ភ្ជុំបិណ្ឌ​៖​និស្សិត​អន្ទះសា​វិល​ទៅ​ស្រុកកំណើត​ជួបជុំ​គ្រួសារ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
ភ្ជុំបិណ្ឌ​៖​និស្សិត​អន្ទះសា​វិល​ទៅ​ស្រុកកំណើត​ជួបជុំ​គ្រួសារ​
07, Oct 2018 , 10:59 am        
រូបភាព
​ភ្នំពេញ​៖ បុណ្យ​ភ្ជុំបិណ្ឌ នឹង​ឈាន​មកដល់​ឆាប់ៗ ដែល​បានធ្វើ​ឲ្យ​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​មក​រៀន​នៅ​ភ្នំពេញ​ខ្លះ អន្ទះសារ  និង​បន់​ឲ្យ​ដល់​ថ្ងៃ​ភ្ជុំ ន្អា​ល​ទៅ ជួបជុំ​ក្រុមគ្រួសារ ញាតិមិត្ត បងប្អូន​។ ដោយ​ជាប់រវល់​សិក្សា ពួកគេ​ត្រូវ​រង់ចាំ​ដល់​កៀក​ថ្ងៃ​ភ្ជុំ​ធំ ទើប​អាចធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​បាន​។​


 
​កញ្ញា វុ​ត ចាន់ទី និស្សិត​ផ្នែក​គណិតវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ខ្លួន​នឹករលឹក​អ្នកផ្ទះ​ជាខ្លាំង ជាពិសេស​នៅក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ ចាន់ទី ដែល​មកពី​ខេត្តសៀមរាប បន្តថា​រូបនាង​ចង់ទៅ​ស្រុក​ណាស់ ដោយសារតែ​ឃើញ​អ្នក​នៅ​ភ្នំពេញ បាន​បបួលគ្នា​ទៅ​វត្ត​បណ្តើរៗ ដូច្នេះ​នាង​បន់​ឲ្យ​តែ​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​ឆាប់ៗ ន្អា​ល​បាន​ទៅ​ជួបជុំ​ក្រុមគ្រួសារ​។ ជា​និស្សិត​ឆ្នាំ​ទី​២ ចាន់ទី ចង់តែ​ទៅ​ឆាប់ៗ​នេះ ប៉ុន្តែ​សកលវិទ្យា​ល័យ មិនទាន់​អនុញ្ញាត​ឲ្យ​និស្សិត​ឈប់សម្រាក​នៅឡើយ ពោលគឺ​ទាល់តែ​ជិត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​។ 


 
«​ខ្ញុំ​ចង់ទៅ​ស្រុក​ឆាប់ៗ លឿន​កាលណា​ល្អ​កាល​ហ្នឹង​។ ចិត្ត​ខ្ញុំ​មិនសូវ​ជាមាន​អារម្មណ៍​ចង់​រៀន​ប៉ុន្មាន​ទេ ចង់តែ​ទៅផ្ទះ ជួប​ឪពុកម្តាយ ប៉ុន្តែ​ចិត្ត​មួយ​ស្តាយ​មេរៀន​។ បើ​ខ្ញុំ​ទៅមុន សាលា​អនុញ្ញាត​ឲ្យ​ឈប់​នោះ​អាច​នឹង​បាត់បង់​មេរៀន ដោយសារ​នេះ​ជា​ការបើក​បវេសនកាល​ថ្មី​ផង​»​។ នេះ​ជាការ​រៀបរាប់​របស់​ក​ញ្ញា ចាន់ទី​។​
 
​ជា​និស្សិត​ផ្នែក​គណិតវិទ្យា​។ ទោះបី​ចាន់ទី មិនទាន់​អាច​ទៅធ្វើ​បុណ្យ​ជាមួយ​អ្នកផ្ទះ​បាន​ក្តី ប៉ុន្តែ​ចាន់ទី នឹង​បបួល​មិត្តភក្តិ​ទៅ​វត្ត​ប្រគេន​ចង្ហាន់​បន្តិចបន្តួច​ជាមួយគ្នា មុននឹង​បែក​គ្នា​ពេល​ភ្ជុំ​។ 
 
