ជាតិ
សេដ្ឋកិច្ច
បើ​មិនមាន​បញ្ហា​អ្វី​ទេ កម្ពុជា​អាច​ទទួលបាន​ការអនុគ្រោះ​ពន្ធ ដល់​ឆ្នាំ​២០២៧?
05, Oct 2018 , 5:36 pm        
រូបភាព
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar ។ រូបពីក្លិបអ្នកកាសែតកម្ពុជា (CCJ)
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar ។ រូបពីក្លិបអ្នកកាសែតកម្ពុជា (CCJ)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បញ្ហា​អនុគ្រោះ​ពន្ធ (Everything But Arm) នៅតែ​ជា​ចំណោទ​សម្រាប់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar ក្នុងការ​ផ្ដល់ព័ត៌មាន​នេះ ដល់​ប្រជាជន​កម្ពុជា​។ អ្វីដែល​គេ​ចង់ដឹង​នោះ គឺថា​តើ​សហភាព​អឺរ៉ុប នឹង​បន្ត ឬ​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ពី​កម្ពុជា​ដែរ​ទេ​?


 
​មិនទាន់មាន​ចម្លើយ​ពី​លោក George Edgar ជុំវិញ​បញ្ហា​អនុគ្រោះ​ពន្ធ​នេះឡើយ ខណៈដែល​សភា​អឺរ៉ុប កំពុង​ពិភាក្សា​លើ​ករណី​កម្ពុជា​នេះ​។ ដ្បិត​គ្មាន​ចម្លើយ​ក្តី ប៉ុន្តែ​លោក George Edgar អាច​បង្ហើប​បាន​ថា កម្ពុជា នឹង​អាច​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ដល់​ឆ្នាំ​២០២៧ តាមរយៈ​គោលការណ៍​របស់​សហភាព​អឹ​រ៉ុ​ប ដែល​អនុគ្រោះ​ដល់​ប្រទេស​អភិវឌ្ឍ​តិចតួច​។  ប៉ុន្តែ​ការបន្ត​បានការ​អនុគ្រោះ​ពន្ធ​នេះ លុះត្រាតែ​កម្ពុជា មិនបង្កើត​បញ្ហា​អ្វី ដែល​សហភាព​អឺរ៉ុប មើលឃើញ​ពី​កំហុសឆ្គង ដែល​នាំ​ឲ្យ​ឈានដល់​ការ​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​មួយ​នេះ​។
 
​សូម​ស្ដាប់​ការពន្យល់​របស់លោក George Edgar  នៅក្នុង​កិច្ចពិភាក្សា​សារព័ត៌មាន​ស្តីពី​ធុរកិច្ច​អឺរ៉ុប និង​កិច្ច​អភិវឌ្ឍ កាលពី​ថ្ងៃទី​៤ កញ្ញា តាមរយៈ​អ្នកបកប្រែ​ដូច្នេះ​ថា​៖ 



 
​មូល​ហេតុដែល​កម្ពុជា​អាច​ទទួលបាន​ការអនុគ្រោះ​ពន្ធ នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប ដោយសារតែ​កម្ពុជា​ស្ថិតនៅក្នុង​ប្រទេស​អភិវឌ្ឍ​តិចតួច​។ ហើយ​ការទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​នេះ លុះត្រាតែ​កម្ពុជា អនុវត្តតាម​អនុសញ្ញា​ចំនួន​១៥ ដែល​សហភាព​អឺរ៉ុប បានកំណត់ ដែល​ក្នុងនោះ​រួមមាន​ការគោរព​លើ​សិទ្ធិ​ការងារ​កម្មករ និយោជិត និង​សិទ្ធិមនុស្ស​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក George Edgar ដែល​បាន​បន្ថែមថា បញ្ហា​សិទ្ធិមនុស្ស និង​បញ្ហា​សិទ្ធិ​ការងារ គឺជា​ចំណុច​ស្នូល​នៃ​ពាណិជ្ជកម្ម ដែល​ត្រូវបាន​សហភាព​អឺរ៉ុប ផ្ដោត​ការយកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​នេះ​។ 
 
អត្ថបទទាក់ទង
 
 
​ឯកអគ្គរដ្ឋទូត​រូបនេះ បាន​បន្ថែមថា កម្ពុជា​ត្រូវ​ពង្រឹង​ការធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម និង​បង្កើន​ចង្វាក់​ផលិត​ឲ្យ​បាន​ច្រើនជាង​មុន ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ នៅពេលដែល​កម្ពុជា​ងើប​ចេញពី​ប្រទេស​អភិវឌ្ឍ​តិចតួច ហើយ​លែង​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​។​
 
​កាលពី​ឆ្នាំ​២០១៧​កន្លងមក កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU) ជាង ៥,៧​ពាន់​លាន​ដុ​លា្ល​រអាម​រិ​ក ។ កម្ពុជា​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​ទីផ្សារ​នេះ​។ បើ​មិន​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទេ កម្ពុជា​ត្រូវ​បង់ពន្ធ​ជាង​៥០០​លាន​ដុល្លារ​ចូល​ទីផ្សារ​អឺរ៉ុប​។ ទំនិញ​ដែល​ទៅ​ទីផ្សារ​មួយ​នេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក កៅស៊ូ និង​ទោចក្រយាន ជាដើម​។​
 

Tag:
 EBA
  EU
  អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com