កិច្ចប្រជុំប្រចាំឆ្នាំលើកទី៧៣របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទធ្វើឲ្យអង្គការសហប្រជាជាតិផ្សារភ្ជាប់ជាមួយនឹងប្រជាជនទាំងអស់ ទើបតែបានបញ្ចប់ជាមួយនឹងការប្តេជ្ញាចិត្តថ្មីក្នុងការធ្វើឲ្យពិភពលោកកាន់តែល្អប្រសើរជាងមុន។ គួរឲ្យកត់សម្គាល់នោះ តាមរយៈវេទិកាអន្តរជាតិមួយនេះ មេដឹកនាំអាស៊ានមួយចំនួន ដែលមានវត្តមានផងដែរនោះ បានបង្ហាញពីការមិនមានជំហដូចគ្នាលើបញ្ហាក្នុងតំបន់របស់ខ្លួនឯងទៅវិញ។
នាឱកាសនៃការថ្លែងសុន្ទរកថាតំណាងប្រទេស ប្រទេសនីមួយៗ តែងតែលើកពីសមិទ្ធផលដែលសម្រេចបានក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងជាពិសេសនោះពីក្តីបារម្ភ និងបញ្ហាប្រឈមដែលប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ផងដែរ។ មិនខុសពីប្រទេសដទៃ មេដឹកនាំពីប្រទេសអាស៊ាន ក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដែលទើបតែបញ្ចប់នៅថ្ងៃ១តុលាកន្លងទៅ ក៏បានបង្ហាញជំហររបស់ខ្លួនផ្សេងៗគ្នា។
ព្រុយណេ រដ្ឋអ្នកមានដោយសារកត្តាអំណោយផលនៃភូមិសាស្ត្រ ដែលសម្បូរហូរហៀរដោយធនធានប្រេង មិនសូវជាមានយោបល់ច្រើនប៉ុន្មានឡើយ។ តាមរយៈរដ្ឋមន្ត្រីការបរទេស ព្រុយណេ ផ្តោតសំខាន់លើបញ្ហានៅប៉ាឡេស្ទីន និងការប្តេជ្ញាចិត្តក្នុងការចូលរួមសកម្មភាពឲ្យកាន់តែសកម្មក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក អាស៊ាន និងការអនុវត្តគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព។
ចំណែកកម្ពុជាវិញ បានលើកយកបញ្ហាសារសំខាន់នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បញ្ហាភេរវកម្ម និងសកម្មភាពបំពានរបស់មហាអំណាចមួយចំនួនដើម្បីទាញការចាប់អារម្មណ៍ពីសំណាក់អង្គប្រជុំ ខណៈប្តេជ្ញាលើកកម្ពស់ គោលការណ៍ពហុភាគីនិយម ក្នុងនិន្នាការរបស់ពិភពលោកនៃដំណាក់កាលសកលភាវូបនីយកម្ម។
រីឯឥណ្ឌូណេស៊ី ដែលពេលខ្លះ ត្រូវបានគេពណ៌នាថា បងធំអាស៊ាន បានសង្កត់ធ្ងន់លើការទទួលខុសត្រូវ និងភាពដឹកនាំរបស់មេដឹកនាំពិភពលោកលើបញ្ហា និងក្តីបារម្ភរួម ខណៈដែលពិភពលោក កំពុងតែរងការគំរាមគ្រប់រូបភាពទាំងផ្នែកពាណិជ្ជកម្ម និងសន្តិសុខជាពិសេសនោះលើបញ្ហាភេវកម្ម ដែលប៉ុន្មានខែចុងក្រោយនេះ ឥណ្ឌូណេស៊ី បានទទួលរងការវាយប្រហារម្តងហើយម្តងទៀតពីក្រុមភេរវជន។
