ជាតិ
ត្រី​ប្រា​កណ្តុរ រង​ផលប៉ះពាល់​តិចតួច​ពី​ទំនប់​វារិ​អគ្គិសនី ជាង​ប្រភេទ​ត្រី​ដទៃ​
03, Oct 2018 , 7:19 pm        
រូបភាព
​ត្រី​ប្រា​កណ្តុរ ។ រូបភាព​៖ https://ffish.asia/ Bounthob Praxaysombath
​ត្រី​ប្រា​កណ្តុរ ។ រូបភាព​៖ https://ffish.asia/ Bounthob Praxaysombath
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​អត់​ស្រកា​មួយ​ប្រភេទ ដែល​បាន​រស់នៅក្នុង​ទន្លេសាប បឹង​ទន្លេសាប ទន្លេមេគង្គ ព្រមទាំង​ដៃ​របស់​ទន្លេមេគង្គ​ផងដែរ ដូចជា​នៅ​ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក​ជាដើម​។​

 
​ត្រី​ប្រា​កណ្តុរ ជា​ប្រភេទ​ត្រី​ទឹកសាប មានឈ្មោះ​វិទ្យាសាស្ត្រ (Helicophagus leptorhynchus) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Rat-faced pangasiid មាន​រស់នៅ​ពាសពេញ​ទន្លេ​ចៅ​ប្រា​យ៉ា និង​ក្នុង​អាង​ទន្លេមេគង្គ ភាគ​កណ្តាល និង​ភាគ​ខាងក្រោម នៃ​តំបន់​អាស៊ីអាគ្នេយ៍ ក្នុងប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​។  
 
​ត្រី​ប្រា​កណ្តុរ គឺជា​ប្រភេទ​ត្រី​ដែល​មិន​ធ្វើចរាចរ​ផ្លាស់​ទី​ចូលទៅក្នុង​តំបន់​ទំនាប​លិច​ទឹក​។ ផ្ទុយទៅវិញ នៅពេលដែល​កម្ពស់​ទឹក​ចាប់​ផ្តើមឡើង​ក្នុង​រដូវ​ទឹកជំនន់ ត្រី​ប្រភេទ​នេះ ក៏​ធ្វើចរាចរ​ផ្លាស់​ទី​ឆ្ពោះទៅ​ខ្សែទឹក​ខាងលើ​នៃ​តំបន់​អាងទឹក​ជ្រៅ និង​ធ្វើចរាចរ​ចុះមក​ខ្សែទឹក​ខាងក្រោម​វិញ នា​ចុងរដូវ​ទឹកជំនន់ ពោលគឺ​នៅពេល​ទឹកទន្លេ​រង​ថ្លា​។ វា​ស៊ី​ពពួក​គ្រុំ លៀស ខ្យង ខ្ចៅ​ជា​អាហារ​។ ដោយសារ​ត្រី​ប្រា​កណ្តុរ ជា​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​ក្នុង​ចម្ងាយ​ជិត និង​មធ្យម ដូច្នេះ​វា​មិនសូវ​ងាយ​រងគ្រោះ​ដោយសារ​ទំនប់​វារិ​អគ្គិសនី ដូច​ប្រភេទ​ត្រី​ដទៃ​ទៀតឡើយ​។ ក៏ប៉ុន្តែ គេ​គួរ​មានការ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ទៅលើ​របប​ទឹក​ហូរ​ប្រចាំឆ្នាំ​នៅក្នុង​អាងទឹក​ជ្រៅ និង​ជម្រក​សំខាន់ៗ​ជាច្រើន​ទៀត ដែល​វា​រស់នៅ​។ 
 
​ដោយ​ពុំមាន​ព័ត៌មាន និង​ទិន្នន័យ​គ្រប់គ្រាន់ វា​ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Data Deficient )​។ ការសាងសង់​ទំនប់​វារិ​អគ្គិសនី​នៅតាម​ដង​ទន្លេ​មេ និង​ដៃ​ទន្លេធំៗ អាច​បំផ្លាញ និង​ផ្លាស់ប្តូរ​ទីជម្រក​របស់​មច្ឆា​ប្រភេទ​នេះ​បាន ជាពិសេស ប្រសិនបើ​មានការ​សាងសង់​ទំនប់​វារិ​អគ្គិសនី​ច្រើន​បន្ត​គ្នា​រដឹក​។ ទោះយ៉ាងណា ត្រី​ប្រា​កណ្តុរ ត្រូវបាន​គេ​ចាត់ទុកថា វា​ងាយ​រងគ្រោះ​ដោយ​ការបំពុល​បរិស្ថាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com