ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
ព្រះ​តេជគុណ ថាច់ ហា​សំអាង មាន​សង្ឃដីកា​ពី​ភាពខុសគ្នា នៃ​ការរៀបចំ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​កម្ពុជា​ និង​កម្ពុជា​ក្រោម​
07, Oct 2018 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ពិធី​សាសនា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​គ្រប់ទិសទី ដើម្បី​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​។ ទោះជា​ប្រពៃណី​ទំនៀមទម្លាប់​បានកំណត់​ថា ភ្ជុំបិណ្ឌ​ត្រូវធ្វើឡើង​រយៈពេល​១៥​ថ្ងៃ​ក្ដី តែ​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេង​មិនបាន​ធ្វើ​ទៅតាម​ការកំណត់​ឡើយ​។ តួយ៉ាង​វត្ត​ខ្មែរ ដែល​ស្ថិតនៅ​ទឹកដី​កម្ពុជា​ក្រោម​មួយចំនួន​បាន​ប្រារព្ធ​ពិធី​បោះ​បាយបិណ្ឌ​តែ ៣​ថ្ងៃ  ទៅ​៧​ថ្ងៃ​តែប៉ុណ្ណោះ​។ មួយវិញទៀត​ថ្ងៃ​ភ្ជុំ​ធំ​នៅ​កម្ពុជា​ក្រោម ក៏មាន​លក្ខណៈ​ខុសប្លែក ពី​កម្ពុជា​កណ្ដាល​ច្រើន​ថែមទៀត​។​


 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​កម្ពុជា​កណ្ដាល មាន​លក្ខណៈ​ខុសប្លែកគ្នា​យ៉ាងណាខ្លះ​នោះ សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ​កញ្ញា ថា​ន រស្មី ដូចតទៅ​៖
​នេះ​ជា​បរាភវ​សូត្រ​ដែល​ព្រះសង្ឃ តែងតែ​សូត្រ​រៀងរាល់​ព្រឹក​ព្រលឹម នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​សញ្ញា​បញ្ជាក់ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​ចូលមក​ដល់​ហើយ​។ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​លោក អ្នកនាង បាន​ស្គាល់​ច្បាស់​ថា​ជា​ពិធី​ធ្វើបុណ្យ​ឧទ្ទិស​ដល់​បុព្វការី​ដែល​បាន​ចែក​ចាក​ឋាន​ទៅហើយ​។ ដោយមាន​កម្មវិធី​ដូចជា បោះ​បាយបិណ្ឌ រាប់បាត្រ ចំនួន​១៥​ថ្ងៃ និង​ពិធី​ភ្ជុំ​ធំ​នៅ​ថ្ងៃទី​១៥​ចុងក្រោយ​។ 

សូមស្តាប់សំឡេង៖



 
​បើទោះជា​មានកម្ម​វិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដូចគ្នា​ក្ដី ប៉ុន្តែ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​បងប្អូន​ពលរដ្ឋ​នៅ​កម្ពុជា​ក្រោម មាន​លក្ខណៈ​ខុសប្លែក​ពី​កម្ពុជា​កណ្ដាល​គួរ​ឲ្យ​កត់សម្គាល់​។ ទោះ​មិនបាន​ទៅដល់​កម្ពុជា​ក្រោម​ដោយផ្ទាល់ តែ​នាង​ខ្ញុំ​បាន​ជួប​សម្ភាស​ជាមួយ​ព្រះ​តេជគុណ ថាច់ ហា​សំអាង ដែលជា​ព្រះគ្រូ​ចៅអធិការ​វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​បង្ហាញ​ពី​ភាពខុសគ្នា​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ខ្មែរ​កម្ពុជា​ក្រោម​បានធ្វើ​។​
 