បើនិយាយពីឡាវ ដែលជារដ្ឋអកុសលនឹងដែនសមុទ្ររបស់អាស៊ានវិញ បានឆ្លៀតឱកាសនៃវេទិកាកំពូលនោះដើម្បីថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ ដែលជួយឧបត្ថម្ភដល់ប្រជាជាតិឡាវ ដែលរងគ្រោះដោយសារតែគ្រោះមហន្តរាយនៃការបាក់ទំនប់វារីអគ្គិសនី។ អមជាមួយនឹងការប្តេជ្ញាចិត្តអនុវត្តគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព ឡាវ ក៏បានពន្លេចឲ្យពិភពលោកដកទណ្ឌកម្មគុយបា ដែលជាប្រទេសកុម្មុយនីស្តឯណោះវិញ។
សម្រាប់ហ្វីលីពីន និងថៃ ក៏ហាក់ដូចជាមិនសូវមានចំណាប់អារម្មណ៍ច្រើនប៉ុន្មានក្នុងវេទិកា ក្រៅពីការការពារគោលនយោបាយអនុវត្តក្នុងប្រទេសបច្ចុប្បន្ន និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ខណៈដែលវៀតណាម ផ្តោតសំខាន់ខ្លាំងលើការអនុវត្តច្បាប់សមុទ្រ (UNCLOS) ដែលជាលិខិតូបករណ៍សំខាន់បំផុតរបស់វៀតណាមក្នុងការជជែកជាមួយនឹងចិនក្នុងជម្លោះសមុទ្រចិនខាងត្បូងនោះ។
គួរឲ្យកត់សម្គាល់នោះ ក្នុងចំណោមប្រទេសអាស៊ានលើកលែងមីយ៉ាន់ម៉ាដែលជាប្រទេសសាមី សិង្ហបុរី និងម៉ាឡេស៊ី បែរជាឆ្លៀតឱកាសនោះ អូសទាញពិភពលោកឲ្យមកចាប់អារម្មណ៍បញ្ហានៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ា តាមរយៈសុន្ទរកថារបស់ខ្លួនទៅវិញ។ ការថ្លែងបង្កប់ការបន្ទោសពីអសមត្ថភាពរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នដឹកនាំដោយបក្សកាន់អំណាចរបស់លោកស្រី ស៊ូជី ពីប្រធានអាស៊ានសិង្ហបុរី និងម៉ាឡេស៊ី មិនខុសនោះទេ តែវា បានធ្វើឲ្យគ្រួសារអាស៊ាន មើលមុខគ្នាមិនចំ។
កន្លងមក អាស៊ាន តាមរយៈកិច្ចប្រជុំពាក់ព័ន្ធ និងការប្រជុំកំពូលរបស់ខ្លួន តែងតែមានការប្រុងប្រយ័ត្នបំផុត ក្នុងប្រើប្រាស់ភាសាទៅលើបញ្ហាជនភៀសខ្លួនរបស់មីយ៉ាន់ម៉ា ដ្បិត អាស៊ាន ប្រកាន់គោលជំហរ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកខ្លួន។ អាស៊ាន ដែលរួមមានសមាជិកដូចជា ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី វៀតណាម និងថៃ មិនដែលចេញសេចក្តីថ្លែងការណ៍ថ្កោលទោសមីយ៉ាន់ម៉ា ជុំវិញវិបត្តិជនភៀសខ្លួនឡើយ។
ចុងក្រោយមីយ៉ាន់ម៉ា ពិតប្រាកដណាស់ ថា មិនអាចមានអារម្មណ៍សុខស្រួលឡើយ នៅពេលមានទាំងមិត្តអាស៊ានរបស់ខ្លួនឯង លើកយកវិបត្តិទៅនិយាយក្នុងវេទិកាអន្តរជាតិបែបនេះ។ មីយ៉ាន់ម៉ា ក្រៅពីព្យាយាមបកស្រាយពីសាវតានៃបញ្ហា និងការប្តេជ្ញាចិត្តលើវិបត្តិរ៉ូហ៊ីងយ៉ា ក៏បានប្រកាសជាថ្មីពីការមិនទទួលយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលទើបតែចេញសេចក្តីសម្រេចមួយក្នុងការវាយតម្លៃបឋមលើស្ថានភាពមីយ៉ាន់ម៉ាពាក់ព័ន្ធនឹងវិបត្តិថាអាច ជាសញ្ញាណ នៃបទល្មើសប្រល័យពូជសាសន៍នោះ៕