ឈិន ខ្វាន់​ង៉ុ​យ លាឈប់​ពី​វិស័យ​ប្រដាល់ ក្រោយ​ប្រឡូក​បាន​៧​ឆ្នាំ​
កីឡាជាតិ
ជាតិ
ឈិន ខ្វាន់​ង៉ុ​យ លាឈប់​ពី​វិស័យ​ប្រដាល់ ក្រោយ​ប្រឡូក​បាន​៧​ឆ្នាំ​
10, Oct 2018 , 9:59 am        
រូបភាព
ឈិន ខ្វាន់ង៉ុយ
ឈិន ខ្វាន់ង៉ុយ
​កីឡាករ​ប្រដាល់​គុន​ខ្មែរ​របស់​ក្លិប​ម្កុដ​រាជសីហ៍ ឈិន ខ្វាន់​ង៉ុ​យ បាន​លាឈប់​ពី​វិស័យ​កីឡាប្រដាល់ ព្រោះ​មិន​ចង់​ឲ្យ​ប្រជាប្រិយភាព​ធ្លាក់ចុះ​កាន់តែខ្លាំង​។ កត្តា​អាយុ និង​ការ​ថមថយ​កម្លាំង​ត្រូវបាន ខ្វាន់​ង៉ុ​យ ចាត់ទុកជា​មូលហេតុ​នៃ​ការលាឈប់​នេះ​។ កីឡាករ​មកពី​ខេត្តបាត់ដំបង​រូបនេះ​បន្ថែមថា ការលាឈប់​របស់គេ អាច​ជះឥទ្ធិពល​មិនល្អ​ផងដែរ​ដល់​ជីវភាព​គ្រួសារ ខណៈ​បច្ចុប្បន្ន​រូបគេ​និង​ម្តាយ​កំពុងស្នាក់នៅ​ផ្ទះជួល​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ​។ ដោយសារ​កត្តា​ជីវភាព ខ្វាន់​ង៉ុ​យ ដែលមាន​ឪពុក​និង​ជីតា​ជា​អ្នក​ប្រដាល់​ផង​នោះ បាន​ចូលប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នៅ​ចុងឆ្នាំ​២០១១​។​


 
​ក្រោយ​មើលឃើញ​ពី​សមត្ថភាព​វាយ​ធ្លាក់ចុះ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ កីឡាករ ឈិន ខ្វាន់​ង៉ុ​យ វ័យ​៣៣​ឆ្នាំ បានសម្រេច​លាឈប់​ពី​វិស័យ​កីឡាប្រដាល់ មក​ធ្វើជា​អ្នកមើលការខុសត្រូវ​សម្ភារ និង​យានយន្ត​នៅ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​សមាគម​កីឡា​ក្រសួងមហាផ្ទៃ​។ ម្យ៉ាង​រូបគេ​ចង់​រក្សា​ប្រជាប្រិយភាព ព្រោះ​បើ​គេ​នៅតែ​បន្ត នឹងធ្វើ​ឲ្យ​ប្រជាប្រិយភាព និង​កេ​រិ៍​ឈ្មោះ​របស់​ធ្លាក់ចុះ​កាន់តែខ្លាំង​ថែមទៀត​។   


 
«​ខ្ញុំ​លាឈប់​ពី​វិស័យ​ប្រដាល់​ដោយសារ​កម្លាំង​ធ្លាក់ចុះ និង​អាយុ​កាន់តែច្រើន​។ ម្យ៉ាងទៀត​សុខភាព​ខ្ញុំ​បច្ចុប្បន្ន​មិនល្អ​ដូច​មុន​នោះទេ តាំងពី​ខ្ញុំ​មាន​បញ្ហា​របួស​ថ្លើម​»​។ នេះ​ជាការ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការលាឈប់ និង​ធ្វើ​ឲ្យ​សមត្ថភាព​ធ្លាក់ចុះ​របស់ ឈិន ខ្វាន់​ង៉ុ​យ ហើយ​បាន​បន្ថែមថា ការមិន​គោរព​ពេលវេលា និង​ខិតខំ​ហ្វឹកហាត់ ក៏​ជា​មូលហេតុ​ផងដែរ ដែល​នាំ​ឲ្យ​សមត្ថភាព​ធ្លាក់ចុះ​។​
 