​ជាដំបូង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​កម្ពុជា​ក្រោម​ក៏មាន​រយៈពេល​១៥​ថ្ងៃ ដូច​នៅ​កម្ពុជា​កណ្ដាល​ដែរ​។ តែ​សម្រាប់​ពិធី​បោះ​បាយបិណ្ឌ​គឺ មិនបាន​ធ្វើ​ពេញ​១៥​ថ្ងៃ ដូច​វត្ត​អារាម​នៅ​កម្ពុជា​កណ្ដាល​ឡើយ ពោលគឺ​ពិធី​បោះ​បាយបិណ្ឌ​នៅ​កម្ពុជា​ក្រោម​សម្រាប់​វត្ត​ខ្លះ ធ្វើ​តែ​៣​ថ្ងៃ វត្ត​ខ្លះទៀត​ធ្វើ​តែ​៥ ទៅ​៧​ថ្ងៃ​ប៉ុណ្ណោះ​។ ការកាត់បន្ថយ​ថ្ងៃ​បោះ​បាយបិណ្ឌ​នេះ ក៏​ព្រោះតែ​ព្រះគ្រូ​ចៅអធិការ​វត្ត​នីមួយៗ មើលឃើញ​ពី​ភាពខ្វះខាត​របស់​ពលរ​ដ្ឋ​ខ្មែរ​កម្ពុជា ដែលជា​ពុទ្ធបរិស័ទ​។ ហើយ​នៅពេល​បោះ​បាយបិណ្ឌ​ម្ដងៗ គឺ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​តែងតែ យក​មុង យក​កន្ទេល និង​រៀបចំ​បាយបិណ្ឌ យកទៅ​សម្រាន្ត​នៅ​វត្ត​រង់ចាំ​វេលា​ទាបភ្លឺ ដើម្បី​បោះ​បាយបិណ្ឌ​ដល់​ពពួក​ប្រែ​ត​ដែល​បាន​ស្លាប់ទៅ ហើយ​មិនមាន​ញាតិមិត្ត​បងប្អូន​ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ​។ បើតាម​ព្រះ​តេជគុណ ថាច់​ហា​សំអាង បាយបិណ្ឌ​នៅ​កម្ពុជា​ក្រោម គឺ​មិនមាន​បោះ​ពាស​វា​ពាសកាល​នោះទេ ហើយ​បាយបិណ្ឌ​នោះ​ទៀតសោធ​ត្រូវបាន​ក្មេងៗ​រើស​យកទៅ​បរិភោគបាន​ទៀតផង​។​


 
​ព្រះ​តេជគុណ ថាច់ ហា​សំអាង បញ្ជាក់​៖ «​នៅ​កម្ពុជា​ក្រោម​ឲ្យ​តែ​រដូវ​បោះ​បាយបិណ្ឌ ញាតិ​ញោម​តែងតែ​មក​យក​មុង និង​បាយបិណ្ឌ មក​ចង​សម្រាក​នៅ​វត្ត​តែម្ដង​។ នៅ​កម្ពុជា​ក្រោម​ញាតិ​ញោម​យក​បាយបិណ្ឌ និង​ទៅ​ដាក់​នៅ​បល្ល័ង្ក​លោក ដើម្បី​ឲ្យ​យាយជី​ក្នុង​វត្ត​រៀបចំ​មួយ​ថាស់​ធំៗ​ទុក​សម្រាប់​ព្រះសង្ឃ​ឆាន់​ប្រមាណ​៦០​ភាគរយ​។ ហើយ​បាយបិណ្ឌ​នៅ​កម្ពុជា​ក្រោម គឺអាច​ក្មេងៗ​រើស​យកទៅ​ហូប​បាន ព្រោះ​គេ​មិន​ច្របាច់​ចូលគ្នា​ដូច​នៅ​កម្ពុជា​កណ្ដាល​ទេ​។ មិនតែប៉ុណ្ណោះ​នៅ​កម្ពុជា​ក្រោម​គេ មិន​បោះ​ទម្លាក់​ដី​ចោល​ទេ តែ​គេ​យកទៅដាក់​ឲ្យ​ត្រឹមត្រូវ​ទើប​ក្មេង​អាច​រើស​ហូប​បាន​»​។​
 
​ចំពោះ​ការមិន​បោះ​បាយបិណ្ឌ​ពាសវាល​ពាសកាល ឬ​មិន​បោះ​ក្រវែង​របស់​ពលរដ្ឋ​កម្ពុជា​ក្រោម ត្រូវបាន​ព្រះ​តេជគុណ​មកពី​ខេត្ត​ឃ្លាំង​ខាងលើ​បាន​ឲ្យ​ដឹងថា គឺ​ធ្វើ​ទៅតាម​ពុទ្ធ​វិន័យ ព្រោះ​ការធ្វើ​ទាន​ដោយ​បោះ​ក្រវែង​គឺ​មិនបាន​បុណ្យ​ឡើយ​។ ជាងនេះទៅទៀត​ការចែករំលែក​បាយបិណ្ឌ​ដល់​ទៅ​ព្រះសង្ឃ​សម្រាប់​ឆាន់ និង​សូត្រធម៌​វេ​ចង្ហាន់​នោះ គឺ​ត្រូវ​តាម​ពុទ្ធ​វិន័យ​ជាង​។​
 
