតារាងដោយមាន៤ពិន្ទុ Manchester City មាន៣ពិន្ទុ Shakhtar Donetsk មាន២ពិន្ទុ និង Hoffenheim មាន១ពិន្ទុ។
នៅក្នុងពូល G វាជារាត្រីដ៏ខកចិត្តរបស់ Real Madrid ដោយម្ចាស់ការពារតំណែងជើងឯងមួយនេះ ចាញ់ម្ចាស់ CSKA Moscow ១-០ ដែលជាការស៊ុតបាល់បញ្ចូលទីនាំដើមតង់របស់ Nikola Vlasic ហើយជិតបញ្ចប់ការប្រកួតអ្នកចាំទី Igor Akinfeev របស់ម្ចាស់ផ្ទះ ទទួលបានកាតលឿងជាលើកទីពីរ។
ផ្ទុយទៅវិញ Roma បានស្តារការខកចិត្តរបស់ខ្លួន តាមរយៈការយកឈ្នះ Viktoria Plzen ៥-០ នៅទឹកដី Stadio Olimpico របស់ខ្លួន។ Edin Dzeko រកបាន៣គ្រាប់តែម្នាក់ឯង ហើយ Cengiz Under និង Justin Kluivert បន្ថែមម្នាក់១គ្រាប់។ CSKA Moscow ឡើងឈរលេខ១បណ្តោះអាសន្នដោយមាន៤ពិន្ទុ Roma និង Real Madrid មាន៣ពិន្ទុ Viktoria Plzen មាន១ពិន្ទុ។
ចំណែកឯពូល H កីឡាករ Paulo Dybala បានស៊ុតបាល់បញ្ចូលទីតែម្នាក់ ឯង៣គ្រាប់ សម្រាប់ Juventus ដែលគ្មានវត្តមានរបស់ Ronaldo។ ក្រៅពីមិនមានឱកាសវាយបកវិញ Young Boys បានបាត់បង់សមាជិកម្នាក់នៅនាទី៧៨ ដោយ Mohamed Aly Camara ទទួលបានកាតលឿងជាលើកទីពីរ។
រីឯ Manchester United ឯណោះវិញ ពួកគេបញ្ចប់ក្នុងលទ្ធផលដោយគ្មានការស៊ុតបាល់បញ្ចូលទីនាជំនួបជាមួយភ្ញៀវ Valencia។ Juventus ជាក្រុមទីពីរដែលឈ្នះ២ប្រកួតជាប់គ្នា ខណៈ Manchester United មាន៤ពិន្ទុ Valencia ១ពិន្ទុ និង Young Boys គ្មានពិន្ទុរាប់៕