​កីឡាករ​មកពី​ខេត្តបាត់ដំបង ដែល​តែងតែ​យក​ថវិកា​បាន​ពី​ការឡើង​សង្វៀន​ជួយ​ម្តាយ​រូបនេះ​បន្តថា ពេល​ប្រកួត​លក្ខណ​គូ​ជាតិ​ម្តងៗ គេ​តែង​យក​ថវិកា​តម្លៃ​ខ្លួន​ពី​១០​ទៅ​២០​ម៉ឺន​រៀល និង​ពី​៨០​ទៅ​១០០​ដុល្លារ​សម្រាប់​គូ​អន្តរជាតិ​ជូន​ម្តាយ ដើម្បី​ជួយ​សម្រួល​ការចំណាយ​លើ​អាហារ និង​ថ្លៃ​ផ្ទះជួល​។ ខ្វាន់​ង៉ុ​យ យល់ថា ការលាឈប់​របស់គេ​អាចធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ផងដែរ ដល់​ជីវភាព​គ្រួសារ​។​
 
​ស្ថិតក្នុង​សម្លៀកបំពាក់​កីឡា​អង្គុយចាំ​ចាក់សោ​ច្រវា​ក់បាំង​ម៉ូតូ​ចេញចូល​នៅ​ទីលានកីឡា​សូ​ហ្វ​តិ​ន្នី​ស កីឡាករ​វ័យ​៣៣​ឆ្នាំ​ខាងលើ​បាន​រៀបរាប់​ដោយ​ទឹកមុខ​ស្ងួត​យ៉ាង​ដូច្នេះ​ថា​៖«​បញ្ហា​ចេះតែមាន​ហើយ​បង ព្រោះ​កាល​ខ្ញុំ​នៅ​ឡើង​សង្វៀន​ប្រកួត ខ្ញុំ​មាន​លុយ​ជួយ​ផ្គត់ផ្គង់​ម៉ាក់​ខ្ញុំ ក្មួយ​ខ្ញុំ នៅពេល​ខ្ញុំ​លាឈប់ គឺ​គ្មាន​ថវិកា​ជួយ​ផ្គត់ផ្គង់​គាត់​ដូច​មុន​នោះទេ​។ តែ​នៅពេល​មេ​ធំ​(​ឯកឧត្តម ជា ប៊ុនហេង​)​យក​ខ្ញុំ​ឲ្យ​មក​ធ្វើការ​ជាមួយ គាត់​បាន​ឲ្យ​លុយ​ខ្ញុំ​ចាយ​តិចតួច​អ៊ីចឹងទៅ ខ្ញុំ​ក៏បាន​យកលុយ​តិចតួច​ពី​៤​ទៅ​១០​ម៉ឺន​រៀល ជូន​ម្តាយ​ខ្ញុំ​រៀងរាល់ខែ​។ ប៉ុន្តែ​នៅពេល​ខ្ញុំ​ឡើង​វាយ​បាន​ច្រើនជាង​នេះ​»​។​
 
​កីឡាករ ឈិន ខ្វាន់​ង៉ុ​យ មាន​ស្រុកកំណើត​នៅ​ភូមិ​ចំការ​ឬ​ស្សី ឃុំ​ព្រែក​ព្រះស្តេច ស្រុក​បាត់ដំបង ខេត្តបាត់ដំបង​។ កីឡាករ​ដែល​បានបញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៧​នៃ​អនុវិទ្យាល័យ​នេ​ត​យ៉ង់​ខេត្តបាត់ដំបង​រូបនេះ បាន​ចាក​ចេញពី​ស្រុកកំណើត​មក​រស់នៅ​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០០៦ ក្រោយ​ឪពុកម្តាយ​របស់គេ​លក់​ផ្ទះ​នៅ​បាត់ដំបង​។ 
 
​កូន​ទី​៤​ក្នុង​គ្រួសារ​មាន​បងប្អូន​៨​នាក់​រូបនេះ​បាន​រៀបរាប់​ទៀតថា ដោយសារ​កម្រិតវប្បធម៌​ទាប និង​កត្តា​ជីវភាព​លំបាក​យ៉ាប់យ៉ឺន​រូបគេ​បាន​ចូលធ្វើការ​សំណង់ ដើម្បី​រក​ថវិកា​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ក្រោយ​ធ្វើការ​បាន​២​ឆ្នាំ បន្ទាប់មក​គេ​បាន​ផ្លាស់​ទៅធ្វើជា​សន្តិសុខ​ជាមួយ​ក្រុមហ៊ុន​មួយ​នៅ​រាជធានី​ភ្នំពេញ​។ តែ​ក្រោយ​ធ្វើការ​បាន​១​ឆ្នាំ​៦​ខែ ក៏​ផ្លាស់​ទៅធ្វើជា​ជាងដេ​គ័​រ និង​ធ្វើជា​អ្នក​ចាំ​ឃ្លាំង​ឲ្យ​ក្រុមហ៊ុន​ដេ​គ័​រ​នោះ មុន​ទៅធ្វើជា​អ្នក​ប្រដាល់​នៅ​ចុងឆ្នាំ​២០១១​។​
 
​ការចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​របស់ ខ្វាន់​ង៉ុ​យ គឺ​ដោយមាន​ការជំរុញ​ពី​ឪពុក គឺ​លោក ឈិន ខ្វាន់​ចៃ​, ជីតា​លោក ឈិន ខ្វាន់ និង​លោក ឈិន ខ្វាន់​សាយ ត្រូវជា​ឪពុកមា​។ ព្រោះ​ពួកគេ ចង់​ឲ្យ​មានកូន ចៅ ឬ​ក្មួយ​ម្នាក់​ធ្វើជា​អ្នក​ប្រដាល់ ដើម្បី​ស្នង​តំណែង​មួយ​នេះ​។ ប៉ុន្តែ​ក្តី​ស្រមៃ​នេះ​ប្រហែលជា​មិនអាច​ទៅរួច​នោះទេ ព្រោះ ខ្វាន់​ង៉ុ​យ ដែល​បានប្រកាស​លាឈប់​ពី​អាជីព​នេះ មិនមាន​បំណង​ចង់​ធ្វើការ​ផ្នែក​នេះឡើយ​។   
 
​ក្រោយ​ចូល​ហ្វឹកហាត់​បាន​កន្លះ​ខែ ឈិន ខ្វាន់​ង៉ុ​យ ត្រូវបាន​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ផ្តល់ឱកាស​ឲ្យ​ឡើង​សង្វៀន​ប្រកួត​ជា​លើកដំបូង​ក្នុងអំឡុង​ឆ្នាំ​២០១១ ដោយ​កាល​នោះគេ​បាន​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​។ ចាប់ពីពេលនោះ​មក​រូប​គេ ក៏​ទទួលបាន​ឱកាស​ឡើង​សង្វៀន​ប្រកួត​ជា​បន្តបន្ទាប់ រហូត​ទទួលបាន​ភាពល្បីល្បាញ​ក្នុងអំឡុង​ឆ្នាំ​២០១៣, ២០១៤ និង​ដើមឆ្នាំ​២០១៥​។ 


 
​ប៉ុន្តែ​ចាប់ពីពេលនោះ​មក រូបគេ​ហាក់​ធ្លាក់​ប្រជាប្រិយភាព​បន្តិច​ម្តងៗ ដោយសារ​កត្តា​កម្លាំង និង​ការហ្វឹកហាត់​មិនបាន​ទៀត​ទាត់​។ ខ្វាន់​ង៉ុ​យ បានកត់សម្គាល់​ឃើញថា រូបគេ​បាន​ធ្លាក់ចុះ​ខ្លាំង​ក្នុងអំឡុង​ឆ្នាំ​២០១៦, ២០១៧ និង​ដើមឆ្នាំ​២០១៨ ដែលជា​ហេតុ​ធ្វើ​ឲ្យ​រូបគេ​សម្រេច​លាឈប់​ពី​វិស័យ​មួយ​នេះ​។ 
 
​ក្រោយ​ប្រឡូក​អស់​រយៈពេល​ជិត​៨​ឆ្នាំ​កន្លងមកនេះ កីឡាករ ឈិន ក្វាន់​ង៉ុ​យ ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ពីរលើក ដោយ​លើក​ទី​១​នៅ​ឆ្នាំ​២០១៣ ក្នុង​កម្មវិធី​ជើងឯក​ស៊ីម៉ងត៍​ភ្នំ​របស់​ស្ថានីយទូរទស្សន៍​បាយ័ន និង​លើក​ទី​២​នៅ​ឆ្នាំ​២០១៤ ក្នុង​កម្មវិធី​ជើងឯក​ស្រា​បៀរ Black Painter ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ ក្វាន់​ង៉ុ​យ ធ្លាប់​ប្រកួត​អន្តរជាតិ​ជាង​៣០​លើក ហើយ​បាន​យកឈ្នះ​គូប្រកួត​ប្រហែល​៣០​ដង ដែល​ភាគច្រើន​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​៕        
 

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  ឈិន ខ្វាន់​ង៉ុ​យ​
© រក្សាសិទ្ធិដោយ thmeythmey.com