ជាតិ
វីដេអូ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
របរដាល់អំបុកលក់ នាំឲ្យជីវភាពគ្រួសារអ្នកស្រី ធល ម៉ាច លែងខ្វះមុខ ខ្វះក្រោយ ព្រៃវែង៖ នៅក្រោមផ្ទះ អ្នកស្រី ធល ម៉ាច និង លោក ថៃ ឈឿន មានភ្ញៀវចេញចូលជារៀងរាល់ថ្ងៃ ដោយអ្នកទាំងនោះ សុទ្ធតែជាម៉ូយដុំដែលទិញអំបុកយកទៅលក់បន្ត។ គ្រួសារកសិករដែលរស់នៅភូមិក្បាលដំរី ឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង មួយនេះ ប្រកបរបរដាល់អំបុកលក់អស់រយៈពេលជាង១០ឆ្នាំមកហើយ។
«ពួកខ្ញុំត្រូវក្រោកតាំងពីម៉ោង៥ព្រឹកដើម្បីជាន់អំបុក ហើយបន្តធ្វើរហូតដល់ពេលល្ងាច»។ អ្នកស្រី ធល ម៉ាច បានរៀបរាប់ប្រាប់សារព័ត៌មាន
ThmeyThmey25 យ៉ាងដូច្នេះ។ ស្ត្រីវ័យ៥៥ឆ្នាំរូបនេះ បានអះអាងបន្ថែមថា ក្នុងមួយថ្ងៃ គ្រួសាររបស់អ្នកស្រីផលិតអំបុក បានពី១៥០ទៅ២០០កំប៉ុងដើម្បីបោះឲ្យម៉ូយប្រចាំ។
អំបុកស្រូវថ្មីមួយកំប៉ុងមានតម្លៃ៨០០រៀល ហើយបើតាមសង្វាក់នៃការផលិត អ្នកស្រី ធល ម៉ាច និងស្វាមី អាចរកចំណូលបានពី១២ម៉ឺន ទៅ១៦ម៉ឺនរៀលក្នុងមួយថ្ងៃដើម្បីដោះស្រាយជីវភាពគ្រួសារដែលមានកូន និងចៅសរុប៤នាក់ក្នុងបន្ទុក។
ចាប់តាំងពីដើមឆ្នាំ២០១៨ មក គ្រួសារមួយនេះ ហាក់ដូចជាធូរស្រាលកម្លាំងជាងមុន ព្រោះតែលោក ថៃ ឈឿន បានកែច្នៃត្បាល់ដោយដាក់ម៉ាស៊ីនជំនួសឲ្យការជាន់ចុះជាន់ឡើងដោយជើង។ អ្នកស្រី ធល ម៉ាច បញ្ជាក់ថា៖ «ថ្វីត្បិតតែសព្វថ្ងៃ យើងដាល់បានច្រើនជាងមុនដោយសារកម្លាំងម៉ាស៊ីនក៏ដោយ ប៉ុន្តែយើងនៅតែមិនអាចផ្គត់ផ្គង់តាមតម្រូវការអតិថិជនឡើយ»។
ស្ត្រីវ័យ៥៤ឆ្នាំរូបនេះ បានអះអាងថា អំបុករបស់គាត់មានរសជាតិផ្អែម ទន់ ស្រួយ ឆ្ងាញ់ និងមានក្លិបក្រអូប ដោយផលិតចេញពីប្រភេទពូជស្រូវរំដួល និងអ៊ីអ៊ែរ ដែលទើបតែប្រមូលផលបានថ្មីៗ។ តម្រូវការខ្ពស់បំផុតគឺនាអំឡុងនៃពិធីបុណ្យទានធំៗ ។
បើតាមលោក ថៃ ឈឿន អាយុ៥៥ឆ្នាំ ភូមិចំនួន៣នៃស្រុកកញ្ច្រៀច រួមមានភូមិថ្មពូន ភូមិព្រះឥន្ទស្មត់ និងភូមិក្បាលដំរី មានប្រជាពលរដ្ឋជាច្រើនប្រកបរបរដាល់អំបុកលក់។ «ទោះបីនឿយហត់បន្តិចក៏ដោយ តែរយៈពេលជាង១០ឆ្នាំកន្លងមកនេះ យើងសប្បាយដែលទទួលបានចំណូលទ្រទ្រង់ជីវភាពគ្រួសារ បន្ថែមពីលើរបរធ្វើស្រែ»។ នេះជាការអះអាងព្រមៗគ្នារបស់លោក ថៃ ឈឿន និងអ្នកស្រី ធល ម៉ាច។
© រក្សាសិទ្ធិដោយ thmeythmey.com