​លោក ចិន គឹម​ហួ និស្សិត​ម្នាក់ទៀត​មកពី​ខេត្តកំពង់ធំ​ដែល​កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប ក៏​នឹករលឹក​សាច់ញាតិ​នៅ​ស្រុកកំណើត​ខ្លាំង​ដែរ ពិសេស​ពេលឮ​ទំនួញ​ប្រេត ដែល​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​មិត្តភក្តិ​ដែល​គេ​ទៅ​វត្ត​ជុំគ្នា​នៅ​ថ្ងៃ​កាន់បិណ្ឌ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ គឹម​ហួ ដែលមាន​រាង​ស្គម និង​ខ្ពស់ស្រឡះ បញ្ជាក់ថា​៖«​គ្រាន់តែ​គិតដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ទៅ​ស្រុក ក៏​សប្បាយចិត្ត​ដែរ​។ ពេល​ខ្ញុំ​ទៅដល់ ខ្ញុំ​នឹង​រៀបចំ​ធ្វើ​ម្ហូប បាយ សម្ល ជូន​អ្នកមានគុណ និមន្ត​ព្រះសង្ឃ​បង្សុកូល សម្រាប់​ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ​»​។  


 
​មិន​ខុសគ្នា​ទេ លោក លៀវ ពន្លក និស្សិត​ផ្នែក​ព័ត៌មានវិទ្យា ថា​រូបគេ​នឹក​ស្រុក និង​ចង់ទៅ​ភ្លាមៗ នៅពេល​ស្តាប់​បទ ចម្រៀង​ប្រពៃណី​បុណ្យ​ភ្ជុំបិណ្ឌ ពី​ដើមៗ​។ ប៉ុន្តែ​ដោយសារ​រវល់​នឹង​ការសិក្សា និង​ការងារ​មួយចំនួន ពន្លក អាច​ទៅ​ស្រុកកំណើត​បាន​នៅមុន​ថ្ងៃ​ភ្ជុំ​។ ដ្បិតតែ​បង្ហើប​ប្រាប់​ពី​គម្រោង​ទៅ​ស្រុកកំណើត​នៅមុន​ភ្ជុំ​មែន ប៉ុន្តែ ពន្លក បែរជា​មិន​ប្រាប់​អ្នកផ្ទះ​របស់គាត់​មុន​ទៅវិញ ថា​ខ្លួន​នឹង​ទៅ​ស្រុកកំណើត​ពេលនោះ​។ លោក លៀវ ពន្លក​ពន្យល់​ដូច្នេះ​៖«​ខ្ញុំ​មិនដែល​ប្រាប់​គាត់​មុន​ទេ នៅពេល​ខ្ញុំ​ចង់ទៅ​លេង​គាត់ សូម្បីតែ​ភ្ជុំ​នេះ​អីចឹង ព្រោះ​មិន​ចង់​ឲ្យ​គាត់​ពិបាក​ត្រៀម​ធ្វើ​ម្ហូប​ឆ្ងាញ់ៗ​សម្រាប់​ខ្ញុំ​។ ជាទូទៅ ខ្ញុំ​តែងតែ​ទៅ​ចំពេល​គាត់​អស់​ម្ហូប អស់​បាយ តែ​ខ្ញុំ​នៅតែ​រីករាយ​នៅពេលដែល​បាន​ជួប​ពូក​គាត់​»​។​


 
​មិនមែន​មានតែ​និស្សិត​ដែល​មកពី​តាម​ខេត្ត​នោះទេ ដែល​នឹង​ត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ និង​សាច់ញាតិ​នៅ​ស្រុកកំណើត​នៅក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ កញ្ញា តាំង ស្រី​នុ​ច ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​ស្រាប់ ក៏​នឹករ​ឮ​ក​ជាខ្លាំង ដល់​សាច់ញាតិ​ខាង​ឪពុកម្តាយ​ដែល​នៅ​ខេត្តព្រៃវែង​ដែរ​។ ស្រី​នុ​ច ថា រូបគេ និង​ក្រុមគ្រួសារ នឹង​ទៅលេង សួរសុខទុក្ខ តា​យាយ ពូ មីង នៅ​ខេត្តព្រៃវែង ព្រម​ទាង​ធ្វើបុណ្យ​សន្សំ​កុសល និង​ឧទ្ទិស​ដល់​ដូនតា​ដែល​បាន​ចែក​ឋាន​ផងដែរ​៕


 

Tag:
 និស្សិត​
 ​ភ្ជុំបិណ្ឌ​
 ​កាន់បិណ្ឌ​
 ​ដាក់​បិណ្ឌ​
 ​សៀមរាប​
 ​កំពង់ធំ​
 ​ព្រៃវែង​
 ​កំពត​
 ​តាកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com