​ព្រះ​តេជគុណ ថាច់ ហា​សំអាង បញ្ជាក់​៖ «​ទាន​ទាំងឡាយណា​ដែល​ឧទ្ទិស​ទៅដល់​ពពួក​ប្រេត​បាន​លុះត្រាតែ​ថ្វាយ​ទៅដល់​អ្នកមាន​សីល​មុន​សិន​។ ប្រគេន​ព្រះសង្ឃ​សិន ហើយ​សំណល់​ដែល​សេសសល់​សឹម​យកទៅ​បោះ ឲ្យ​ពពួក​ប្រេត​ទៅ​។ ការដាក់​នៅតាម​ជញ្ជាំង​វិហារ​ឬ នៅ​កន្លែង​ណាមួយ​វា​ល្អ​ជាង​ការបោះ​ពាល​វាល​ពាសកាល ហើយ​ការបោះ​បែបនេះ​អាច​បង្ករ​ជា​បញ្ហា​ឈ្លោះទាស់ទែង​គ្នា​ទៅវិញ​»​។​
 
​ក្រៅពី​ភាពខុសគ្នា​ក្នុង​ពិធី​បោះ​បាយបិណ្ឌ ពិធី​ភ្ជុំ​ធំ​នៅ​ថ្ងៃ​ចុងក្រោយ​ក៏មាន​លក្ខណៈ​ខុសគ្នា​ដែរ​។ ដោយនៅ​កម្ពុជា​ក្រោម ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​ភ្ជុំ​ធំ ពុទ្ធបរិស័ទ បានមក​និពន្ធ​ព្រះសង្ឃ​ទៅតាម​ផ្ទះ​តែម្ដង ដោយ​មិនមាន​អ្នក​មក​ធ្វើ​ពិធី​នៅ​វត្ត​ឡើយ​។ 


 
​ព្រះ​តេជគុណ ថាច់ ហា​សំអាង បញ្ជាក់​៖«​ចុងក្រោយ​បំផុត​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​កម្ពុជា​ក្រោម មិន​ដូច​នៅ​កម្ពុជា​កណ្ដាល​នោះទេ​។ ដោយ​ព្រះសង្ឃ​ត្រូវ​និពន្ធ​ទៅតាម​ផ្ទះ​ពុទ្ធបរិស័ទ ព្រោះ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជឿថា​ការ​សែន​នៅផ្ទះ​ដោយ​ខ្លួនឯង​គឺ​មិន​ដល់​ពល​បុព្វការី​ជន​ឡើយ​។ ដូច្នេះ​នៅ​ថ្ងៃ​ចុងក្រោយ​ព្រះសង្ឃ​មួយអង្គ​អាច​ទៅផ្ទះ​ពុទ្ធបរិស័ទ រហូត​ជាង​៥០​ឯណោះ​»​។​
 
​ក្រៅពីនេះ នៅ​រៀងរាល់​ពិធីបុណ្យ​សាសនា​ធំៗ​ម្ដង នៅ​កម្ពុជា​ក្រោម​តែងតែ​មានការ​រែ​អង្គាសប្រាក់​តាម​ក្រុម នៃ​ភូមិ​នីមួយៗ ដើម្បី​យក​បច្ច័យ​ទៅ​អភិវឌ្ឍន៍​វត្ត​។ ពិតណាស់​បើ​ទោះ​បច្ចុប្បន្ន​ព្រះ​តេជគុណ ថាច់ ហា​សំអាង បានមក​គ្រប់គ្រង​វត្ត​សាមគ្គី​រង្សី ឬ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​រាជធានី​ភ្នំពេញ​ក្ដី តែ​ព្រះ​តេជគុណ​បាន​ព្យាយាម​ថែរក្សា​ប្រពៃណី​ល្អៗ​យកមកអនុវត្ត​នៅក្នុង​វត្ត​របស់​ព្រះ​តេជគុណ​ផងដែរ​។ 
 
​តួយ៉ាង​ពិធី​បោះ​បាយបិណ្ឌ​នៅ​វត្ត​សាមគ្គី​រង្សី មិន​អនុ​ញ្ញ​ត​ឲ្យ​បោះ​ពាសវាល​ពាសកាល​ឡើយ​។ ពោល​ព្រះសង្ឃ​គង់នៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម​មួយ​នេះ បានរៀបចំ​ធុង​សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ ទម្លាក់​ចូល​ដើម្បី​ជាការ​ថែរក្សា​អនាម័យ និង​តម្លៃ​នៃ​អាហារ​៕
 

Tag:
 ភ្ជុំបិណ្ឌ​
 ​កម្ពុជា​ក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com