ជាតិ
ក្លឹប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​វៀតណាម​ផ្តើម​សហប្រតិបត្តិការ​ដើម្បី​ប្រយោជន៍​ប្រទេស​ទាំងពីរ​
04, Oct 2018 , 3:46 pm        
រូបភាព
​ហាណូយ​-​វៀតណាម​៖ ក្លឹប​អ្នកកាសែត​កម្ពុជា (CCJ) បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ យោគយល់ មួយ​ជាមួយ​សមាគម​អ្នកកាសែត​វៀតណាម (VJA) នៅ​ថ្ងៃ​ពុធ​ទី​៤​ខែតុលា​នេះ នៅក្នុង​ទីក្រុង​ហាណូយ ស្តីពី​ការពង្រឹង​សហប្រតិបត្តិការ​រវាង​អ្នកកាសែត​នៃ​ប្រទេស​ទាំងពីរ​។​

 
​ប្រតិភូ​ក្លឹប​អ្នកកាសែត​កម្ពុជា​កំពុង​បំពេញ​ទស្សនកិច្ច​ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​៦​ខែតុលា​នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អ្នកកាសែត​នៃ​ប្រទេសជិតខាង​ទាំងពីរ​។ នៅ​ថ្ងៃទី​៤​ខែតុលា​នេះ លោក ពុ​យ គា ដែលជា​អគ្គលេខាធិការ​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា ហើយ​កំពុង​ដឹកនាំ​ប្រតិភូ​អ្នកកាសែត​កម្ពុជា​នៅក្នុង​ទីក្រុង​ហាណូយ​នោះ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ស្តីពី​សហប្រតិបត្តិការ​នៃ​សមាគម​អ្នកកាសែត​ទាំងពីរ ជាមួយ​លោក Ho QUANG LOI អនុប្រធាន​ប្រចាំការ​នៃ​សមាគម​អ្នកកាសែត​វៀតណាម​។​


 
​ប្រធាន​ប្រតិភូ​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ពុ​យ គា បាន​មានប្រសាសន៍​នៅមុខ​សម​ភាគី​ថា អ្នកកាសែត​កម្ពុជា និង​អ្នកកាសែត​វៀតណាម​មួយចំនួន​ធ្លាប់បាន​ស្គាល់គ្នា​ជា​លក្ខណៈ​បុគ្គល​ហើយ​។ ប៉ុន្តែ​លោក​បន្តថា បន្ទាប់ពី​ការចុះហត្ថលេខា​ផ្តើម​កិច្ចសហប្រតិបត្តិការ​នេះ​ទៅ ការទំនាក់ទំនង​គ្នា​រវាង​អ្នកកាសែត​នៃ​ប្រទេស​ទាំងពីរ​ត្រូវបាន​ដំ​ឡើងដល់​ថ្នាក់​ស្ថាប័ន ដែល​នឹង​ពង្រីក​ថែមទៀត​នៃ​សាមគ្គីភាព និង​កិច្ចសហការ​រវាង​អ្នកកាសែត​ទាំងពីរ​ប្រទេស​។​
 
​លោក ពុ​យ គា បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​មិន​ត្រឹមតែ​ក្នុង​ក្របខណ្ឌ​នៃ​អាជីព​សារព័ត៌មាន​នោះទេ ចាប់ពីពេលនេះ​ទៅ​សមាគម​អ្នកកាសែត​ទាំងពីរ​ប្រទេស​នឹង​លើកទឹកចិត្ត​ឲ្យ​មានការ​សរសេរ​អត្ថបទ​ដែល​ជំរុញ​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​»​។​
 
​តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​នេះ សមាគម​អ្នកកាសែត​វៀតណាម គឺជា​ដៃគូ​ទី​ពីរ​នៅក្នុង​អាស៊ាន​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា បន្ទាប់ពី​ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមាគម​អ្នកកាសែត​ថៃ​កាលពី​ឆ្នាំ​២០១១​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ទាំង​ក្លិប​អ្នកកាសែត​កម្ពុជា សមាគម​អ្នកកាសែត​វៀតណាម និង​សមាគម​អ្នកកាសែត​ថៃ សុទ្ធតែជា​សមាជិក​នៃ​សហព័ន្ធ​អ្នកកាសែត​អាស៊ាន (Confederation of Asean Journalists)​។​


 
​ប្រតិភូ​ក្លឹប​អ្នកកាសែត​កម្ពុជា​ដែល​កំពុង​ទស្សនកិច្ច​នៅក្នុង​ប្រទេស​វៀតណាម​រួមមាន លោក ពុ​យ គា ជា​អគ្គលេខាធិការ លោក ខៀវ កូ​ឡា ជា​សមាជិក​គណៈកម្មកា​រ​នាយក លោក គី សុខ​លីម ជាទី​ប្រឹក្សា លោក សំ ប៊ុន​ណាត និង​លោក ប៊ិន ប៊ុន​ណា ជា​សមាជិក​សកម្ម​៕
 

Tag:
 សារព័ត៌មាន​
  CCJ
  VJA
© រក្សាសិទ្ធិដោយ thmeythmey.com