ជាតិ
កវី​តែង​កំណាព្យ​៣​រូប ជាប់​ជ័យលាភី​តែង​និពន្ធ នៃ​ទិវា​គ្រូបង្រៀន​
04, Oct 2018 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ កវី​តែង​កំណាព្យ​ចំនួន​៣​រូប បាន​ជាប់​ជ័យលាភី ក្នុងការ​ប្រកួតប្រជែង​ស្មូត​កំណាព្យ និង​តែង​និពន្ធ អបអរសាទរ​ទិវា​គ្រូបង្រៀន​៥​តុលា​២០១៨ ក្រោម​ប្រធានបទ “​គុណភាព​គ្រូបង្រៀន​ជា​គុណភាព​មូលធន​មនុស្ស​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចិ​រ​ភាព​” ដែល​រៀបចំ​ដោយ ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​កវី​ទាំង​៣​រូបនោះ គឺមាន​លោក ស៊ុយ វ៉ាន់​សាក់ ជ័យលាភី​លេខ​១ លោក ប៉ាល់ សុខុម ជ័យលាភី​លេខ​២ និង​លោក សែម ពណ្ណរាយ ជ័យលាភី​លេខ​៣​។​


“​គុណ​តម្លៃ​នៃ​គ្រូបង្រៀន​” ជា​ចំណងជើង​កំណាព្យ​របស់​កវី ស៊ុយ វ៉ាន់​សាក់ ដែល​ទទួលបាន​ជ័យលាភី​លេខ​១​។ កំណាព្យ​នេះ​និយាយ​ពី​គុណ​តម្លៃ​របស់​គ្រូបង្រៀន ដែល​ប្រឹងប្រែង​បង្កើតឱ្យមាន​ធនធានមនុស្ស​គ្រប់​វិស័យ​នៅក្នុង​ប្រទេស និង​បង្ហាញ​ពី​ការដឹងគុណ​របស់​សិស្ស​ទៅកាន់​គ្រូ​ផងដែរ​។ ទោះជា​គ្រូ​បាន​ជួយ​បង្កើត​ធនធានមនុស្ស​ច្រើន​យ៉ាងណាក្ដី តែ​ក្នុង​កំណាព្យ​ក៏​មិន​ភ្លេច​រំលេច​ឱ្យឃើញថា គ្រូ​ក៏​នៅតែ​ត្រូវការ​ការសិក្សា​រៀនសូត្រ​រហូត ដើម្បី​បង្កើន​សមត្ថភាព​រាល់ថ្ងៃ​ដែរ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ស៊ុយ វ៉ាន់​សាក់ បញ្ជាក់​ដូច្នេះ​ថា​៖« ក្នុង​កំណាព្យ​នេះ​ខ្ញុំ​សរសេរ​រៀបរាប់​ពី​ធនធានមនុស្ស មាន​ពេទ្យ មន្ត្រីរាជការ អ្នកធ្វើការ​ធំ​តូច អ្នកប្រាជ្ញ បណ្ឌិត គ្រប់យ៉ាង គឺ​បាន​ពី​គ្រូ ហើយ​ធនធាន​ទាំងនេះ​គួរ​ជួយ​សង្គម​យ៉ាងណាខ្លះ​។ ខ្ញុំ​ក៏​បង្ហាញឱ្យឃើញថា សិស្ស​គួរតែ​ដឹងគុណ​គ្រូ​ដែរ​»​។
 

 
​ចំណែក​កវី ប៉ាល់ សុខុម ទទួលបាន​ជ័យលាភី​លេខ​២ ដែល​សរសេរ​កំណាព្យ “​គុណភាព​គ្រូបង្រៀន​បង្កើត​ធនធាន​អភិវឌ្ឍន៍​” បាន​រៀបរាប់​អត្ថន័យ​ពី​ការ​តម្កើង​គុណសម្បត្តិ​របស់​គ្រូបង្រៀន​។ “​សង្គម​ខ្ពង់ខ្ពស់​ព្រោះ​មាន​គ្រូ ធ្វើជា​គំរូ​ស៊ូ​ស្មោះស សិស្ស​ក្លាយជា​ពលរដ្ឋ​បវរ រៀនសូត្រ​បន្ត​កសាង​ជាតិ​”​។ នេះ​ជា​ខ្លឹមសារ​ខ្លះ​ស្រង់​ចេញពី​កំណាព្យ​ជ័យលាភី​លេខ​២​នេះ​។ 
 
​កំណាព្យ​ទាំងមូល​របស់លោក ប៉ាល់ សុខុម គឺ​បាន​រៀបរាប់​បង្ហាញឱ្យឃើញ​ពី​ប្រទេសជាតិ​មួយ​អាច​រីកចម្រើន​បាន ក៏​អាស្រ័យ​ពលរដ្ឋ​មានចំណេះដឹង ហើយ​ចំណេះ​ទាំងនោះ​ក៏បាន​ពី​គ្រូ​ដែរ​។ « ក្នុង​អត្ថន័យ​ទាំងមូល បង្ហាញ​ពី​គុណសម្បត្តិ​របស់​គ្រូ ដែល​មិនអាច​ខ្វះ​បាន​ក្នុងសង្គម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ាល់ សុខុម​។

 
​ចំណែក​ជ័យលាភី លេខ​៣ របស់​កវី សែម ពណ្ណរាយ មាន​ចំណងជើង​ថា​”​លក្ខណៈសម្បត្តិ​គ្រូបង្រៀន​ក្នុង​សតវត្សរ៍​ទី​២១”​។ កំណាព្យ​នេះ បាន​ពិពណ៌នា​ពី​លក្ខណៈសម្បត្តិ​របស់​គ្រូបង្រៀន ដែល​ត្រូវមាន​ទាំង គុណភាព​បង្រៀន ចរិយា​សម្បត្តិ បញ្ញា រួមទាំង​ការសិក្សា​ពេញ​មួយជីវិត​។ លោក សែម ពណ្ណរាយ បញ្ជាក់​ដូច្នេះ​ថា​៖« ក្នុង​កំណាព្យ​ខ្ញុំ​រៀបរាប់​ពី គុណភាព​គ្រូបង្រៀន ចរិត បញ្ញា រួមទាំង​ការសិក្សា​បន្ត​ពេញ​មួយជីវិត​របស់​គ្រូបង្រៀន​»​។

 
​កំណាព្យ​ជ័យលាភី​ទាំង​៣​រូប សង្កត់ធ្ងន់​លើ​អត្ថន័យ​ប្រហាក់ប្រហែលគ្នា ដែល​សុទ្ធតែ​បញ្ជាក់​ពី​គុណសម្បត្តិ​របស់​គ្រូបង្រៀន ដែល​មិនអាច​ខ្វះ​បាន​ក្នុងសង្គម​។ ជ័យលាភី​ទាំង​៣​រូប​ទទួលបាន​ពាន និង​ថវិកា​មួយចំនួន​ទៀតផង​៕

Tag:
 កំណាព្យ​
  សមាគម​អ្នកនិពន្ធ​ខ្មែរ​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com