ជាតិ
កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​អតីត​និស្សិត​អាស៊ាន​ដែល​បញ្ចប់​ការសិក្សា​នៅ​ជប៉ុន
11, Oct 2018 , 2:59 pm        
រូបភាព
លោក វុទ្ធី មុនីរ័ត្ន ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន
លោក វុទ្ធី មុនីរ័ត្ន ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន
​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ជួបជុំ​អតីត​និស្សិត​អាស៊ាន​(​អាស៊ាន​+​ជប៉ុន​) ដែល​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន ចំនួន​៣​ថ្ងៃ នៅ​ខេត្តសៀមរាប​។ កម្មវិធី​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨  ដែលមាន​និស្សិត​អាស៊ាន​ជាង​៣០០​នាក់​ចូលរួម​។​

 
​លោក វុទ្ធី មុនី​រ័ត្ន ប្រធាន​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន បាន​ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​មួយ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) ថា   «​កម្មវិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង រឹតចំណង​មេត្រីភាព​រវាង​ក្រុមប្រឹក្សា​អតីត​និស្សិត​អាស៊ាន​ដែល​សិក្សា​នៅ​ប្រទេស​ជប៉ុន តាមរយៈ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​»​។​
 

 
​លោក​បាន​បន្តថា ក្រុមប្រឹក្សា​អតីត​និស្សិត​អាស៊ាន​មកពី​ប្រទេស​ជប៉ុន​(Asean Council of Japan Alumni 24th Conference _ASCOJA) កម្មវិធី​នេះ ត្រូវបាន​សមាគម​អតីត​និស្សិត​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដែល​បានបញ្ចប់​ការសិក្សា​ពី​ប្រទេស​ជប៉ុន តែងតែ​ប្រារព្ធ​ឡើង​ក្នុងប្រទេស​របស់ខ្លួន​នីមួយៗ​។  ដោយឡែក​ឆ្នាំនេះ ជា​លើកដំបូង​សម្រាប់​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កម្មវិធី​មួយ​នេះ​ឡើង ចាប់តាំងពី​បង្កើត ASCOJA នៅ​ឆ្នាំ​១៩៧៧​មក​។​
 
​លោក វុទ្ធី មុនី​រ័ត្ន បាន​បញ្ជាក់ថា បច្ចុប្បន្ន​មាន​និស្សិត​ខ្មែរ ជាង​១២០០​នាក់ ដែល​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន តាមរយៈ​អាហារូបករណ៍​ពី​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ឲ្យ​៕ 
 

Tag:
 និស្សិត​
  អាស៊ាន​
  ជប៉ុន​
  ASCOJA
© រក្សាសិទ្ធិដោយ thmeythmey.com